កសិករថា​ តម្លៃ​ដំឡូង​មី​បច្ចុប្បន្ន​លក់បាន​ថ្លៃ តែ​​ទិន្នផល​ធ្លាក់ចុះ

0
963

ខេត្តមណ្ឌលគិរី ៖ កសិករ​បាន​អះអាងថា តម្លៃ​ដំឡូង​មី​បច្ចុប្បន្ន​លក់បាន​ថ្លៃ តែ​សោកស្តាយ ដោយសារ ទិន្នផល​ធ្លាក់ចុះ​ជាង​ឆ្នាំមុន ធ្វើ​ឲ្យ​ពួកគាត់​ជួបប្រទះ​បញ្ហា​ថ្មី គឺ​គ្មាន​ផលិតផល សម្រាប់​លក់​ឲ្យ​ឈ្មួញ ។
កត្តា​នេះ​ត្រូវបាន​ជំនាញ​លើកឡើងថា បណ្តាលមកពី​មាន​ភ្លៀង​ធ្លាក់​ច្រើន នឹង​កសិករ​មិន​ផ្លាស់ប្តូរ មុខ​ដំណាំ ដាំ​ដុះ​ថ្មី​លើដី​ចាស់​ដែល​ខ្សោះ​ជីវជាតិ ។

កសិក​ឈ្មោះ ញ៉ា​ញ់ ដាំ​ដំណាំ​ដំឡូង​មី នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បានឱ្យដឹងថា ទិន្នផល​ដំឡូង​មី​ឆ្នាំនេះ​បាន​ថយចុះ​ជាង​ឆ្នាំមុន តែ​ចំពោះ​តម្លៃនៅលើទីផ្សារ គឺអាច​ទទួលយកបាន ។ លោក​បន្តថា ឆ្នាំមុនៗ ការប្រមូល​ផល​ដំឡូង​មី​របស់លោក​អាច​ទទួលបាន​ផល​ប្រហែល១៥តោន ទៅ២៥តោន តែ​ផ្ទុយទៅវិញ​ឆ្នាំនេះ គឺ​ពុំ​សូវ​មាន​មើម​នោះទេ ពោល គឺ​ខុសគ្នា​ដាច់ស្រឡះ​ពី​ឆ្នាំមុន​តែម្តង ដោយ​ក្នុង​មួយ​ហិកតា​បាន​ផល​ត្រឹមតែ៨ទៅ១០តោន​ប៉ុណ្ណោះ ។

ចំពោះ​តម្លៃ​វិញ បើ​អ្នកប្រមូល​ផល​មុន​អាច​លក់បាន​រហូត​ទៅដល់៣៩០រៀល ដល់៤១៥រៀល ដែល​តម្លៃ នេះ​អាច​ចំនេញ​បាន​សមល្មម ហើយ​លោក​សង្ឃឹមថា តម្លៃ​ដំឡូង​មី​ឆ្នាំនេះ​នឹងមិន​ធ្លាក់ចុះ​វិញ​ទេ នៅពេលដែល​ដំឡូង​មី​ដល់​រដូវ​ប្រមូល​ផល​ពេញលេញ​នោះ ។

ថៅកែ ស៊ុ ជី​វ័​ន្ត ដែលជា​ម្ចាស់​ដេប៉ូ​ទទួល​ទិញ​ដំឡូង​មី​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា តម្លៃ​ដំឡូង មី​ឆ្នាំនេះ​ល្អ​ជាងឆ្នាំមុនៗ បច្ចុប្បន្ន​តាម​ដេប៉ូ​ទទួល​ទិញ​ដំឡូង​មី​ក្នុងតម្លៃ​ចន្លោះ​ពី៣៩០រៀល ទៅ៤១៥រៀល​ក្នុង១គីឡូក្រាម ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី លោក សុង ឃាង បាន​ឲ្យ​ដឹងថា ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ទូទាំង​ខេត្តមណ្ឌលគិរី​មាន​ប្រមាណ១ម៉ឺន២ពាន់​ហិកតា បើ​ធៀប​នឹង​ឆ្នាំមុន គឺ​ប្រហាក់ ប្រហែល​គ្នា ហើយ​នៅ​ខេត្តមណ្ឌលគិរី​ក្នុងចំណោម​ក្រុង-ស្រុក​ទាំង៥មានស្រុក​កែវ​សីមា និង​ស្រុក​ពេ​ជ្រា​ដា ដែលមាន​កសិករ​ដាំដំឡូង​មី​ច្រើន ។

លោក​ថា ពាក់ព័ន្ធ និង​កត្តា​ដែលនាំឱ្យ​ដំឡូង​មី​ឆ្នាំនេះ​មិនសូវមាន​មើម គឺ​មកពី​កត្តា​ដី​ខ្វះ​ជីជាតិ ព្រោះ តែ បងប្អូន​កសិករ​ដាំ​ដំណាំដដែលៗលើដី​ចាស់​ដែល​រិច​រិល​អស់​ជីវជាតិ ហើយ​ករណីនេះ​ខាង​មន្ទីរជំនាញ ក៏​ធ្លាប់បាន​ចុះ​ណែនាំ ប្រជាកសិករ​ឲ្យ​ផ្លាស់ប្តូរ​មុខ​ដំណាំ​ដែរ ដើម្បី​ប្រែក្លាយ​ដី​ឲ្យ​មាន​ជីវជាតិ​ឡើងវិញ ៕