សហគមន៍នេសាទទាំង៨ក្នុងខេត្តកំពតបណ្តុះកូនកោងកាងបានជាង១សែនដើមសម្រាប់ដាំដុះក្នុងសហគមន៍

0
230

សហគមន៍នេសាទទាំង៨ក្នុងខេត្តកំពត បណ្តុះកូនកោងកាងបានជាង១សែនដើម សម្រាប់ដាំដុះក្នុងសហគមន៍ ដើម្បីបង្កើនជីវចម្រុះនិងការគាំពារបរិស្ថានឱ្យកាន់តែល្អប្រសើរ។ 

លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជា បានមាន ប្រសាសន៍ថា យុទ្ធនាការ១សែនកោងកាង ដែលត្រូវបានធ្វើឡើងរយ:ពេលស្ទើរពេញមួយឆ្នាំមកនេះ បានបិទបញ្ចប់ហើយ ដោយទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក។ លោកបន្តថា មហាជននឹងគាំទ្រយុទ្ធនាការនេះយ៉ាងខ្លាំង ព្រោះបានធ្វើឱ្យប្រជាពលរដ្ឋយល់ពីអត្ថប្រយោជន៍របស់ដើមកោងកាង ហើយឱ្យបងប្អូនចូលរួមការពារនិងជំរុញឱ្យមានការដាំបន្ថែមទៀត ក្នុងគោលបំណងស្តារធនធានដើមកោងកាងឡើងវិញ។

លោក​បញ្ជាក់ថា​ «គោលបំណងយុទ្ធនាការ គឺចង់ឱ្យសហគមន៍ខ្លួនឯងឱ្យគាត់ចូលរួម ដើម្បីស្ដារធនធានកោងកាងឡើងវិញ ព្រោះជីវភាពរបស់ប្រជានេសាទនៅហ្នឹង ពឹងទៅលើកោងកាងហ្នឹងដែលវាជាជម្រកត្រី ក្តាម ប្រភេទធនធានជលផលផ្សេងៗ បើសិនជាគាត់គ្រួសារក្រីក្រគាត់អាចរកប្រាក់ចំណូលបានយ៉ាងតិច ១០ដុល្លារក្នុងមួយថ្ងៃ គោលបំណងទី១ គោលបំណងទី២ ធ្វើឱ្យសាធារណជនទូទៅចាប់អារម្មណ៍ទៅលើវត្តមានរបស់ព្រៃកោងកាងពីព្រោះវាជាធនធានសំខាន់ថែមទាំងលើកកម្ពស់ អេកូទេសចរណ៍   និងទី៣ គឺដើម្បីរួមចំណែកកាត់បន្ថយការបំពុលឧស្ម័នកាបូនិច»។

លោកបន្ថែមថា យុទ្ធនាការ ១សែនកោងកាង បានសហការរៀបចំឡើងដោយអង្គការអាក់សិនអេតកម្ពុជា (AAC) មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីនិងកុមារនៅកម្ពុជា (CWDCC) អង្គការសាមគ្គី (SAMAKY) សហគមន៍ត្រពាំងសង្កែ សហគមន៍កំពង់សាមគ្គី សហគមន៍កោះគ្រឹស្នា និងសហគមន៍លក ដោយមានកិច្ចសហប្រតិបត្តិការជាមួយ ខណ្ឌរដ្ឋបាល ជលផលខេត្តកំពត និងមានការគាំទ្រពីសប្បុរសជន រួមទាំងក្រុមអ្នកស្រឡាញ់បរិស្ថានទាំងក្នុងនិងក្រៅប្រទេស។ 

លោកបញ្ចាក់ថា យុទ្ធនាការ ១សែនកោងកាងនេះ ចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ខែសីហា ឆ្នាំ២០២០ ដែលមានការចូលរួមពីសហគមន៍នេសាទចំនួន៨ ដោយទទួលបានលទ្ធផល ១១១ភាគរយ គ្របដណ្ដប់លើផ្ទៃទឹក ១៥ហិកតាកន្លះ៕ 

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស