
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបញ្ចប់ការសិក្សាគម្រោងផ្លូវល្បឿនលឿនទី១នៅកម្ពុជា ក្នុងឆ្នាំ ២០១៨ ហើយក្រសួងក៏កំពុងត្រៀមទិញដីដើម្បីសាងសង់លើទីតាំងថ្មីផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសាធារណការ បានបញ្ជាក់ជាថ្មីពីគម្រោងនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨។ ឯកឧត្តមអះអាងថា ក្រសួងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិនរួចរាល់ហើយ ដើម្បីកសាងផ្លូវថ្មីទាំងស្រុង (ផ្លូវល្បឿនលឿន) ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ពោលគឺពុំមែនសាងសង់នៅលើផ្លូវជាតិលេខ៤ ដែលមានស្រាប់នោះទេ។

ដោយឡែកចំពោះទីតាំងក្រសួងធ្លាប់បង្ហើបកាលពីកន្លងទៅថា ការសាងសង់ផ្លូវនេះ គឺនឹងត្រូវយកពីចំណុចផ្លូវក្រវាត់ក្រុងទី៣ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ ផ្លូវក្រវាត់ក្រុងនេះ មានប្រវែងសរុបចំនួន៥២គីឡូម៉ែត្រ ពីចំណុចទំនប់កប់ស្រូវ តភ្ជាប់ពីផ្លូវជាតិលេខ៥ និងឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ១។
ម្យ៉ាងបើតាមការវាយតម្លៃគម្រោងផ្លូវល្បឿនលឿននេះ បន្ទាប់ពីគម្រោងសិក្សាចប់រួចរាល់ នឹងចាប់ផ្ដើមសាងសង់ដើមឆ្នាំ ២០១៩ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣ ពោលគឺប្រើរយៈពេល៤ឆ្នាំ។ គម្រោងផ្លូវមួយនេះ មានលក្ខណៈពិសេសធ្វើពីបេតុងសរសៃដែក ដែលក្នុងនោះ៤៧គីឡូម៉ែត្រជា ផ្លូវបួនគន្លង ពីរទៅពីរមក មានទទឹងប្រវែង២៥ម៉ែត្រ និង៥គីឡូម៉ែត្រទៀតមានពីរគន្លងសម្រាប់ចូល ទៅកាន់កំពង់ផែព្រះសីហនុ៕
អត្ថបទ៖ ស៊ិន សាវ៉េត