រកឃើញ​សំណល់​បុរាណ​អាយុ​ជាង​៧​ម៉ឺន​ឆ្នាំ កប់ក្នុងដីនៅ​ល្អាងភ្នំមួយ​ក្នុង​ខេត្តបាត់ដំបង​

0
941

​សំណល់​បុរាណ​ដែលមាន​អាយុកាល​ដល់​ទៅ​ជាង​៧​ម៉ឺន​ឆ្នាំ ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញ​នៅក្នុង​ល្អាង​ស្ពាន​
ស្ថិតក្នុង​ភ្នំ​ទាក់​ទ្រាំង ស្ថិត​ក្នុងស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ដែល​វា​ជា​របប​គំហើញ​ថ្មី​មួយទៀត​ដែល​បញ្ជាក់​ពី​ភាពចំណាស់ នៃ​ទឹកដី​កម្ពុជា។​

លោក ហេង សុ​ផា​ឌី អគ្គនាយករង អគ្គនាយកដ្ឋាន​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ម្សិលមិញ​ថា តាម​ការស្រាវជ្រាវ​កន្ល​ង​មក នៅក្នុង​ល្អាង​នេះ គឺ​គេ​បាន​រកឃើញ​មានការ​តាំងទី​លំនៅ​ចំនួន​៣​ដំណាក់កាល​ផ្សេងគ្នា ដោយ ទី​១.​ដំណាក់​កាលសម័យ​ថ្ម​បំបែក ស្ថិតក្នុង​ជម្រៅ​ជ្រៅ​មាន​អាយុ​ប្រហែល​៧១០០០​ឆ្នាំ​, ទី​២. វប្បធម៌​ហាវ​ប៊ិន​ញៀន ដោយបាន​រកឃើញ​ឧបករណ៍ប្រើប្រាស់ និង​សំណល់​ឆ្អឹង​សត្វ មាន​អាយុ​កាលពី​៥០០០ ទៅ​១០០០០​ឆ្នាំ និង​ទី​៣.​គឺ​សម័យ​ថ្ម​រំលីង​មាន​អាយុកាល​ប្រហែល ៣០០០​ឆ្នាំ​ដោយ​គេ​បាន​យក​ល្អាង​ស្ពាន​នេះ​ជា​កន្លែង​បញ្ចុះសព។​

លោកបន្ត​ឲ្យ​ថា សម្រាប់​ការស្រាវជ្រាវ​វិញ គឺធ្វើឡើង​ចំនួន​៣​ដំណាក់កាល -​ទី​១​ចាប់ផ្ដើម​ធ្វើ​ពី​ឆ្នាំ​២០០៩ ដល់​២០១២, -​ទី​២.​ចាប់ផ្តើម​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ​២០១៦ និង​ទី​៣ ចាប់ផ្តើម​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០ ហើយ​ក្រោយ​បញ្ចប់ ក្រុម​អ្នកស្រាវជ្រាវ​នឹងធ្វើ​ការបោះ​ពុ​ម្ភ​ផ្សាយ​លទ្ធផល ដែល​បានធ្វើ​និង​រកឃើញ​កន្លង​ទៅដោយ​ស​សេរ​ជា​៣​ភាសា ខ្មែរ បារាំង និង​អង់គ្លេស។

​បើតាម​ការបញ្ជាក់​ពីលោក លី ឡាយ ប្រធាន​នាយកដ្ឋាន នគរបាល​ការពារ​បេតិកភណ្ឌ​បាន​ឲ្យ​ដឹង​ដែរ​ថា ល្អាង​នៅលើ​ភ្នំ​ទាក់​ទ្រាំង (​ពីមុនមក​មានឈ្មោះ​ភ្នំ​នាគ​ត្រង់​) ហើយ​ភ្នំ​នេះ មិន​មែនមាន​ត្រឹមតែ​ល្អាង​ស្ពាន​មួយ​ទេ គឺមាន​រហូត​ទៅដល់​១៣​ល្អាង ហើយ​សម្រាប់​ខេត្តបាត់ដំបង​ទាំងមូល​មាន​ល្អាង​ភ្នំ​ទាំងអស់​សរុប​៦០ ។ ដោយឡែក​ក្រោយ​ធ្វើការ​ស្រាវជ្រាវ​កំណាយ​ល្អាង​ស្ពាន​ភ្នំ​ឡើងវិញ មន្ត្រី​ជំនាញ​បាន​រកឃើញ​វត្ថុ​បុរាណ​ជាច្រើន​ដូចជា​-​ឧបករណ៍​ថ្ម​បំបែក -​ថ្ម​រំលីង -​ភាជន៍ -​គ្រឿង​ក​ម្អ​កាយ -​អង្កាំ -​កងដៃ​ធ្វើ​ពី​ថ្ម -​បន្តោង​ខ្សែក​ធ្វើ​ពី​ចង្កូម​សត្វ -​បំណែក​ឆ្អឹង​សត្វ រួមទាំង​ផ្នូរ​សព​ផងដែរ​។​ ​គួរ​បញ្ជាក់ថា ល្អាង​ស្ពាន មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ធ្វើដំណើរ​ពី​ផ្លូវជាតិ​លេខ​៥៧ ចម្ងាយ​៣​គីឡូ​មែត្រ​៕​