នៅដើម​ខែ​ឧសភានេះ! នឹង​មាន​ការ​ដាក់​តាំង​ពី​ព័រ​ណ៍​រូបថត​ស្តី​ពី​ជីវភាព​អ្នក​ធាក់​ស៊ីក្លូក្រោម​ប្រធាន​បទ​រួម​មួយ​ថា «អ្នក​ធាក់​ស៊ីក្លូ​នៅ​ទីក្រុង​ភ្នំពេញ​ស្តេច​នៅ​តាម​ដង​ផ្លូវ»

0
846
អ្នកធាក់​ស៊ីក្លូ នៅ​ចាំ​អ្នកជិះ​ម្តុំ​ផ្សារ​ធំ​ថ្មី​ ដែល​បាន​ថត​នៅក្នុង​ចន្លោះ​ឆ្នាំ​ ១៩៩៦-៩៩។

ភ្នំពេញៈ ចាប់ពី​វេលា​ល្ងាច​ម៉ោង ៦ កន្លះ នៃ​ថ្ងៃទី៤ ខែ ឧសភា ឆ្នាំ ២០១៨ នឹង​មាន​ការ​ដាក់​តាំង​ពី​ព័រ​ណ៍​រូបថត​ស្តី​ពី​ជីវភាព​អ្នក​ធាក់​ស៊ីក្លូ នៅ​មជ្ឈមណ្ឌល​បុប្ផាណា នៅ​ក្រោម​ប្រធាន​បទ​រួម​មួយ​ថា «អ្នក​ធាក់​ស៊ីក្លូ​នៅ​ទីក្រុង​ភ្នំពេញ​ស្តេច​នៅ​តាម​ដង​ផ្លូវ» ចូលរួម​ទស្សនា​ដោយ​សេរី។

ក្រោយពី​បានរស់នៅ និង​សិក្សា​ស្វែងយល់​អំពី​ជីវភាព​ប្រជាជន​ខ្មែរ នៅក្នុង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ប្រមាណ​ជាង ១០ ឆ្នាំ​មក​នោះ​ក៏​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ប្រកប​មុខរបរ​របស់​ពលរដ្ឋ​ខ្មែរ​គឺ​អ្នក​ធាក់​ស៊ីក្លូ កាល​ពី​ចន្លោះ​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ១៩៩៩ គឺ​បន្ទាប់​ពី​បុរស​ជា​ជន​ជាតិ​ជប៉ុន​លោក អេអ៊ីជីរ៉ូ ហាយ៉ាស៊ី បាន​មក​បម្រើ​ការងារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

បើតាម​បុគ្គលិក​ផ្នែក​ទំនាក់ទំនង និង​ព័ត៌មាន​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា អេង ចាន់លីតា បាន​បង្ហើប​ឲ្យ​ដឹង​អំពី​គោល​បំណង​នៃ​ការ​បើក​តាំង​ពិព័រណ៍​នេះ​ថា៖ «ពិព័រណ៍​នេះ​បង្ហាញ​ពី​ការ​ជ្រើសរើស និង​ចង​ក្រង​រូប​ថត​អ្នក​ធាក់​ស៊ីក្លូ នៅ​ជុំវិញ​ផ្សារ​ធំថ្មី​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ត្រូវ​បាន​ថត​រូប​ដោយ​ជនជាតិ​ជប៉ុន គឺ​លោក​អេអ៊ីជីរ៉ូ ហាយ៉ាស៊ី អស់​រយៈពេល ៤ ឆ្នាំ ដែល​គិត​ចា​ប់ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ១៩៩៩។ បើ​តាម​ពិត​ទៅ​នោះ​លោក​អេអ៊ីជីរ៉ូ ហាយ៉ាស៊ី មិន​មែន​ជា​អ្នក​ថត​រូប​អាជីព ឬ​សិល្បករ​នោះ​ទេ គឺ​លោក​គ្រាន់​តែ​មក​បម្រើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​បុគ្គលិក​បម្រើការ​ផ្នែក​ទីប្រឹក្សា​នៃ​អង្គការ JICA តែ​ប៉ុណ្ណោះ។

តែដោយសារ​លោក​មាន​ក្តី​ស្រឡាញ់​ខ្លាំង​លើ​យានជំនិះ​មួយ​នេះ ទើប​លោក​យក​រូបថត​ទាំង​នោះ​ដែល​ជា​បណ្តុំ​រូប​ថត​នៃ​ក្រុម​អ្នក​ធាក់​ស៊ីក្លូ​នៅ​ក្នុង​តំបន់​ផ្សារ​ធំថ្មី​តាំង​បង្ហាញ​តែ​ម្តង»។

បុគ្គលិក​ផ្នែក​ទំនាក់ទំនង​និង​ព័ត៌មាន​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា អេង ចាន់​លីតា បាន​បន្តថា៖ «ចំពោះ​រូប​ថត​ចំនួន ២៥ សន្លឹក​នេះ នឹង​បង្ហាញ​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ ដែល​ពួក​គាត់​ប្រើប្រាស់​ស៊ីក្លូ ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​សាមញ្ញ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ពេល​នោះ​ប្រើ​សម្រាប់​ជិះ។ លោក​អេអ៊ីជីរ៉ូ ហាយ៉ាស៊ី បាន​ធ្វើការ​នៅ​ក្រុង​ភ្នំពេញ ជា​លើក​ដំបូង​នៅ​ក្នុង​ជីវិត​របស់​លោក​ចាប់​តាំង​ពី​ខែ មេសា ឆ្នាំ ១៩៩៦ ដល់​ខែ កក្កដា ឆ្នាំ ១៩៩៨ ហើយ​លោក​ក៏មាន​សំណាង​បាន​ត្រឡប់​មក​ធ្វើ​ការងារ​នៅ​ស្រុក​ខ្មែរ​វិញ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយៗ​មក​គឺ​លោក​បាន​ចុះ​ឡើង​មក​កម្ពុជា​បាន​ចំនួន ២-៣ លើក​ទៀត​នោះ។ លោក ក៏បាន​ចំណាយ​ពេល​ជាង ១០ ឆ្នាំ​រស់​នៅ​ទីក្រុង​ភ្នំពេញ»។

គួរ​បញ្ជាក់ដែរថា ការតាំងពិព័រណ៍ រូបថត​អ្នកធាក់ស៊ីក្លូ​នេះ នឹងដាក់​តាំង​ចាប់ពី​ថ្ងៃទី ៤ ទៅ​ដល់​ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៨ នៅឯ​មជ្ឈមណ្ឌល​បុប្ផាណា ហើយ​ការ​ចូល​ទស្សនា​គឺ​ដោយ​សេរី៕ ប្រភព : ភ្នំពេញប៉ុស្តិ៍