ធូរេនកំពតកំពុងលក់ដាច់ខ្លាំង ស្របពេលរដូវធូរេនទើបចូលមកដល់!

0
2078
រូបដោយ : Chanbo Keo

ខេត្តកំពត ៖ ធូរេនអ្នកខេត្តកំពតកំពុងលក់ដាច់ខ្លាំងនៅលើទីផ្សារ ស្របពេលដែលរដូវធូរេនទើបចូលមកដល់ នេះ​បើតាម​សម្ដីរបស់អាជីវកប្រកបរបរលក់ផ្លែធូរេននៅ​ខេត្ដ​កំពត បាន​ប្រាប់​ពាណិជ្ជកម្មកម្ពុជា​នាពេលថ្មីៗនេះ​។

តាមសម្ដីរបស់អ្នកមីង ហ៊ុយ ណារី ដែលជា​អាជីវករ​លក់ផ្លែធូរេន​តាមផ្លូវ​ចូលទៅកាន់​រមណីដ្ឋាន​ទេចរណ៍ធម្មជាតិ​ទឹកធ្លាក់​តាដា ឬ កោះតាដា បាននិយាយថា សព្វថ្ងៃនេះមុខរបរលក់ផ្លែធូរេនរបស់គាត់កំពុងតែកាក់កប ដោយ​មានភ្ញៀវ​ដែលមកលេងកំសាន្ដនៅទីនេះ ទិញយកបរិភោគ នឹងទិញយកទៅផ្ទះផ្ញើសាច់ញាតិជាដើម។

អ្នកមីង​បាន​បន្ថែមថា សម្រាប់ភ្ញៀវខ្មែរយើង គឺមានការគាំទ្រខ្លាំង ដោយពួកគាត់ចង់​ពិសារធូរេន​កំពតធម្ម​ជាតិ​ពិតៗ ហើយមានខ្លះក៏ឆ្លៀតសុំទៅមើលដល់ចំការរបស់គាត់ផងដែរ។

អ្នកមីង ណារី បាន​ឲ្យដឹងថា អាជីករ​លក់ធូរេន គឺលក់ក្នុងតម្លៃខុសគ្នា ដោយផ្លែធំៗល្មមលក់ មួយគីឡូក្រាម ក្នុង​តម្លៃពី ២៥០០០រៀល ចំណែកឯផ្លែតូចៗមធ្យម គឺលក់មួយគីឡូក្រាម ២០០០០ រៀល តែប្រសិន​បើភ្ញៀវចង់​បានសាច់​ផ្ទាល់តែម្ដង គឺលក់មួយគីឡូ ចន្លោះពី ៤០០០០ ម៉ឺនរៀល ទៅ ៤៥០០០០ រៀល តាម​ទំហំសាច់​នឹង​ផ្លែ​របស់វា។

អ្នកមីងបានរៀបរាប់ទៀតថា សម្រាប់ធូរេនបច្ចុប្បន្ននេះដែរ គឺកំពុងលក់ដាច់ខ្លាំង ដោយ​សារតែ​រដូវធូនរេន​ទើបឈាន​ចូលមកដល់ ទើបធ្វើឲ្យភ្ញៀវដែលមកលេងកំសាន្ដសម្រុកទិញយកទៅពិសារ ព្រោះវាជារបស់ធម្មជាតិ​ពិតៗ​ ហើយវាក៏ជាផ្លែឈើហូបផ្លែមួយដែរ ដែលយើងគួរតែទទួលទានឲ្យបានច្រើន។

អ្នកមីងក៏បានបញ្ចាក់ដែរថា សព្វថ្ងៃការលក់ធូរេនរបស់អ្នកស្រុកគាត់ក៏បាននាំចេញទៅតាមបណ្ដាខេត្តដែរ ដូចជាទីក្រុង​ភ្នំពេញ សៀមរាប នឹង តាមតំបន់រមណីដ្ឋាននានា។

ធូរេនអ្នកខេត្តកំពតនេះនឹងចាប់ផ្ដើមសម្បូរនៅចន្លោះខែ មិថុនា ទៅ កក្កដា ហើយវាក៏ធ្វើឲ្យធូរេនធ្លាក់ថ្លៃផងដែរ ដោយ​សល់ត្រឹមមួយគីឡូក្រាម ប្រមាណ ១២០០០ រៀល ឬ ១៥០០០ រៀលប៉ុណ្ណោះ ព្រោះ​ដល់​រដូវ​វាពេញ​លេញ ជាពិសេសការនាំចេញ ក៏ដូចជាអ្នកប្រកបរបរនេះកាន់តែច្រើនផងដែរ ដូច្នេះហើយ​ទើបធ្វើធូរេន​ធ្លាក់ថ្លៃ​ទៅតាម​នឹងផងដែរ ។

គួរបញ្ចាក់ផងដែរ សម្រាប់ខេត្តកំពតនេះផ្ទាល់​ គឺល្បីល្បាញតាមរយៈការដាំដុះធូរេន​ដែលមានដីអំណោយផល​ពីធម្មជាតិ ជាពិសេសគឺមានរមណីដ្ឋានល្បីឈ្មោះជាច្រើនៅដែលស្ថិនៅក្នុងខេត្តកំពតនេះផ្ទាល់៕

ប្រភព : Business Cambodia