ក្រុមហ៊ុន​ផលិត​ដែក​​សំណង់​ធំៗ​មួយ​នៅ​ខ្មែរ​​ បង្កើន​ការផលិតទ្វេដងខណះតំរូវការប្រើប្រាស់ចាំបាច់!

0
970
លោក កាំង ឡេង

ក្រុមហ៊ុន​ផលិត​ដែក​ផ្ដោត​ទៅ​លើ​សំណង់​ធំៗ​ដូចជា ស្ពាន អគារ​ខ្ពស់ៗ មហាវិថី រោងចក្រ​ផលិត​ថាមពល ChungKang Steel Structure Cambodia (CSSC) បាន​ពង្រីក​ទីតាំង​ឡើង​មួយ​កម្រិត​ទៀត ដោយ​ពី​មុន​ផលិត​បាន ១ ៥០០តោនក្នុង ១ខែ ដំឡើង​មក ៣ ០០០តោន​ក្នុង ១ខែ​វិញ។

លោក Sun Chin I នាយក​គ្រប់​គ្រង CSSC បាន​និយាយ​ថា៖ “យើង​ចង់​ពង្រឹង និង​ពង្រីក​តាម​រយៈ​បណ្ដាញ ISI Group មិន​មែន​ដើម្បី​ត្រឹម​តែ​ចង់​ឲ្យ​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំ​ជាង​គេ​ក្នុង​ប្រទេស​ទេ តែ​ជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​តំបន់​តែ​ម្ដង ហើយ​ដោយ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Fuxin Steel Buildings យើង​បាន​សម្រេច​សមិទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​ជាច្រើន ដូចជា​គម្រោង​ចំណត​រថយន្ត​ដ៏​ធំ​របស់ AEON Mall ២ ជាដើម”។

CSSC បាន​បង្កើត​ឡើង​នៅ ២០១៥ ហើយ​ចាប់​ផ្ដើម​ប្រតិបត្តិការ​ឆ្នាំ ២០១៦ ដែល​ជា​ការ​វិនិយោគ​រួមគ្នា​របស់​ក្រុមហ៊ុន ៤ គឺ ISI Group ក្រុមហ៊ុន​ផលិត​ដែក​ល្បី​មួយ​នៅ​កម្ពុជា Fuxin Steel Buildings ជា​បុត្រ​សម្ព័ន្ធISI GROUP, China Steel Structure Corporation ជំនាញ​ផ្នែក​ផលិត​គ្រោង​បង្គំ​ដែក​របស់​តៃវ៉ាន់ និង Welhunt Materials Enterprise (WH) មាន​បទ​ពិសោធន៍​ជាង ២៥ឆ្នាំ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​សម្ភារ​ដែក។

លោក កាំង ឡេង អគ្គនាយក ISI Group បាន​លើក​ឡើង​ថា៖ “ឆ្នាំ​នេះ ក្រុមហ៊ុន​យើង រួម​គ្នា​ជាមួយ​នឹង​ដៃគូ និង​បណ្ដាញ​ផ្សេងៗ​ទៀត កំពុង​តែ​ព្យាយាម​ផ្សព្វផ្សាយ​យ៉ាង​ផុសផុល លើ​ការ​ប្រើប្រាស់​គ្រោង​បង្គំ​ដែក​សម្រាប់​សាងសង់​សំណង់​អគារ​ខ្ពស់ៗ ហើយ​យើង​ជឿជាក់​ថា សំណង់​គ្រោង​បង្គំ​ដែក អាច​ជួយ​ផ្គត់​ផ្គង់​កំណើន​នៃ​តម្រូវ​ការ ក្នុង​ការ​សាងសង់​អគារ​ខ្ពស់ៗ ហើយ​វា​នឹង​ដើរតួ​សំខាន់ ក្នុង​ការ​ជួយ​លើក​សម្រស់​អគារ​ខ្ពស់ៗ​ក្នុង​ទីក្រុង​របស់​យើង ក៏​ដូច​នៅ​តាម​បណ្ដា​ទីក្រុង​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ”។

ក្នុង​ថ្ងៃ​សម្ពោធ​រោង​ចក្រ CSSC ដែល​ទើប​ពង្រីក​នេះ ក្រុមហ៊ុន​ធំៗ​ខាង​លើ ក៏​បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី “ការ​លេច​ឡើង​នៃ​ការ​សាងសង់​អគារ​ខ្ពស់ៗ​ធ្វើ​ពី​គ្រោង​បង្គំ​ដែក​ក្នុង​ប្រទេស​កម្ពុជា” នៅ​សណ្ឋាគារ Raffle La Royal ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ប្រើប្រាស់​គ្រោង​បង្គំ​ដែក សម្រាប់​សាង​សង់​អគារ​ខ្ពស់ៗ និង​ដើម្បី​ឲ្យ​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ ចែក​រំលែក​ទស្សន​សំខាន់ៗ​ចំពោះ​ប្រធាន​បទ៕​ ប្រភព : sabay