
ខេត្តព្រៃវែង ៖ ដីដុះ គឺជាកន្លែងងូតទឹកលេងកំសាន្តមួយដ៏ពេញនិយមសំរាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បើទោះបីជាទីតាំងមួយនេះនៅមិនទាន់មានការរៀបចំឱ្យបានសមស្រប និងមិនទាន់មានអ្នកគ្រប់គ្រងឱ្យបានច្បាស់លាស់ក៏ដោយ។
ទីកំសាន្តមួយនេះស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ហើយក្នុងមួយថ្ងៃៗមានអ្នកមកងូតទឹកលេងកំសាន្តពី១០០នាក់ទៅ២០០នាក់សំរាប់ថ្ងៃធម្មតា ចំណែកនៅថ្ងៃបុណ្យផ្សេងៗដូ ចជាបុណ្យភ្ជុំ និងបុណ្យចូលឆ្នាំជាដើមបានកើតឡើងពី ៥០០នាក់ ទៅដល់១.០០០នាក់ឯណោះ។
ដោយមើលឃើញពីសក្តានុពលដ៏ធំធេងនៃតំបន់ដីដុះមួយនេះ កាលពីនៅព្រឹកថ្ងៃទី១៦ កក្កដា ២០១៥ អាជ្ញាធរខេត្ត ដែលដឹកនាំដោយលោក អ៊ុំ វណ្ណា អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ចុះទៅត្រួតពិនិត្យទីតាំងតំបន់ដីដុះនេះ ដើម្បីរៀបចំផែនការកែលម្អតំបន់មួយនេះឱ្យក្លាយទៅជាតំបន់រមណីយដ្ឋានដ៏ស្រស់ស្អាត និងពេញនិយមសំរាប់ខេត្តព្រៃវែង ។
លោក អ៊ុំ វណ្ណ បានបញ្ជាក់ឱ្យអ្នកយកព័ត៌មានដឹងថា ដើម្បីធ្វើឱ្យតំបន់ដីដុះនេះក្លាយទៅជារមណីយដ្ឋានមួយដែលមានស្តង់ដា គឺចាំបាច់យើងត្រូវតែរៀបចំឱ្យមានអ្នកគ្រប់គ្រងមួយដ៏ច្បាស់លាស់ជាមួយនឹងការបំពាក់នូវឧបករណ៍មួយចំនួនដូចជា ពោងសុវត្ថិភាព ពោងបញ្ជាក់ពីតំបន់ទឹកជ្រៅ និងរាក់ ខ្ចូសសំរាប់ភ្ញៀវអង្គុយទទួលទានអាហារ បង្គន់អនាម័យ និងធុងសំរាមជាដើម ហើយជាពិសេសគឺក្រុមជួយសង្គ្រោះនៅពេលមានហេតុការណ៍អ្វីមួយកើតឡើង ៕