រកឃើញផ្នូរបុរាណសវត្សទី១សម័យហ្វូនណនក្នុងខេត្ដព្រៃវែង

0
888

 

Found a first-century tomb of Funan in Prey Veng province

 

ព្រៃវែងៈ ផ្នូរបុរាណ ដែលអ្នកបុរាណវិទូសន្និដ្ឋានថា គឺចាប់ពីសតវត្ស ទី១ ដល់សតវត្ស ទី៥ ក្នុងសម័យហ្វូណន ត្រូវបានរកឃើញនៅស្ថានីយអង្គក្តី ស្ថិតនៅក្នុងភូមិត្នោតទ្រេត សង្កាត់តាកោ ត្រង់ចំណុចផ្លូវវាងក្រុងព្រៃវែង។

លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ការធ្វើកំណាយសង្គ្រោះដោយក្រុមបុរាណវិទូ បានរកឃើញផ្នូរសាកសពចំនួន៦ ក្នុងនោះផ្នូរសាកសពចំនួន៥ នៅស្រទាប់ដីខាងលើ ដោយឡែកផ្នូរសាកសពមួយទៀត គឺក្នុងស្រទាប់ដី ដែលមានជម្រៅ ២ម៉ែត្រ ៣តឹក ព្រមទាំងរកឃើញឧបករណ៍ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដែលកប់ទៅជាមួយសាកសពទាំងនោះ។  ដូច្នេះគេអាចសន្និដ្ឋានជំហានដំបូងថា ទីតាំងខាងលើមានមនុស្សរស់នៅចាប់ពីសតវត្សទី១ ដល់សតវត្សទី៥ មកម្ល៉េះ។

លោកបានបន្ថែមថា ការធ្វើកំណាយលើកនេះ ពិតជាពិសេសណាស់ ព្រោះយើងមិនចង់ឲ្យផ្នូរសាកសព ដែលជាសមុច្ច័យប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ស្ថិតនៅក្រោមការដ្ឋានធ្វើផ្លូវនោះទេ។ ដូច្នេះក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបានអរគុណដល់ភាគីក្រុមហ៊ុនចិន ដែលបានគាំទ្រ ក្នុងគម្រោងស្រាវជ្រាវមួយនេះ ដើម្បីរកមូលដ្ឋានគ្រឹះ នៃវប្បធម៌សម័យហ្វូណន។

រាល់សមុច្ច័យ ដែលបានពីការធ្វើកំណាយសង្គ្រោះទាំងអស់ នឹងត្រូវយកទៅដាក់តាំងនៅក្នុងសារមនី្ទរខេត្តព្រៃវែង។

លោក វឿន វុទី្ធ បានឱ្យដឹងទៀតថា ការធ្វើកំណាយ គឺប្រើកម្លាំងមនុស្សសុទ្ធសាធ ដោយអ្នកស្រាវជ្រាវខ្លាចប៉ះពាល់ដល់បំណែកសាកសព ដែលបានកប់នៅទីនេះ និងខ្លាចប៉ះអំបែងកុលាលភាជន៍ (អំបែងក្អម ឆ្នាំង) ព្រោះថា អំបែងក្អមឆ្នាំងនោះ វាបានបញ្ជាក់នូវសម័យកាលនីមួយៗ។

ដូច្នេះរាល់បំណែក ដែលប្រមែប្រមូលនឹងត្រូវយកមកថែរក្សាទុកជាទ្រព្យសម្បត្តិជាតិ និងទុកបង្ហាញកូនចៅជំនាន់ក្រោយ ឲ្យបានយល់ដឹង និងបានស្គាល់ ព្រោះសម្ភារទាំងអស់នោះ គឺសម្គាល់នូវដួងព្រលឹង អត្តសញ្ញាណរបស់ជាតិខ្មែរ ដែលកូនខ្មែរគ្រប់រូប គ្រប់ជំនាន់ត្រូវស្គាល់ និងចូលរួមថែរក្សាការពារឲ្យបានគត់មុត៕