បាត់តំបង៖ ប្រជាពលរដ្ឋមួយក្រុម រួមគ្នាចងក្រងសហគមន៍នេសាទ ដើម្បីអភិរក្សត្រី ដោយបានជ្រើសយកបឹងមួយកន្លែង នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ធ្វើការអភិរក្ស។ អ្នកភូមិបានចំណាយពេលជាង ១០ឆ្នាំ ធ្វើឱ្យសហគមន៍របស់ពួកគាត់ ទទួលបានជោគជ័យ ហើយមានឈ្មោះល្បីជាងគេក្នុងខេត្តបាត់ដំបង ដោយសារកំណើនត្រីបានកើនឡើងជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០១៩នេះ ធនធានមច្ឆាជាតិសំបូរជាងឆ្នាំមុនៗ។
តើសហគមន៍មួយនេះមានរបៀបធ្វើការយ៉ាងណាទើបពួកគាត់ទទួលជោគជ័យដូច្នេះ?
ប្រជាសហគមន៍នេសាទ នៅស្រុកឯកភ្នំ លើកឡើងថា បញ្ហាសំខាន់ដំបូង គឺពួកគាត់យល់អំពីសារៈសំខាន់ នៃធនធានមច្ឆាជាតិ ដែលជួយឱ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះ អាចរកប្រាក់ចំណូល ពីរបរធ្វើនេសាទត្រី ដើម្បីដោះស្រាយជីវភាពគ្រួសារបាន។ ម្ល៉ោះហើយ បានជាពួកគាត់លះបង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលា ដោយមិនគិតការនឿយហាត់ ថែរក្សាបឹងអភិរក្សនេះ។
ប្រធានសហគមន៍នេសាទស្ដីក្រោមរហាលសួង លោក ភី ហឿន រៀបរាប់ឱ្យដឹងថា ពួកគាត់ឃើញចំនួនត្រី នៅតំបន់បឹងទន្លេសាប ចេះតែថយចុះជារៀងរាល់ឆ្នាំ ហើយប៉ះពាល់ដល់របរធ្វើនេសាទត្រី របស់ប្រជាពលរដ្ឋរស់នៅស្រុកឯកភ្នំ ដែលធ្វើឱ្យពួកគាត់ មិនអាចរកប្រាក់ចំណូលដោះស្រាយជីវភាពបាន។ លោកបន្តថា ដោយការព្រួយបារម្ភខ្លាចបាត់បង់ពូជត្រី អស់ពីតំបន់បឹងទន្លេសាបផង និងខ្លាចប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដល់ជីវភាពរបស់ពលរដ្ឋរស់នៅតំបន់នោះផង ទើបពួកគាត់បានប្រមូលគ្នាចងក្រង ធ្វើជាសហគមន៍នេសាទ នៅឆ្នាំ២០០៣ ដោយជ្រើសយកបឹងរាំងពេន៣ត ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ធ្វើជាចំណុចគោលដៅ ព្រោះមានទីតាំង នៅជាប់ព្រៃលិចទឹក ដែលងាយស្រួល ក្នុងការទាក់ទាញត្រីគ្រប់ប្រភេទ អាចមករស់នៅទីនោះបាន។ លោកថា បឹងនេះដំបូងឡើយមានផ្ទៃទឹក មិនដល់កន្លះហិកតារនោះទេ ហើយទឹកក៏រាក់ទៀត ដូច្នេះមិនសូវមានត្រីរស់នៅនោះទេ។ ក្រោយមកពួកគាត់ក៏បានផ្សព្វផ្សាយរកជំនួយ ទៅអង្គការសង្គមស៊ីវិល និងអ្នកដែលស្រលាញ់ធនធានធម្មជាតិ យកមកស្ដារបឹងនេះបន្តិចម្ដងៗ។ រហូតមកទល់សព្វថ្ងៃនេះ បឹងនេះមានផ្ទៃទឹកជិត ២ហិកតារ និងមានជម្រៅប្រមាណ៣ម៉ែត្រ៖ «យើងស្ដារបឹងជម្រៅប៉ុណ្ណាត្រីក៏កើនឡើងទៅតាមទំហំនោះដែរ ហើយទឹកខែវស្សាឡើងវាលិចទទួលទឹកបានធម្មតា តូចក៏ប៉ុណ្ណឹងធំក៏ប៉ុណ្ណឹង ដោយសារនៅទីនោះវាជាព្រៃលិចទឹក ដូច្នេះទឹកក្នុងដែនអភិរក្សអំឡុងខែនេះទឹកល្អ មិនមានធ្វើឱ្យត្រីពុលអីអត់ទេ»។
ប្រធានសហគមន៍រូបនេះ បន្ថែមទៀតថា ពួកគាត់មានសមាជិកជាង១០នាក់ ដោយមានផែនការច្បាស់ ហើយមនុស្សយាមការពារបឹងអភិរក្ស ទាំងរដូវប្រាំងនឹងរដូវវស្សា។ ហើយចាប់ពីឆ្នាំ២០១០មក ចំនួនត្រីក៏បានកើនឡើងជាបន្តបន្ទាប់ ដោយដំបូងឡើយបឹងនេះ មានត្រីប្រមាណ១០០គីឡូក្រាម ក្នុងមួយឆ្នាំ បានកើនឡើងដល់ជាង ៥តោន ក្នុងមួយឆ្នាំ ហើយភាគច្រើនជាប្រភេទត្រីមេពូជ ជាច្រើនប្រភេទ ដូចជាត្រីអណ្ដែង ត្រីរ៉ស់ ឆ្ពិន ឆ្ដោរ ក្រាញ់ និងត្រីសណ្ដាយជាដើម ក៏បានកើតចំនួនជាបន្តបន្ទាប់៖ «ត្រីដែលកើនឡើងឆ្នាំនេះយើងមើលទៅឃើញមានត្រីដៀប ត្រីឆ្ដោរច្រើនជាងរាល់ឆ្នាំ ហើយបន្ទាប់មកទៀតមានត្រីឆ្លាតក៏កើនឡើងដែរ និងត្រីឆ្ពិន ដែលកន្លងមក មិនដែលមានឆ្នាំនេះកើនជាងរាល់ឆ្នាំដែរ»។
ចំណែកតំណាងសហគមន៍ម្នាក់ទៀត លោក ច្រិច ធឿន ថ្លែងឱ្យដឹងថា ទម្រាំបានជោគជ័យនេះ ពួកគាត់បានប្រឹក្សា ផ្លាស់ប្ដូរយោបល់គ្នាជាប្រចាំ ដើម្បីការពារត្រី នៅក្នុងដែនអភិរក្សឱ្យបានគង់វង្ស ព្រោះដំបូងឡើយ ប្រជាពលរដ្ឋមិនមានការយល់ដឹង អំពីអត្ថប្រយោជន៍តំបន់អភិរក្សនោះទេ ហើយពួកគាត់បាននាំគ្នា លួចធ្វើនេសាទនៅតំបន់អភិរក្សជាញឹកញាប់ ធ្វើឱ្យពួកគាត់មានការលំបាកយ៉ាងខ្លាំង ក្នុងការអភិរក្ស ប៉ុន្តែចាប់ពីឆ្នាំ២០១០មក ពួកគាត់ក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីអង្គការសង្គមស៊ីវិល ដោយបានអប់រំពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់ពីការអភិរក្សនេះ ហើយក្រោយមកអ្នកភូមិ ក៏បានចូលរួមការពារបឹងអភិរក្សជាមួយសហគមន៍រហូតមក៖ «ខ្ញុំចេះតែជួយហាមថាបើបងប្អូនលះបង់មិនបានទេ សូមទៅនេសាទឱ្យឆ្ងាយពីកន្លែងអភិរក្ស បើកន្លែងនេះអត់បានទេ ព្រោះបើចាប់បានអត់មានស្គាល់គ្នាគេគ្នាឯងទេ គឺបញ្ជូនទៅដោះស្រាយនៅតុលាការហើយ។ ត្រីឆ្ដោរមានដល់ទម្ងន់ ៧កន្លែងមួយក្បាលក៏មាន ព្រោះខ្ញុំឃើញវាលោតម្ដងម្កាលពេលវាផ្អើលមនុស្ស ហើយអាមួយក្បាលទម្ងន់ ៥គីឡូនិង៦គីឡូក្រាមក៏មានដែរ»។
ក្រៅពីអភិរក្សត្រី សហគមន៍មួយនេះ ក៏បានអភិរក្សព្រៃលិចទឹក នៅតំបន់នោះជាច្រើនហិកតារដែរ ដើម្បីជាជម្រកដល់សត្វស្លាប និងធនធានមច្ឆាជាតិ បានរស់នៅ។
សមាជិកក្រុមប្រឹក្សាឃុំព្រែកហ្លួង លោក ហួម កុសល មានប្រសាសន៍ប្រាប់អាស៊ីសេរីថា សព្វថ្ងៃនេះបឹងនេះ មានត្រីកើនឡើងដល់ទៅជាង ១០តោន និងជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ ដែលស្រលាញ់ធនធានធម្មជាតិ ទៅលេងកម្សាន្តប្រចាំទៀតផង ព្រោះនៅលើផ្ទៃបឹងមានត្រីតូចធំ លោតលើទឹកយ៉ាងច្រើនកកកុញ ជាពិសេសចន្លោះពីខែធ្នូ រហូតដល់រដូវទឹកឡើង។ លោកអះអាងថា ការជោគជ័យនេះ ដោយសារការសាមគ្គីរបស់ពលរដ្ឋក្នុងសហគមន៍ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីអង្គការសង្គមស៊ីវិល ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ៖ «ព្រោះអីខ្ញុំក៏ជាប្រជាពលរដ្ឋម្នាក់ដែរ ក្នុងនាមខ្ញុំជាអាជ្ញាធរខ្ញុំស្រលាញ់ធនធានធម្មជាតិ ដូច្នេះខ្ញុំមានកិច្ចសហការល្អ ហើយរាល់ការដែលសហគមន៍ត្រូវការទាំងការប្រឈម និងការដោះស្រាយគឺតែងតែមានអាជ្ញាធរភូមិឃុំចូលរួម។ បើនិយាយទៅ ក្នុងឃុំខ្ញុំមិនមានបញ្ហាបទល្មើសនេសាទទេ បើមានជាលក្ខណៈតូចតាចដូចដាក់ស្បៃ មុងនិងឆក់អីមានខ្លះ ព្រោះក្នុងសហគមន៍មានគ្នាជាង ១០នាក់ ហើយគាត់អត់មានថវិកា ហើយគាត់មានតែទឹកចិត្តដូច្នេះហើយមានកន្លែងខ្លះចន្លោះ»។
លោកបន្ថែមទៀតថា ទៅថ្ងៃអនាគារសហគមន៍គ្រោងពង្រីកផ្ទៃដីបឹងអភិរក្ស ឱ្យបាន ៥០ហិកតារ និងផ្ទៃដីព្រៃលិចទឹក ឱ្យបានប្រមាណ ១ពាន់ហិកតារក្នុងពេលឆាប់ៗ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា សហគមន៍មួយនេះ ទទួលបានជោគជ័យជាងគេ ក្នុងចំណោមសហគមន៍ជាច្រើនទៀត នៅក្នុងខេត្តបាត់ដំបង។ លោកថា ការជោគជ័យនេះដោយសារការលះបង់ខ្ពស់ របស់ពលរដ្ឋក្នុងសហគមន៍ ព្រោះពួកគាត់ចំណាយកម្លាំងកាយចិត្ត និងពេលវេលា ដោយមិនមានប្រាក់ខែនោះទេ។ លោកបន្តថា កន្លែងផ្សេងទៀត ដែលមិនបានជោគជ័យ ដោយសារខ្វះការសាមគ្គី នៅក្នុងសហគមន៍ ដោយសារមកពីបញ្ហាជីវភាពផង និងការមិនយល់ពីប្រយោជន៍រួម នៅក្នុងសហគមន៍ផង ជាពិសេសខ្វះកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន៖ «ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា អស់លោកដែលជាអាជ្ញាធរ ជាសមត្ថកិច្ចជំនាញ អស់លោកមានប្រាក់ឧបត្ថម្ភប្រចាំខែ ចំណែកសហគមន៍គាត់មិនមានទេ គាត់មានតែឆន្ទៈទេ ដូច្នេះសូមឱ្យអស់លោកធ្វើការពិនិត្យឡើងវិញដែលជាមន្ត្រីជាអ្នកបម្រើរាស្ត្រនោះសូមឱ្យអស់លោកចេះខ្មាសអៀនសហគមន៍ផង ព្រោះគាត់មានឆន្ទៈ តែអស់លោកមានមុខតំណែងមិនធ្វើការងារ»។
សហគមន៍នេសាទស្ដីក្រោមរហាលសួង មានទីតាំងក្បែរដងស្ទឹងសង្កែ ប៉ែកខាងក្រោម ស្ថិតក្នុងភូមិកាច់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ និងមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។
ប្រធានសហគមន៍លោក ភី ហឿត អះអាងថា ត្រីតំបន់អភិរក្សទាំងនោះ ជាត្រីមេពូជ នៅរដូវទឹកឡើង ដែលមានទឹកលិចបឹង និងទីវាលនៅតំបន់នោះ ហើយត្រីមួយចំនួនធំ ក៏បានចេញពីបឹងទៅបន្តពូជនៅតំបន់ផ្សេង ដើម្បីឱ្យប្រជាពលរដ្ឋ អាចធ្វើនេសាទរកប្រាក់ចំណូលបាន។ លោកបន្តថា បើទោះជាសហគមន៍មួយនេះ មានកំណើនត្រីច្រើនក៏ដោយ ក៏សហគមន៍មិនទាន់គ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍នៅឡើយទេ គឺសហគមន៍ ត្រូវការពង្រីកអភិរក្សបឹងរាំងពេន៣តនេះ ឱ្យបានធំថែមទៀត ដើម្បីឱ្យមានគម្របបឹងកាន់តែធំ ដែលអាចអភិរក្សត្រី បានច្រើនជាងមុន៕