ស្បែកជើងកង់ឡាន​សម្រាប់​តែ​មន្ត្រីជាន់​ខ្ពស់កាលជាង​៤០​ឆ្នាំ​មុន កំពុង​ចរាចរលក់​តាម​ដង​ផ្លូវនៅ​ភ្នំពេញ​​

0
946

រាជធានីភ្នំពេញ៖ ស្បែក​ជើង​ផលិត​ក្នុងស្រុក​ដែល​ពល​រដ្ឋ​ខ្មែរ​នៅ​ចុងទសវត្សរ៍​ឆ្នាំ​១៩៧០​មិន​សូវ​មាន​ពាក់​​ នៅ​តែ​មានជីវិត​នៅ​ឡើយរហូត​មក​ដល់ពេល​នេះ។ ស្បែក​ជើង​ធ្វើពី​សម្បក និង​ពោះវៀន​រថយន្ត​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រ​ហម​ពី​ឆ្នាំ១៩៧៥ ដល់​ដើម​ឆ្នាំ​១៩៧៩ មិនមែន​ពល​រដ្ឋ​ខ្មែរ​គ្រប់គ្នា​មាន​ពាក់​នោះទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​លក់​ស្បែង​ជើង​កង់ឡាន​វ័យ​៨៥​ឆ្នាំ​។

លោក សំរិទ្ធ អ៊ុន ប្រ​កប​របរ​លក់​ស្បែកជើង​កង់ឡាន​តាំងពី​ដើម​ទសវត្សរ៍​១៩៩០។ ដំបូង​ឡើយ​លោក​បាន​រៀន​ផលិត​ស្បែកជើង​ប្រ​ភេទ​នេះ​ពី​អ្នក​ផលិត​ម្នាក់​នៅ​ខេត្ត​បាត់​ដំបង។ ក្រោយពី​រៀន​ចេះ ស្រប​ពេល​ដែល​កម្ពុជា​មាន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ លោក​ក៏បាន​មក​បោះ​ឆ្នោត​និង​រស់​នៅ​ខេត្ត​តាកែវ ជា​ស្រុក​កំណើត​វិញ។

សម្រាប់​ស្បែក​ជើង​មួយ​គូ​មាន​តម្លៃ​ចន្លោះពី​១២ ០០០ រៀល ទៅ​២០ ០០០​រៀល អាស្រ័យ​លើ​ម៉ូត និង​កម្រាស់​ស្បែក​ជើង។ អ្នក​លក់​ស្បែក​ជើង​ដដែល​ឲ្យ​ដឹង​ ស្បែក​ជើង​របស់​លោក​លក់​មិន​សូវ​ដាច់​ប៉ុន្មាន​ទេ​នាពេល​បច្ចុប្បន្ន​បើប្រៀបធៀប​ទៅ​នឹង​ការ​ចាប់​ផ្តើម​លក់​ដំបូងៗ។

លោក​បន្ថែមថាៈ «មិន​សូវ​មាន​អ្នកទិញ​ទេ​អូន​ឥឡូវ ជួល​កាល​មួយ​ថ្ងៃ​បាន​តែ មួយ​សម្រាប់​ឥហ្នឹង អានេះ​វា​ហេង​ស៊យ​ទេ​អូន ដើរ​លក់មិន​ទៀងទាត់…​ខ្ញុំ​ចាស់​ហើយ​មិន​ដឹង​រក​ស៊ី​អី ចេះតែរកស៊ី​អាហ្នឹង​ទៅ…បើ​និយាយពី​រកស៊ីដំបូង​វិញ​អូន​អើយ​លក់​ដាច់ណាស់​ស្បែកជើង​កង់ឡាន​ហ្នឹង»។

លោក​រំលឹក​ថា​ក្នុង​របប​ខ្មែរ​ក្រហម​លោក​មិន​មាន​ស្បែកជើង​ប្រភេទនេះ​ពាក់​នោះទេ ហើយ​អ្នក​ដែល​អាច​មាន​ស្បែក​ជើងកង់​ឡាន​នេះ​ពាក់​ ​ភាគច្រើនជា​កម្មាភិបាល​របស់​ខ្មែរ​ក្រហម។

លោក​បន្តថាៈ «កាលសម័យ​ខ្មែរ​ក្រហម​មាន​តែ​ក្រវាត់​កែង គ្មាន​អ្នកណា​ចេះធ្វើ​ម៉ូត​ទេ…​ខ្ញុំ​អត់​មាន​ពាក់​ទេ…អ្នក​ពាក់​ភាគច្រើនជា​អ្នក​កម្មាភិបាល​អូន…បើ​ធៀប​មក​ឥឡូវ​ខ្ទង់​ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត​នោះ សុទ្ធតែអ្នក​ចេះ តែសម្លាប់​មនុស្ស…​ពលរដ្ឋធ្មតា​មិន​ងាយមានពាក់ទេ យើងគេប្រើ​ឲ្យ​កាប់ព្រៃ កាប់​ដី»។​

​​​​​​​​លោក សំរិទ្ធ អ៊ុន យក​ស្បែក​ជើង​ពី​ស្រុក​ត្រាំ​កក់ ខេត្តតាកែវ ដោយមាន​អ្នក​ផលិត​សម្រាប់​ឲ្យ​លោក​លើក​មក​លក់​បន្ត។ លោក​​ដឹក​ស្បែកជើង​តាម​កង់​លក់​ក្នុងទីក្រុង​ភ្នំពេញ និង​ទៅ​ដល់​ខេត្ត​កំពង់​ស្ពឺ​ ហើយ​ប្រហែល​ជា​១០​ថ្ងៃ​ម្តង​លោក​លើក​មក​លក់​ម្តង​ទៀត​៕ ប្រភព : sabay

សូម​ subscribe Channel Youtube របស់​ cambotripnews ​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

Link: https://www.youtube.com/channel/UCtT3dOrH3sRJnGT8nXUwJXw