រកត្រីត្រៀមឡើងមាឃ ជាទំនៀមបុរាណរបស់អ្នកស្រុកអង្គរ

0
951

សៀមរាប៖ តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែល សម្បូរ​ទៅដោយ​មរត​ក​អរូបី​ជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។

ពិធីបុណ្យឡើងមាឃឬបុណ្យឡើងអ្នកតា ក៏ជាទំនៀមទម្លាប់ប្រពៃណី​មួយក្នុងចំណោម​បេតិកភណ្ឌ​អរូបី​ជាច្រើន​ប្រតិបត្តិដោយអ្នកស្រុកអង្គរ។

ជារៀងរាល់ឆ្នាំ រាប់រយឆ្នាំ រាប់ជំនាន់មនុស្សមកហើយ ឱ្យតែដល់ខែមាឃ (ពិសេស​៣កើត​ខែមាឃ​ ឬកំឡុង​ពេលណាមួយក្នុងខែមាឃ) អ្នកស្រុកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មិនដែលខកខាន និងតែង​តែ​នាំគ្នា​ប្រារព្ធ​ពិធីចាប់​ត្រីរួម​ជាលក្ខណៈ​សហគមន៍​ ដើម្បីត្រៀម​រៀបចំពិធីឡើងមាឃតាមទំនៀមទម្លាប់ពីបុរាណ។

ការចាប់ត្រីរួមធ្វើឡើងនៅត្រពាំងបឹងដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកស្រុក​បាន​អភិរក្ស​ទុក ការពារមិន​អនុញ្ញាត​ឱ្យនរណា​ម្នាក់​ចូល​មក​នេសាទ​ផ្តេសផ្តាស់​ខុសពីខែមាឃ​នេះ​ឡើយ​ លុះត្រាតែមានការណាត់គ្នាពីមេភូមិជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកស្រុកអាច​ទៅរក​ចាប់​បាន។

លោកមេភូមិបង្កោងមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំឱ្យតែខែមាឃមកដល់ គាត់តែង​តែប្រ​កូក​ប្រកាស និងកំណត់ពេលវេលាសមស្របណាមួយដល់អ្នកស្រុកក្នុងភូមិ ដើម្បីឱ្យ​ពួកគាត់​នាំគ្នា​ទៅ​ចាប់​ត្រីទាំង​អស់គ្នា ហើយត្រីដែលចាប់បាននោះសម្រាប់ធ្វើទឹកនំបញ្ចុកនិងធ្វើម្ហូបអាហាររួម សម្រាប់​ពិធី​ឡើង​មាឃ ឬបុណ្យឡើងអ្នកតានៅក្នុងខែនេះតាមទំនៀមបុរាណ។ ទោះបីពិធី​នេះ​មិន​បាន​ប្រារព្ធ​ក្នុ​ងថ្ងៃណាមួយច្បាស់លាស់ តែមិនឱ្យហួសពីខែមាឃនេះឡើយ។

លោកមេភូមិបញ្ជាក់ថា ក្នុងការនេសាទត្រី គឺយើងប្រកូកប្រកាសឱ្យអ្នកស្រុកមកជុំគ្នា ហើយក៏ចាប់​ផ្តើម​ដុតកាំជ្រួច ទើបអ្នកស្រុកអាចចុះរកបាន។

ភាគច្រើនតែងចាប់ផ្តើមពីព្រឹកព្រាងៗប្រហែលម៉ោងជិត៥ភ្លឺ តែដោយសារឆ្នាំនេះរងាពេក ទើប​យើង​ចាប់ផ្តើមរកនៅម៉ោង៦ព្រឹក។ ត្រពាំងបឹងនេះត្រូវបានថែរក្សា ការពារបានយ៉ាងល្អ មិនឱ្យ​អ្នក​ក្រៅ​មក​នេសាទ​ឡើយ និងហាមដាច់ខាតការនេសាទដោយប្រើម៉ាស៊ីនឆក់ និងអូសមង។ ចំពោះ​ទិន្នន័យ​ត្រីឆ្នាំ​​នេះដែរ គឺទទួលបានច្រើនជាងឆ្នាំមុន។

ចំណែកការរកត្រីដើម្បីយកទៅធ្វើពិធីនេះ គឺបានអនុញ្ញាត​ប្រជាជន​ប្រើប្រាស់​តែឧបករណ៍​បុរាណ​ទាំង​អស់ មានដូចជាឈ្នាង អង្រុត និងសំណាញ់ជាដើម។

ការប្រារព្ធពិធីបុណ្យឡើងមាឃឬឡើងអ្នកតានេះ ជាផ្នែកមួយនៃបេតិកភណ្ឌអរូបី ក្រៅពីបង្ហាញ​ឱ្យ​ឃើញ​​តម្លៃវប្បធម៌ ការថែរក្សាមរតកវប្បធម៌ ក៏បាន​ឆ្លុះ​បញ្ចាំង​ពីសាមគ្គី​ភាព​និង​ភាព​រស់​រវើក​នៅតាម​សហគមន៍​ និងដើម្បីអបអរដល់ទិន្នផលទទួលបាន ក្រោយពីបានប្រមូលផលស្រូវរួចរាល់ហើយ។

ចំពោះពិធីនេះ ក៏មានការប្រារព្ធប្រហាក់ប្រហែលគ្នានៅតាមស្រុក និងខេត្តមួយចំនួន​ទៀត​ទូទាំង​ប្រទេស​កម្ពុជាផងដែរ៕