ឆ្នាំ​នេះ​​មនុស្ស​ប្រមាណ​១៤០០០នាក់ បានចូលរួមពិព័រណ៍​ម្ហូប​អាហារ​ “ស្លាបព្រា”​

0
761

មនុស្ស​ប្រមាណ​១៤០០០នាក់ ដែល​រួម​ទាំង​បរទេស​ផង​នោះ​បាន​សម្រុក​ទៅ​ចូលរួម​ពិព័រណ៍​អាហារ​លើក​ទី២​”ស្លាបព្រា ២០១៨​”​ រយៈ​ពេល​២ថ្ងៃ​ កាល​ពី​ថ្ងៃ​ទី ៥ និង ៦​ឧសភា​កន្លង​ទៅ​នេះ ដែល​ធ្វើ​នៅ​កុង​តឺន័រ​ ២០៤០។

ពិព័រណ៍​អាហារ​ស្លាប​ព្រា​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​​ពិព័រណ៍​អាហារ​ធំ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ពិសេស​សម្រាប់​ឆ្នាំនេះ ​ក្រៅ​ពី​មាន​ម្ហូប​ឆ្ងាញ់​ៗចម្រុះ​ដល់​ទៅ​ជាង ២០០មុខ ក៏​មាន​កម្មវិធី​​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន​ដែល​អ្នក​ចូល​រួម​អាច​ចូល​រួម​លេង​កម្សាន្ត​បាន​ដូច​ជា ល្បែង​ប្រពៃណី​ខ្មែរ ការ​ឆ្លើយ​សំនួរ​ងាយ​ៗ​ដើម្បី​ទទួល​បាន​រង្វាន់ ការ​ប្រកួត​ញុំា​អាហារ និង ការ​សម្ដែង​ក្បាច់​គុន​ល្បុក្កតោ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ គឺ​ការ​ពិភាក្សា​តុ​មូល​ស្ដី​ពី​វិស័យ​ម្ហូប​អាហារ​នៅ​កម្ពុជា​ដែល​មាន​​វាគ្មិន​ចូលរួម​ចែក​រំលែក​បទ​ពិសោធន៍​​ ៤​រូប​ គឺ​អ្នក​ស្រី Tauch Soubota មក​ពី​ហាង Pelican លោក Joshua Jones មក​ពី​ហាង 3 corner coffees  អ្នក​នាង Sambo NOV មក​ពី​ហាង Thailas និង លោក Jo Jo មក​ពី​ក្រុមហ៊ុន Wing។

លោក​ ជី នាយក​ក្រុមហ៊ុន​ The Idea​ និង​ជា​អ្នក​ដឹក​នាំ​ក្រុម​គមនាគមន៍​អ្នក​ស្ម័គ្រ​ចិត្ត​រៀប​ចំ​កម្មវិធី​ពិព័រណ៍​នេះ​​​បាន​ឲ្យដឹង​ថា​៖ «ខ្ញុំ​ពិត​ជា​រំភើប​ និង​អរគុណ​យ៉ាង​ខ្លាំង​​សម្រាប់​ការ​ចូល​រួម​គាំ​ទ្រ​​កម្មវិធី​យើង​ឲ្យ​លេច​ចេញ​ជា​រូបរាង និង​ដំណើរ​ការ​បាន​យ៉ាង​រលូន។ ​នេះ​​ជា​កម្លាំង​ចិត្ត​មួយ​ឲ្យ​យើង​បន្ត​រៀប​ចំ​កម្មវិធី​នេះ​កាន់​តែ​ល្អ​ប្រសើរ​នៅ​លើក​ក្រោយ​ទៀត​។ ខ្ញុំ​សង្ឃឹម​ថា​កម្មវិធី​នេះ​ក្រៅ​ពី​ឲ្យ​អ្នក​ចូលរួម​បាន​ស្គាល់​នូវ​ម្ហូប​អាហារ​ជាច្រើន​ដែល​មាន​នៅ​ប្រទេស​យើង ពួក​គេ​ក៏​កាន់​តែ​យល់​ដឹង​ពី​ការ​គ្រប់​គ្រង​កាកសំណល់​ក្រោយ​បរិភោគ​រួច​​»។

​ឯកឧត្ដម សូ វិសុទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ក៏​បាន​លើក​ឡើង​ដែរ​ថា៖ «​កម្មវិធី​នេះ​​មិន​ត្រឹម​តែ​​បាន​លើក​តម្កើង​អាហារ​ជាតិ ថែម​ទាំង​បាន​ជួយ​ជា​ចំណូល​ថវិកា​ជាតិ​លើ​វិស័យ​ទេសចរណ៍​ទៀត​ផង​ ពិសេស​គឺ​ជួយ​​ជំរុញ​គោលការណ៍​រដ្ឋាភិបាល “ទី​ក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ” និង​ផ្ដល់​ឱកាស​ដល់​អ្នក​ស្ម័គ្រចិត្ត​អាច​ចូល​រួម​ជួយ​សង្គម​​យើង ​និង​ទទួល​បាន​បទ​ពិសោធន៍​ការងារ​ល្អ​ៗ​»៕​