ខេត្តកោះកុង ៖ រដ្ឋបាលខេត្តកោះកុង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង នឹងរៀបចំព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា។ ព្រឹត្តិការណ៍នេះ នឹងរៀបចំនៅ ៤ទីតាំង សំខាន់ៗ រួមមាន ទីតាំងមុខសាលាខេត្តថ្មី, មុខសាលាខេត្តចាស់, ឆ្នេរសមុទ្របាក់ខ្លង និងទីតាំងសហគមន៍ទេសចរណ៍ពាមក្រសោប។
ព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» ជាព្រឹត្តិការណ៍លើកដំបូង នៅក្នុងខេត្តកោះកុង ដែលរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងទឹកដីខេត្តកោះកុង និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុងនេះផ្ទាល់។ ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីជាច្រើន រួមមានកម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយ ការតាំងពិព័រណ៍ផលិតផលរបស់ពលរដ្ឋតាមស្រុកនានា ជាពិសេសការប្រគំតន្ត្រីផងដែរ។
«កោះកុងសង្ក្រាន្ត» នឹងមាននៅទីតាំងចំនួន ៤សំខាន់ៗ គឺទីតាំងមុខសាលាខេត្តថ្មី, មុខសាលាខេត្តចាស់, ឆ្នេរសមុទ្របាក់ខ្លង និងទីតាំងសហគមន៍ទេសចរណ៍ពាមក្រសោប។ នេះបើតាមលោក សៀង កក្កដា ប្រធានលេខាធិការដ្ឋាន ស.ស.យ. ក ខេត្តកោះកុង។
លោក សៀង កក្កដា ប្រធានលេខាធិការដ្ឋាន ស.ស.យ. ក ខេត្តកោះកុង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» រៀបចំដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ដែលរៀបចំនៅទីតាំង ៤ផ្សេងគ្នា។ ប្រធានលេខាធិការដ្ឋាន ស.ស.យ. ក ខេត្តកោះកុងរូបនេះ បន្តថា គ្រប់ទីតាំងនីមួយៗនៃព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីកម្សាន្តជាច្រើន ដើម្បីបង្កភាពសប្បាយរីករាយដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាំង ពិសេសទីតាំងនីមួយៗជាតំបន់សក្ដានុពលទេសចរណ៍របស់ខេត្តផងដែរ។
លោក សៀង កក្កដា លើកឡើងថា ព្រឹត្តិការណ៍នេះ នឹងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ខេត្តកោះកុង ជាពិសេសក្នុងព្រឹត្តិការណ៍នេះ ក៏ផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងនាំចំណូលសេដ្ឋកិច្ចដល់ខេត្តកោះកុងផងដែរ។
ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក ខេត្តកោះកុងរូបនេះ សង្ឃឹមថា ព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» នឹងមានភ្ញៀវទេសចរមកកម្សាន្តច្រើន ទាំងប្រជាពលរដ្ឋក្នុងខេត្ត និងតាមបណ្ដាខេត្តផ្សេងៗ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ រដ្ឋបាលខេត្ត និងស.ស.យ.ក. បានត្រៀមកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីការពារសន្តិសុខផងដែរ៕