ស្របពេលដែលតម្លៃត្រី សាច់ និងបន្លែ ដែលផលិតផលបាននៅកម្ពុជាកំពុងធ្លាក់ថ្លៃ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើយកកូនលក់ ក៏កំពុងតែពិបាកចិត្តនឹងការទម្លាក់ថ្លៃពីឈ្មួញវៀតណាមផងដែរ។
លោក ស៊ា បូរិន ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខេត្តសៀមរាម បានឲ្យដឹងថា៖ ប្រជាជនកម្ពុជាដែលរស់នៅជាប់នឹងបឹងទន្លេសាប ភាគច្រើនបានចាប់ផ្តើមការងារចិញ្ចឹមក្រពើយកកូនលក់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។
លោកបន្តថា៖ ក្រពើចាប់ផ្តើមផ្តល់ពងបានលុះត្រាតែវាមានអាយុពី ៦ ទៅ ៧ឆ្នាំ ហើយសម្រាប់ប្រជាកសិករដែលចាប់ផ្តើមចិញ្ចឹម ពួកគាត់ជាធម្មតាច្រើនទិញក្រពើដែលដល់អាយុត្រូវពងតែម្តង ដោយក្រពើដែលអាយុប្រមាណ ៦ឆ្នាំ មានប្រវែងជាង ៣ម៉ែត្រ ត្រូវបានទិញក្នុងតម្លៃប្រមាណ ១,២០០ដុល្លារអាមេរិក ក្នុងមួយក្បាល។
កាលពីមុន តម្លៃកូនក្រពើដែលទើបនឹងញាស់ថ្មីៗ ត្រូវបានឈ្មួញជាជនជាតិខ្មែរទទួលទិញក្នុងតម្លៃពី ២០ ទៅ ២៥ដុល្លារ ក្នុងមួយក្បាល បន្ទាប់មកពួកគេនឹងយកទៅលក់បន្តឲ្យវៀតណាម ហើយវៀតណាម នឹងនាំចេញម្តងទៀត ទៅកាន់ប្រទេសចិន ព្រោះចិនជាទីផ្សារធំដែលទទួលទិញក្រពើច្រើនជាងគេ។
តម្លៃនៃកូនក្រពើបានបន្តធ្លាក់ថ្លៃតាំងពី ២៥ដុល្លារ មកនៅត្រឹម ១៦ដុល្លារ ហើយមកកល់ពេលនេះ វាអាចលក់បានត្រឹមតែ ១២ដុល្លារប៉ុណ្ណោះក្នុងមួយក្បាល ជាហេតុធ្វើឲ្យអ្នកចិញ្ចឹមក្រពើត្រូវទឹកភ្នែក និងកំពុងព្រួយបារម្ភណ៍ពីការធ្លាក់ថ្លៃបន្តទៀត។
គួរជម្រាបផងដែរថា ក្រពើអាចផ្តល់ពងបានមួយឆ្នាំតែម្តងគត់ ដែលមានប្រមាណពី ៣០ ទៅ៤០ពង ហើយវាអាចផ្តល់ពងបានរហូតដល់ ៣០ឆ្នាំឯណោះ៕
ប្រភពពី Business Cambodia