ចប់ហើយ! ខេត្ត​ព្រះសីហនុ​ភ្ញៀវទេសចរ​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុងឱកាស​បុណ្យអុំទូក​ឆ្នាំនេះ

0
609

ខេត្ត​ព្រះសីហនុៈ វា​អាច​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​ព្រះសីហនុ ដែល​ចំនួន​ភ្ញៀវទេសចរ​ទៅលេង​កំសាន្ត​នាឱកាស​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ​ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ដែល​តួលេខ​ភ្ញៀវ​ទៅ​កំសាន្ត​បាន​ធ្លាក់ចុះ​រហូតដល់២៥.៨៨ %។

យោងតាម​ស្ថិតិ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង សំពះ​ព្រះ​ខែ ក្នុង​រយៈពេល៣ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២១ ដល់​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោក វ៉េង ស៊ី​សុ​វង្ស អនុប្រធាន​មន្ទីរ​ខេត្ដ​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹងថា រយៈពេល៣ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ខេត្ត​ព្រះសីហនុ​ទទួលភ្ញៀវ​ទេសច​រ​សរុប​ប្រមាណ ៦៣.០០០ម៉ឺន​នាក់ ថយចុះ២៥,៨៨% ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ៥០.២៣០នាក់ ថយចុះ៣២,០៧% ។

ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ១២.៧៧០នាក់ កើនឡើង​ប្រមាណ១៥,៥៦%។ ភ្ញៀវ​ទៅ​កំសាន្ត​តាម​បណ្តា​កោះមាន​ចំនួន​សរុប៦,៤៨៩នាក់ ក្នុងនោះ​ស្រី២.៨៥៥នាក់ កើនឡើង៨,៣៦% ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន៣.០០១នាក់ ក្នុងនោះ​ស្រី១.២៣៥នាក់ ថយចុះ៨៧,៨៩% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន៣.៤៨៨នាក់ ក្នុងនោះ​ស្រី ១.៧០០នាក់​កើនឡើង២៧,៧០%។

ភ្ញៀវទេសចរ​ចូល​តាម​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​សរុប៥,៤០០នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន៥០នាក់ និង​បរទេស៥.៣៥០នាក់។

នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ មាន​នាវា​ទេសចរណ៍​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ចំនួន១ នាវា មាន​ភ្ញៀវ​សរុប១.៨៥៤នាក់ ក្នុងនោះ​ស្រី៩៦១នាក់ មាន​នា​វឹក​សរុប៧៩៣នាក់ ក្នុងនោះ​ស្រី១២៧នាក់។

ភ្ញៀវ​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា៖ រមណីយដ្ឋាន​ក្បាលឆាយ​មាន​ចំនួន​សរុប​ប្រមាណ ៤.៧៩៥ នាក់ ក្នុងនោះ​មាន​ភ្ញៀវ​បរទេស៦០នាក់ (ស្រី១៧នាក់), រមណីយដ្ឋាន​ថ្ម​រូង​មាន​ភ្ញៀវ​សរុប​ប្រមាណ១.៨៨០នាក់ ស្រី ៥៦៤នាក់ បរទេស២៧០នាក់ និង​រមណីយដ្ឋាន​ពិ​ច​និ​ច​មាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ១.៨៥០នាក់ ក្នុងនោះ​ភ្ញៀវ​បរទេស៣៣០នាក់ ស្រី១០០នាក់។

បញ្ហា​តម្លៃ៖ ចំពោះ​តម្លៃ​សេវាកម្ម​ស្នាក់នៅ​សណ្ឋាគារ​មួយចំនួន​មានការ​កើនឡើង​ចន្លោះ​ពី២០%ទៅ៣៥% និង​ផ្ទះសំណាក់​មួយចំនួន​មានការ​កើនឡើង​ចន្លោះ​ពី៣០%ទៅ៥០% ។ ចំណែក​ម្ហូបអាហារ​គ្រឿង​សមុទ្រ​មានការ​ឡើងថ្លៃ​ប្រមាណ ២០%។ ព័ត៌មាន​លម្អិត​នឹងមាន​ផ្សាយ​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព ៕