កសិករស្រុកល្វាឯម រំពឹងថាតម្លៃផ្លែល្ហុងនឹងបានថ្លៃពេលប្រមូលផល

0
2051

ខេត្តកណ្តាល៖ កសិករដាំល្ហុងរស់នៅភូមិកោះរះ កំពុងចាប់ផ្ដើមប្រមូលផល ផ្លែល្ហុង ដោយទទួលបានតម្លៃថ្លៃគួរសម ខណៈទិន្នផលក៏បានខ្ពស់គួរសមដែរ។

លោក ជឿន សុខឃី កសិកររស់នៅភូមិកកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល បានដឹងថា ទិន្នផលល្ហុងដែលប្រមូលលើកដំបូងនេះ បានច្រើនរីឯតម្លៃវិញក៏ថ្លៃគួរសម តែគាត់ព្រួយបារម្ភទៅមុខទៀត ខ្លាចតែតម្លៃផ្លែល្ហុងចុះថោក។

លោកថា ជារៀងរាល់ឆ្នាំលោកតែងតែដាំដំណាំផ្លែល្ហុងបន្ទាប់ពីទំនេរធ្វើស្រែចំការ ដោយដាំលើផ្ទៃដី ៤០អា ជាមធ្យមក៏បានផលពីដំណាំផ្លែល្ហុងក្នុងចន្លោះចាប់ពី ជាង៧ លានរៀល។ ក៏ប៉ុន្តែបើសិនតម្លៃ ផ្លែល្ហុងបានថ្លៃលើសពី១០០០រៀលក្នុង១គីឡូក្រាម យើងក៏អាចរកចំណូលបានជាច្រើនដែរ ប្រហែលជាង១០លានរៀលបន្ទាប់ពីប្រមូលផលរួចទាំងអស់។

ជាទូទៅតម្លៃផ្លែល្ហុងនាពេលប្រមូលផលដំបូង និងបច្ចុប្បន្ននេះ គឺលក់បានមួយគីឡូក្រាម៨០០រៀល រីឯឆ្នាំទៅការប្រមូលផលដំបូង ក៏លក់បានបរិមាណតម្លៃប៉ុណ្ណឹងដែរ តែដល់ពេលផ្លែល្ហុងសម្បូរប្រមូលផលគ្រប់គ្នា ឈ្នួលបានទម្លាក់តម្លៃតាមចិត្តគឺលក់បានថោកហៅលែងឮ ដោយ១គីឡូក្រាមលក់មិនបាន២០០រៀលផង។

កសិករដាំល្ហុងរស់នៅភូមិខាងលើទទូចសុំឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធជួយរកទីផ្សារ ឲ្យមានតម្លៃស្ថិតស្ថេរ កុំឲ្យមានតម្លៃនៅលើតែមាត់ឈ្មួញទៀត។

លោក ឡូញ សុខ មេឃុំកោះរះបានថ្លែងថា ឆ្នាំនេះចំនួនអ្នកដាំល្ហុងធ្លាក់ចុះ មួយចំនួន ដោយកត្តាតម្លៃល្ហុងគ្មានទីផ្សារតម្លៃស្ថិតស្ថេរនោះឡើយ ដូចឆ្នាំទៅជាដើមចំនួនចំការល្ហុងមានជាង៣០ហិកតា ប៉ុន្តែឆ្នាំនេះនៅសល់ប្រមាណជាង២០ហិកតាតែប៉ុណ្ណោះ ដោយប្រមូលផលដំបូងបានថ្លៃ ពេលផងផ្លែល្ហុងដល់គ្រប់គ្នាតម្លៃចុះថោកយ៉ាងគំហុកពីព្រោះការផលិតច្រើនលើសតម្រូវការនៅលើទីផ្សារ អញ្ចឹងហើយធ្វើឲ្យឈ្មួញបានចិត្តទម្លាក់តម្លៃតាមតែអំពើចិត្តខ្លួនឯង វាជារឿងធម្មតាហើយនៃការដាំ ល្ហុងតម្លៃថោកពេលសំបូរ៕