កំណាយក្នុងល្អាងនៅបាត់ដំបង បានរកឃើញវត្ថុ​ប្រើប្រាស់ និង សព​មនុស្ស​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ

0
1145

ខេត្ត​បាត់ដំបង៖ កាល​ពី​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​កម្ពុជា និង​បារាំង​បាន​ធ្វើ​កំណាយ​នៅ​ក្នុង​ល្អាង​ស្ពាន​ដែល​មាន​អាយុ​កាល​ប្រហែល ៧០០០​ឆ្នាំ ស្ថិត​នៅ​ក្នុង​ភ្នំ​ទាក់ទ្រាំង (ពី​មុន​ឈ្មោះ​ភ្នំ​នាគត្រង់) នៅ​ខេត្ត​បាត់ដំបង និង​បាន​រកឃើញ វត្ថុ​ប្រើប្រាស់ និង សព​មនុស្ស​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ។

អ្វី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ ក្នុង​កំណាយ​ស្វែងរក​ប្រភព​សកម្មភាព​នៃ​ការ​រស់នៅ​របស់​មនុស្ស​ ក្នុង​ល្អាង​ខាងលើ ក្រុម​អ្នក​ស្រាវជ្រាវ កម្ពុជា និង​បារាំង បាន​ប្រទះ​ឃើញ​សកម្មភាព​ក្នុង ៣​ដំណាក់កាល៖

ទី១- ដំណាក់កាល​ថ្ម​បំបែក ស្ថិត​ក្នុង​ជម្រៅ​ជ្រៅ និង​មាន​អាយុ​កាល​ប្រហែល ៧​ម៉ឺន​ឆ្នាំ។​

ទី២- ដំណាក់កាល​ថ្ម​បំបែក​មួយ​ទៀត ដែល​ភាសា​បច្ចេកទេស​ហៅ​ថា វប្បធម៌​ហាវប៊ិនញៀន ដោយ​រកឃើញ​របស់​របរ​ប្រើប្រាស់ ដូចជា ឧបករណ៍​ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿង​លម្អកាយ (អង្កាំ និង​កង​ដៃ​ធ្វើពីថ្ម និងបន្តោងខ្សែក​ធ្វើ​ពី​ចង្កូម) និង​សំណល់​ឆ្អឹង​សត្វ មាន​អាយុ​កាល​ពី ៥​ពាន់ ទៅ​ ១​ម៉ឺន​ឆ្នាំ។

ទី៣- ដំណាក់កាល​រក​ឃើញ​កន្លែង​កប់​សព មានន័យថា ក្រោយ​ពី​វប្បធម៌​ថ្ម​បំបែក មនុស្ស​មួយ​ក្រុម​ទៀត ដែល​ស្ថិត​ក្នុង​យុគ​ថ្ម​រំលីង ចេះ​ធ្វើ​កសិកម្ម លែង​រស់នៅ​ក្នុង​ល្អាង​នេះ ហើយ​បាន​យក​ល្អាង​ស្ពាន​ធ្វើ​ជា​កន្លែង​កប់​សព។ រហូត​មក​ដល់​ពេល​នេះ ​ក្រុម​ស្រាវជ្រាវ​បាន​រក​ឃើញ​សព​ចំនួន ៦ហើយ ដោយ​ផ្នូរ​នីមួយៗ​មាន​អាយុ ៣ពាន់​ឆ្នាំ​។

បើ​តាម​លោក ហេង សុផាឌី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹង​ថាការ​ស្រាវជ្រាវ​ល្អាង​ខាងលើ ធ្វើ​ឡើង​ ៣​ដំណាក់កាល​គឺ ចាប់​ពី​ឆ្នាំ​២០០៩ ដល់ ២០១២, ចាប់​ពី​ឆ្នាំ​២០១៣ ដល់ ២០១៦ និង​ចាប់ពី​ឆ្នាំ​២០១៧ ដល់ ២០២០ ហើយ​ក្រោយ​បញ្ចប់​ការ​ស្រាវជ្រាវ គេ​នឹង​បោះពុម្ព​ផ្សាយ​លទ្ធផល ជា ៣​ភាសា គឺ ខ្មែរ បារាំង និង​អង់គ្លេស។

ល្អាង​ស្ពាន ស្ថិត​ក្នុង​ភូមិ​គីឡូ​៣៨  ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ធ្វើ​ដំណើរ​ពី​ផ្លូវ​ជាតិ​លេខ​៥៧ ចម្ងាយ​ ៣គីឡូមែត្រ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ទៅ​ទស្សនា​មាន​ប្រមាណ ១០០​នាក់ ក្នុង​មួយ​ឆ្នាំៗ ។ សម្រាប់​ការ​ធ្វើ​កំណាយ​ល្អាង​នេះ ​ត្រូវ​ធ្វើឡើង​លើក​ដំបូង​ដោយ​លោកស្រី សេស៊ីល ម៉ូរ៉េ និង​លោក​រ៉ូឡង់ ម៉ូរ៉េ នៅ​ទសវត្សរ៍​១៩៦០។ រាល់​របស់​របរ​នានា ដែល​ត្រូវ​បាន​រកឃើញ​ ត្រូវរក្សា​ទុក​ក្នុង​សារមន្ទីរ​ខេត្ត​បាត់​ដំបង៕ ប្រភព​ : sabay

សូម​ subscribe Channel Youtube របស់​ cambotripnews ​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

Link: https://www.youtube.com/channel/UCtT3dOrH3sRJnGT8nXUwJXw