រូបចម្លាក់ដាយ​ណូស័រ​​ លើ​ជញ្ជាំង​ប្រាសាទ​តាព្រហ្ម ជាប្រធាន​បទ​​ដ៏​ក្ដៅ​គគុក ​លើបណ្តាញសង្គមជុំវិញ​ពិភពលោក

0
968

សៀមរាប ៖ ដាយ​ណូ​ស័​រ​រំលេច​ទ្រនុង​បន្ទះ​លើ​ខ្នង​និង​ទ្រនុង​ស្រួចៗ​ផ្នែក​កន្ទុយ មិន​ទំនង​អាច​ជា​រូបភាព​ចម្លាក់​ផុស​លើ​ជញ្ជាំង​ប្រាសាទ​តាព្រហ្ម ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី ១២ ខណៈ​ក្រុម​អ្នក​ស្រាវជ្រាវ​ពី​ហ្វូស៊ីល​វិទ្យា បាន​អះអាង​ថា​ពពួក​សត្វ​ដាយណូស័រ​បាន​ផុត​ពូជ​តាំង​ពី ៦៥ លាន​ឆ្នាំ​មុន។

បើទោះបីជា​ចម្លាក់​សត្វ​ដែល​គេ​ជឿថា​ជា​ដាយ​ណូ​ស័​រលើ​ប្រាសាទ​តាព្រហ្ម​ត្រូវបាន​ចុះ​ផ្សាយ​ទាំង​សារ​ព័ត៌មាន​ក្នុង​ស្រុក និង​អន្ដរជាតិ​យ៉ាង​ណា​ក៏ដោយ​ក៏​ប្រធាន​បទ​នេះ​ត្រូវ​បាន​យក​មក​ជជែក​ដេញ​ដោល​ទាំង​ស្រពេច​ស្រពិល​ថា​ជា​ដាយណូស័រ ឬ​គោ ឬ​រមាស។

អ្នក​ជឿ​លើ​អាទិទេព​បង្កើត​លោក​និង​មាន​ជំនឿ​អរូបី​បាន​និយាយថា ដាយ​ណូស័រ​លើ​ជញ្ជាំង​ប្រាសាទ​បុរាណ​ជា​ភ័ស្តុតាង​បញ្ជាក់​ច្បាស់​ពី​សត្វ​បុរេប្រវត្ដិ​នេះ​នៅ​មាន​ជីវិត​រស់ និង​បាន​រួមរ​ស់​ជាមួយ​មនុស្ស​នូវ​រយៈពេល ១ ម៉ឺន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​គេហទំព័រ Daily Star ចុះ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ។

Daily Star បាន​ដក​ស្រក់​អត្ថបទ​ក្នុង UFO Sightings Footage ដោយបាន​សរសេរ​ថា៖ «អ្វី​ទាំង​អស់​ដែល​រំលេច​រូបភាព​ដាយណូស័រ ឬ​សត្វ​ស្រដៀង​ដាយណូស័រ​នៅ​មុន​ឆ្នាំ ១៨០០ មិន​គួរ​មាន​នៅ​លើ​លោក​នេះ​ទេ ពីព្រោះ​ដាយណូស័រ​បាន​ផុត​ពូជ​តាំង​ពី​មុន​មនុស្ស​កកើត​ឡើង​ម្ល៉េះ»។

ទស្សនាវដ្ដី​អន​ឡាញ atlasobscura មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ផ្សាយ​ថា រូប​ចម្លាក់​ដ៏​តូច​នៅ​កៀន​ជញ្ជាំង​ប្រាសាទ​តាព្រហ្ម ឬ​ប្រាសាទ Tomb Raider ជា​រូប​គោ ឬ​រមាស ដោយ​មាន​ស្លឹក​ត្នោត​អម​​ពី​ក្រោយ ដែល​ងាយ​ធ្វើ​ឲ្យ​ច្រឡំ​ជា​ទ្រនុង​ដាយណូស័រ​អម្បូរ Stegosaurus។

ដោយ​ដកស្រង់​តាម​អ្នកមាន​ជំនឿ ទស្សនាវដ្ដី បាន​បន្ដថា៖ «ដាយ​ណូ​ស័​រ ពិតជា​អាច​បន្ដ​រស់នៅ​យូរ​ជាង​ការ​ស្រាវជ្រាវ​ឃើញ​ទៀត។ ប្រហែល​ជា​ដោយសារ​សីតុណ្ហភាព​ក្ដៅ ហើយ​សើម ក្នុង​តំបន់​ព្រៃ​បុរាណ​អាស៊ី​អាគ្នេយ៍ សត្វ​យក្ស​មួយ​ចំនួន​អាច រស់នៅ​សុខសាន្ដ​រហូត​ដល់​សម័យ​អាណាចក្រ​ខ្មែរ»។

ជាមួយនឹង​សំណើ​ចបែប​ហួស​ចិ​ត្ដ​ផង និង​មិន​ច្បាស់​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ផង លោក ឡុង កុសល ជា​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អគ្គនាយក​ដ្ឋាន​អាជ្ញាធរ​អប្សរា ហាក់​មាន​ការ​ភ្ញាក់​ផ្អើល​ទៅ​នឹង​ព័ត៌មាន​ចម្លាក់​ដាយ​ណូស័រ​លើ​ជញ្ជាំង​ប្រាសាទ​បុរាណ​ខ្មែរ។

លោក បាន​និយាយថា៖ «យី​នៅ​ប្រាសាទ​តាព្រហ្ម​មាន​ដាយ​ណូស័រ។ អត់​ដឹង​សត្វ​អ្វី​ដែរ។ ចង់​ដឹង ចាំ​ថ្ងៃ​ណា ឡើង​មក​លេង ខ្ញុំ​ជូន​ទៅ​មើល​ឲ្យ​ឃើញ​ទាំងអស់។ ខ្ញុំ​អត់​ដឹង​មែន។ គ្មាន​អ្វី​បញ្ជាក់​ច្បាស់​ថា​ជា​ដាយណូស័រ។ គេ​ថា​ក្រពើ​ក៏​ថា​បាន។ គេ​ថា​បង្កួយ​ក៏​ថា​បាន»។

Content image - Phnom Penh Post

ភ្ញៀវទេសចរ​បរទេស​ចង្អុល​បង្ហាញ​រូប​ចម្លាក់​ដាយណូស័រ​​​។ មាស សុវណ្ណារ័ត្ន​

ដោយមាន​ចម្ងល់ និង​ចង់ដឹង​ចង់ឃើញ​ចម្លាក់​ដាយណូស័រ​ភ្ញៀវទេសចរ​ដែល​ទស្សនា​ប្រាសាទ​ឫស​ឈើ ឬ​បរទេស​រមែង​ហៅថា Tomb Raider Temple មិន​ភ្លេច​ឈ្លេច​សួរ​មគ្គុទេ្ទសក៍​ពី​ទីតាំង​ចម្លាក់ និង​សុំ​ការ​បក​ស្រាយ​ពី​វត្ដមាន​សត្វ​អាយុកាល​រាប់​រយ​លាន​ឆ្នាំ​មុន​នេះ។

លោក​មាស សុ​វណ្ណា​រ័ត្ន ជាម​គ្គុ​ទេ្ទ​សក៍ភាសា​អង់គ្លេស​មាន​បទពិសោធ​ជិត ១០ ឆ្នាំ​បាន​ប្រាប់​ថា៖ «ខ្ញុំ​ក៏​មិន​ច្បាស់​ថា​វា​ជា​ដាយណូស័រ ឬ​ជា​គោ​រមាស​នោះ​ទេ។ ខ្ញុំ​ប្រាប់​ភ្ញៀវ​ទៅ​តាម​អ្នក​ដទៃ​ជឿថា​ជា​ប្រភេទ​សត្វ​អ្វី​ដូចគ្នា»។

យ៉ាងណាមិញ ពាក់ព័ន្ធ​នឹង​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​នេះ លោក ធុយ ចាន់​ធួន សាស្ដ្រាចារ្យ​បុរាណវិទ្យា​នៅ​រាជបណ្ឌិត្យ​សភា បាន​ឆ្លើយ​តប​យ៉ាង​មាន​ទំនុក​ចិត្ដ​ថា៖ «បាទ! ប្រាកដ​ជា​ដាយណូស័រ​មែន។ យើង​ដឹង​យូរ​មែន។ វា​ជា​ប្រភេទ​ដាយណូស័រ​ស៊ី​ស្មៅ Stegosaurus មុខ​ស្រដៀង​នឹង​រមាស។ តាម​ខ្ញុំ​ដឹង ចម្លាក់​ដាយណូស័រ​មាន​តែ​មួយ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​តាព្រហ្ម​នេះ​ទេ»។

ចំពោះ​ទំនាក់ទំនង​រវាង​ដាយ​ណូ​ស័​រ និង​ពលរដ្ឋ​ខ្មែរ​សម័យ​កសាង​ប្រាសាទ​តាព្រហ្ម​សតវត្សរ៍​ទី ១២ នេះ​លោក​បន្ដ​ថា មនុស្ស​សម័យ​ដើម​យល់​ពី​បាតុភូត​ធម្មជាតិ​និង​ការ​វិវត្ដ​របស់​ធម្មជាតិ។ អ្នក​កសាង​អង្គរ និង​ជាង​ចម្លាក់ គឺជា​អ្នក​វិទ្យាសាស្ដ្រ។

សាស្ដ្រាចារ្យ​រូបនេះ​បាន​បន្ដថា៖ «ពួកគាត់​យល់ដឹង​ជ្រៅ​ពី​បច្ចេកទេស​ភូមិសាស្ដ្រ​ប្រវត្ដិសាស្ដ្រ​ធរណី​សាស្ដ្រ។ ជាក់​ស្ដែង​ពួកគាត់​អាច​ប្រើ​យុទ្ធសាស្ដ្រ​កាត់​ថ្ម និង​រំលាយ​ដែក​បាន​ស្មើ​ស្អាត​ដែល​សូម្បី​តែ​យក​ក្រដាស​រ៉ាម​មិន​អាច​ស៊ក​តាម​គ្រាប់​ស្នឹង​របស់​ប្រាសាទ​នោះ​ទេ។ នេះ​ជា​លក្ខណៈ​វិទ្យាសាស្ដ្រ​ពិត​របស់​វិស្វករ​ខ្មែរ​ជំនាន់​ដើម»។

លោក​បញ្ជាក់ថា​អ្នកសិល្បៈ​ដែល​ឆ្លាក់​រូបចម្លាក់​នានា​នៅលើ​ប្រាសាទ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ។ បរិវេណ ជុំវិញ​អង្គរ​គឺជា​ភូមិ​មនុស្ស​រស់​នៅ ជា​ពិសេស​ជា​ភូមិ​ឋាន​មន្ដ្រី​ធំៗ​រស់​នៅ។ នៅ​លើ​ពិភពលោក​គ្មាន​នរណា​អាច​រៀបចំ​រចនា​សម្ព័ន្ធ​ទីក្រុង​ដ៏​ធំ​ជាង​គេ ដូចជា​នៅ​អង្គរ​នេះ​ទេ។

ឆ្លើយតប​នឹង​ចម្ងល់ ក៏ដូចជា​ការចុះផ្សាយរ​បស់​សារព័ត៌មាន​បរទេស​ដែល​អះអាងថា ដាយណូស័រ​បាន​រស់​នៅ​ជុំគ្នា​ជាមួយ​មនុស្ស​សម័យ​បុរាណ​នៅ​កម្ពុជា​នោះ លោក​សាស្ដ្រាចារ្យ​ចាន់ធួន បាន​បក​ស្រាយ​ថា៖ «តាម​ពិត ពួកគាត់​បាន​យល់​អំពី​វិទ្យាសាស្ដ្រ ដែល​សត្វ​ដាយណូស័រ​ប្រាកដ​ជា​មាន​ជីវិត​នៅ​លើ​ផែនដី»។

លោក​លើកឡើងថា ជាក់ស្ដែង​កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៣០ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រកឃើញ​ឆ្អឹង​ដាយណូស័រ​នៅ​ចំប៉ា​សាក់ (បច្ចុប្បន្ន​ជា​ទឹកដី​របស់​ឡាវ) ហើយ​ថ្មីៗ​នេះ​យើង​បាន​ឃើញ​ស្លាក​ស្នាម​ជើង​ដាយណូស័រ​នៅ​បាត់ដំបង​ដោយ​ក្រុម​កម្មករ​ខូងរ៉ែ។ ដូច្នេះ​មនុស្ស​យើង​រស់​នៅ​លើ​ទឹកដី​ចាស់​តាម​ពី​សម័យ​យុគ​ថ្ម​បំបែក។

ប្រាសាទតាព្រហ្ម ឬ​ប្រាសាទ​ដើមឈើ​ដែល​ស្ថិតនៅ​វង់​តូច​ទៅ​តាម​ផ្លូវ​ទ្វារ​ជ័យ មាន​កសិណ​ទឹក​ព័ទ្ធ​ជុំវិញ ២ ជាន់ ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ១១៨៦ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ សម្រាប់​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា​មហាយាន និង​បូជា​ថ្វាយ​ដល់​គុណ​ព្រះមាតា​របស់​ព្រះអង្គ៕​ ប្រភព : ភ្នំពេញប៉ុស្តិ៍