ដើមចន្ទន៍ក្រឹស្នាកំពុងមានទីផ្សារខ្ពស់ ខណៈប្រជាពលរដ្ឋស្ទើតែបំភ្លេចដំណាំនេះ

0
1163

ភ្នំពេញ៖ ដើមចន្ទន៍ក្រឹស្នាខ្មែរ កំពុងមានទីផ្សារខ្ពស់ ទាំង​នៅ​ក្នុង​ស្រុក​ និងក្រៅ​ស្រុក​ជាពិសេស​ប្រទេស​មជ្ឍិមបូព៌ា និងចិន ខណៈប្រជាជនកម្ពុជា​មួយ​ចំនួន​ស្ទើតែបំភ្លេចដំណាំនេះបាត់ទៅហើយ។

លោកស្រី កែវ សុគន្ធា នាយិកាក្រុមហ៊ុនធូបចន្ទន៍ក្រឹស្នាខ្មែរ មានប្រសាសន៍ថា «ប៉ុន្មាន​ទស្ស​វត្ស​កន្លង​មកនេះ ប្រជាកសិករខ្មែរយើង បានដាំដើមចន្ទន៍ក្រឹស្នាយ៉ាងច្រើន ជាពិសេស គឺប្រជាក​សិករ​នៅ​ខេត្តព្រះ សីហនុ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង​ និង​ខេត្តពោធិ៍​សាត់ ​ជា​ដើម ប៉ុន្តែ​រហូត​មក​ដល់​ពេលបច្ចុប្បន្ននេះ ប្រជាកសិករ​យើង​មិន​ទាន់​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ ដើម្បី​បង្កើត​រោង​ចក្រ​ចម្រាញ់​ប្រេងចន្ទន៍ក្រឹស្នា និងកែច្នៃដើមចន្ទន៍ក្រឹស្នា ជា​ផលិត​ផល​ផ្សេង​នៅ​ឡើយ​ទេ។ ជាពិសេស​ពួក​គាត់​ក៏មិនទាន់​មាន​ទីផ្សារ​ក្នុង​តំបន់​និង​អន្តរ​ជាតិ​ពិត​ប្រាក​ដ​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ដំណាំ​ចន្ទន៍​ក្រឹស្នា​រ​បស់ពួកគាត់ដែរ»។

កត្តាប្រឈមទាំងនេះ ហើយដែលធ្វើឲ្យប្រជាកសិករមួយចំនួនធំបាត់បង់ក្តីសង្ឃឹម និង​លែង​ចង់​ថែទាំង​ដំណាំចន្ទន៍​ក្រឹស្នានេះ​រហូតដល់សព្វថ្ងៃ។

ចំណែកលោកស្រី នួន ប៊ុនណា មានប្រសាសន៍ថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ មាន​ដើម​ចន្ទន៍​ក្រឹស្នាជាច្រើនលានដើម ត្រូវបានដាំនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែការ​ពង្រឹងគុណ​ភាព​នៅ​មាន​ចន្លោះ​ខ្វះខាតនៅឡើយ ដោយសារធនធានប្រើប្រាស់ក្នុងកិច្ចការនេះនៅមានកម្រិត។

អ្នកដាំដើមចន្ទន៍ក្រឹស្នាមួយចំនួនបានធ្លាក់ទឹកចិត្ត ដោយសារការលូតលាស់​ដើមចន្ទន៍​ក្រឹស្នា​ត្រូវ​ប្រើពេល​យូរ និងមិនសូវមានគុណភាព ហើយលទ្ធផលទទួលបាននៅមានកម្រិតទាប ដែល​មិន​អាច​ផ្តល់​និរន្តរ​ភាព​ដល់​ការផ្គត់ផ្តង់ទីផ្សារ ។

តែថ្មីនេះដំណាំនេះហាក់មានសំទុះទីផ្សារខ្ពស់ ខណៈដែល​ប្រជាកសិករ​យើង​នៅមិន​ទាន់​មាន​លទ្ធ​ភាព​​ផ្គត់ផ្គង់ដល់តម្រូវការទីផ្សារ ជាក់ស្តែងក្រុមហ៊ុនថៃ First Capital Global Co.,ltd បាន​បោះទុន​វិនិ​យោគ ១០០ លានដុល្លារ លើការដាំដុះដើមចន្ទន៍ក្រឹស្នា ១ លានដើម ព្រមទាំង​សហការ​ជាមួយក្រុម​ហ៊ុនធូបចន្ទន៍​ក្រឹស្នាខ្មែរ ដើម្បី​កសាង​រោង​ចក្រច​ម្រាញ់​ប្រេងចន្ទន៍​ក្រឹស្នា​នៅ​ខេត្តព្រះ​សីហនុ។

លោក សៀន ហ្គុ នាយកក្រុមហ៊ុន First Capital Global Co.,ltd ឲ្យដឹងថា «ដំណាំចន្ទន៍​ក្រឹស្នា​ត្រូវ​បាន​យក​ទៅចម្រាញ់ជា ប្រេង ទឹកអប់ គ្រឿងសម្អាង ឱសថ អាស្រ័យ​តាមប្រភេទប្រេង ដូច​ជា​ប្រភេទ​ប្រេងដែលចម្រាញ់ជាឱសថត្រូវនាំចេញទៅជប៉ុន ប្រភេទ​ដែល​ចម្រាញ់​ជាទឹក​អប់​ត្រូវ​នាំចេញ​ទៅឌូបៃ និ​ងសហព័ន្ធអារ៉ាបរួម»។

លោកស្រី កែវ សុគន្ធា ក៏បានបញ្ជាក់ថា «ដំណាំចន្ទន៍​ក្រឹស្នានេះ​ជាដំណាំ​ដែលទទួល​ការគាំទ្រពីរាជ​រដ្ឋាភិបាល​ទាំងចរាចរណ៍ក្នុងស្រុក និងការនាំចេញ ជាក់ស្តែង​ផលិតផល​ធូបចន្ទន៍​ក្រឹស្នានេះ​ត្រូវបាន​ចរាចរណ៍​នៅកម្ពុជាជាង ៣ឆ្នាំរួចមកហើយ»។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា «កន្លងមក​ផលិត​ផលចន្ទន៍​ក្រឹស្នាខ្មែរ​បាននាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី អារ៉ាប កាន់តែពិសេសគឺប្រទេសនៅមជ្ឍិមបូព៌ា ដែល​មានការពេញនិយមច្រើន អាចក្លាយជាទីផ្សារធំមួយនៅថ្ងៃក្រោយ»។

ឯកឧត្តមបន្ថែមថា កន្លងមកដំណាំចន្ទន៍ក្រឹស្នាមានដាំនៅប្រទេសវៀតណាម ឡាវ ម៉ាឡេស៊ី ហើយ​កម្ពុជា​សព្វថ្ងៃមានដាំនៅខេត្តព្រះសីហនុ ចំណែកការដាំដុះក៏មិនត្រូវការដីល្អប៉ុន្មានដែរ ។

ជាចុងក្រោយ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តឲ្យប្រជាជនចាប់ផ្តើមស្រាវជ្រាវ និងយល់ដឹងពីដំណាំនេះឲ្យបានច្រើន ព្រោះដំណាំនេះកំពុងមានសំទុះទីផ្សារខ្លាំង ហើយរដ្ឋាភិ​បាល​ក៏បាន​ជម្រុញ​ឲ្យមានការដាំដុះ និងការវិនិយោគ ពីក្រុមហ៊ុននានាផងដែរ៕