
ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើ ដែលមានទីតាំងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ទីផ្សារបច្ចុប្បន្ន កូនក្រពើ ១ក្បាលថ្លៃ ១៥-២០ដុល្លារអាមេរិក ចិញ្ចឹមបានអាយុ ៣ឆ្នាំតម្លៃ ៥-៦ដុល្លារក្នុងមួយគីឡូក្រាម ហើយជាបច្ចេកទេសក្រពើមានអាយុ ៣ឆ្នាំ ទើបស្បែករបស់វាមានគុណភាពល្អ ត្រូវតាមស្តង់ដារទីផ្សារនាំចេញ។

ការបង្ហើបរបស់លោក ខូយ ឈីន ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនេះ គឺបានធ្វើឡើងអំឡុងដំណើរចុះពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើ ដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។

លោក ខូយ ឈីន បានឲ្យដឹងថា មកទល់បច្ចុប្បន្ន កសិដ្ឋានរបស់លោកបានដំណើរការមកជាង ២០ឆ្នាំហើយ។ សព្វថ្ងៃកសិដ្ឋានមានមេ-បា ក្រពើ ចំនួន ១២០០ក្បាល និងជំទង់ចំនួន ៣២០០ក្បាល ចិញ្ចឹមលើផ្ទៃដី ១៦០០០ម៉ែត្រការ៉េ ដោយបែងចែកជាអាងមេ-បា ពូជ កូន និងក្រពើជំទង់។

លោកបានបន្តថា ទីផ្សារកូនក្រពើគឺប្រទេសវៀតណាម និងថៃ ហើយបច្ចុប្បន្នកម្ពុជា បាននាំចេញកូនក្រពើប្រមាណ ៣២ម៉ឺនក្បាលក្នុង១ឆ្នាំ ដោយឡែកកសិដ្ឋាននេះអាចនាំចេញបាន ១ ទៅ ១,៥ ម៉ឺនក្បាល។ ជាមធ្យមក្នុង ១ឆ្នាំ កសិដ្ឋានអាចរកបានចំណូលពី ១៥-២០ ម៉ឺនដុល្លារ។

បន្ទាប់ពីបានពិនិត្យកសិដ្ឋានរួចហើយ លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យកសិដ្ឋានសហការជាមួយរដ្ឋបាលជលផល ដើម្បីអនុវត្តការងារបច្ចេកទេសបន្ថែម ច្បាប់ ការងារសាយតេស្ត និងទីផ្សារធ្វើយ៉ាងណា ជំរុញទីផ្សារក្រពើកម្ពុជាដែលមានសក្តារនុពលខាងសេដ្ឋកិច្ច ឱ្យបានទូលំទូលាយ ពិសេសទីផ្សារចិន។ ម៉្យាងវិញទៀត គួរខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពទាំងការងារផលិតកម្ម និងកែច្នៃ ប្រសើរជាងនាំចេញកូន និងមេ-បាពូជ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារជូនដល់ពលរដ្ឋនៅមូលដ្ឋាន ហើយគួរសិក្សាពីលទ្ធភាពចិញ្ចឹមបង្កង ដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារ ខេត្តសៀមរាប៕
ប្រភព៖ ខ្លីៗ