ពលរដ្ឋនៅ​តាម​ដៃសមុទ្រកោះកុង​កំពុង​កាក់កប​ជាមួយ​របរ​បក​ក្ដាម​លក់​  

0
857

កោះកុង៖ ប្រជាពលរដ្ឋជាស្រ្តីមេផ្ទះច្រើនគ្រួសារ ដែលរស់នៅក្នុងភូមិតាមមាត់ព្រែកដៃសមុទ្រ ក្រុង ខេមរភូមិន្ទ កំពុង​កាក់​​កបគួរសមនឹងមុខ​របរបកសាច់ក្តាមស្ងោលក់ទៅអោយឈ្នួញកណ្តាល ដោយ​គ្រាន់​នឹងទទួលបានប្រាក់​ចំណូលប្រចាំថ្ងៃ​​បន្តិចបន្តួចមកផ្គត់ផ្គង់ជីវភាពគ្រួសារ។

ក្រុមស្រ្តីជាមេផ្ទះជាង៧០គ្រួសារ រស់នៅតាមមាត់ព្រែក ភូមិ១ សង្កាត់​ស្មាច់​មានជ័យ ពួគាត់​ក្រៅ​ពីកិច្ច​​កា​រមើល​ថែ​កូន​ចៅ​តូចៗ បាន​ឆ្លៀត​ពេលទំនេរ​ទទួលបក​សាច់​ក្តាម​ស្ងោរ​លក់​អោយ​ឈ្នួញ​កណ្តាល ដើម្បីយកលក់​បន្ត​ទៅ​ប្រទេស​ថៃ​តាមច្រកព្រំដែនចាំយាម​។

អ្នកស្រី វ៉ន យ៉ាន និងអ្នកស្រី វណ្ណ សុធារី មុខរបរបកសាច់ក្តាម បានឱ្យដឹងស្រដៀងគ្នា នៅថ្ងៃទី២៣ កុម្ភៈ​នេះថា នេះជាការងារបន្ទាប់បន្សុំ ត្រូវបានក្រុមស្រ្តីមេផ្ទះក្នុងភូមិពួកគាត់ តែង​ឆ្លៀត​ពេល​រកកំរៃ​បន្តិច​​បន្តួ​ច​គ្រាន់លើក​កម្ពស់​​ដោះ​ស្រាយ​ជីវ​ភាពក្នុងគ្រួសារប្រចាំថ្ងៃ។

ក្រុមស្រ្តីមេផ្ទះរស់នៅតាមមាត់ដៃព្រៃកសមុទ្រ លើកឡើងទៀតថា ជា​មធ្យមក្នុង១ថ្ងៃ ពួកគាត់​អាច​បកក្តាម​​ស្ងោរ​ចាប់​ពី ​៨ទៅ១០​គីឡូក្រាម ទៅតាមប្រភេទក្តាមតូចឬធំ ហើយ​ក្នុង​១​គីឡូ​ក្រាម អាច​លក់​បាន​ក្នុង​តម្លៃ៥ពាន់រៀល បើធៀបនឹ​ងឆ្នាំ​ទៅ តម្លៃតែ ៣ពាន់រៀលប៉ុណ្ណោះ។

រីឯសំបក​ក្តាម​ស្ងោរដែលបករួច​ហើយ​មិនចោលទេ គឺមានឈ្នួញទទួលទិញ​ធ្វើ​ជី​​ធម្ម​ជាតិ​​កសិកម្ម​ទៀត​ផង។ របរដកក្តាមយកសាច់លក់នេះ ធ្វើទៅតាមរដូវខែនេសាទសមុទ្រ ពេល​ណានេសាទ​បាន​ក្តាម​ច្រើនទៅ ក៏ទទួលទិន្ន​ផលច្រើន​ទៅ​តាមនោះដែរ ពោលគឺមិនទាន់ទៀតទេ ពិសេស​រដូវ​វស្សា​មិន​នេសាទ​ពុំសូវបានទេ។

គួរជម្រាបថា មុខរបររបកសាច់ក្តាមលក់ មិនមែន​ជាការងារអចិន្រ្តៃយ៍របស់ប្រជាពលរដ្ឋរស់នៅ​តាម​ភូមិ​​មាត់​សមុទ្រ​នោះ​ឡើយ​ ពោល​គឺមាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំបាន​ទៅចូល​បម្រើ​ការងារ​ជាបុគ្គ​លិក​-កម្មកររោ​ងចក្រតំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង និងចេញ​ទៅ​នេសាទលើផ្ទៃសមុទ្រ។

ចំណែក អ្នកស្រី កង ពឿន ឈ្នួលកណ្តាលដែលទទួលទិញសាច់ក្តាមដែលបកហើយ បានថ្លែងថា គាត់​ទទួល​ទិញ​ពី​ពល​រដ្ឋចាប់ពី​ព្រឹក​រហូតដល់យប់ម៉ោង៩ អោយមានសាច់ក្តាមលក់អោយខ្លួន គឺ​ទិញ​គ្រប់ពេលវេលា។

ក្រោយ​ទទួលទិញហើយ ពួកគាត់វេចខ្ជាប់ត្រៀម​បញ្ចូន​ទៅលក់បន្តអោយឈ្នួញប្រទេសថៃ។ ត្រង់ថា ឈ្នួលទិញ យកធ្វើអ្វីនោះ អ្នកស្រី ពឿន មិនបានអាចពន្យល់អោយច្បាស់លាស់នោះទេ។

បើតាមឈ្នួលកណ្តាលដដែល បញ្ជាក់បន្ថែមថា ក្នុង១ថ្ងៃៗ បាន​ទទួលទិញ​សាច់​​ក្តាម​ជាង​៣០០​គីឡូក្រាម ឬអាច​លើស​ពី​នេះ ប៉ុន្តែចំនួនកើន ឬថយ អាចប្រែប្រួលរដូវនេសាទផងដែរ។

សព្វថ្ងៃនេះ ឈ្នួលកណ្តាលមិនមែន មានតែរូបគាត់ម្នាក់ឡើយ។ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន កាលពីថ្ងៃ១៦ ខែកុម្ភៈ ថ្មីៗ​​​នេះ បាន​ចុះពិនិត្យ​សកម្មភាពពាក់ព័ន្ធជីវភាពរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នៅកោះកាពិ និង​កោះស្រឡៅ ស្ថិតឃុំកោះកាពិ ខេត្តកោះកុង។

ឯកឧត្តម ខៀវ បូរិន ក៏បានវាយតម្លៃថា កោះទាំងពីរនេះ មាន​សក្តា​នុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ ដែលរួមចំណែកសំខាន់សម្រាប់រកចំណូលលើកកម្ពស់ជីវភាពសហគមន៍ បន្ថែម​លើមុខរបរនេសាទក្តាម ត្រី មឹក បង្គារ ។ល។

ក្រសួងបរិស្ថានអំពាវនាវឱ្យយុវជន ជាពិសេសអ្នកទេសចរជាតិ និង​អន្តរ​ជាតិ ចាប់អារម្មណ៍ និង​ទៅ​កម្សាន្ត​នៅសហគមន៍ទេសចរណ៍ធម្មជាតិនានា ជាពិសេស​នៅ​សហគមន៍​ទាំង​ពីរ ដើម្បីជំរុញ​ការ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ ដែលបង្កើតការងារ និងសេដ្ឋ​កិច្ច​មូល​ដ្ឌាន​ ដែល​ចល​ករលើក​ទឹក​ចិត្ត​ដល់​ការចូលរួមក្នុងការពង្រឹងការការពារ និងអភិរក្ស​ធន​ធាន​ធម្ម​ជាតិ​។

បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅតាមតំបន់សមុទ្រក្នុងខេត្តកោះកុង ប្រកបមុខរបរជានេសាទ និងធ្វើ​កសិកម្ម​ជាង​៨០ភាគរយ។ កន្លងទៅ សម្រាប់ប្រជានេសាទសមុទ្រ ធ្លាប់ស្នើសុំអោយអាជ្ញាធរខេត្ត និង​មន្ទីរជំនាញពាក់ព័ន្ធ ជួយបង្កើនការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទលើផ្ទៃសមុទ្រ ក៏ដូចជាកំណត់ដែននេសាទ​អោយ​បា​ន​ច្បាស់​​លាស់ ជៀសវាង​មាន​សកម្ម​ភាព​លួច​ដែន​នេសា​ខុស​ច្បាប់​ពីប្រទេសថៃ៕