អបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ២០១៨!

0
1097

ត្មាតនាំសំណាង! ត្មាតគឺជាប្រភេទសត្វស្លាបដ៏កម្រ និងមាន តួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ជាពិសេសក្នុងការសម្អាតបរិស្ថាន។ ត្មាតមិនសម្លាប់សត្វធ្វើជាអាហារនោះទេ ពួកវាស៊ីសាកសពស្អុយរលួយដែលងាប់ក្នុងព្រៃនិងក្បែរសហគមន៍ដែលអាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺនិងមេរោគ ហើយថែមទាំងជួយបង្កើនជីវភាពសហគមន៍តាមរយៈអេកូទេសចរណ៍ផងដែរ។
ជាអកុសល សត្វត្មាតនៅប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ដែលឈានទៅរកការ ផុតពូជខណៈពេលដែលលទ្ធផលនៃការអង្កេតតាមដានបានបង្ហាញថាចំនួនរបស់សត្វត្មាតបានធ្លាក់ចុះដល់៥០ភាគរយបើគិតចាប់តាំងពីឆ្នាំ២០០០មក។ ការធ្លាក់ចុះនេះត្រូវបានកត់សម្គាល់ជាពិសេសនៅតាមព្រៃឈើក្នុងតំបន់ការពារទេសភាពភាគខាងកើតនៃប្រទេសកម្ពុជាដែលជាទីតាំងកាលពីអតីតកាលយើងបានកត់ត្រាជាទៀងទាត់ចំនួនសត្វត្មាតយ៉ាងតិត ៣០ ក្បាលរាល់ពេលរាប់ម្តងៗ ខណៈពេលបច្ចុប្បន្ន កំណត់ត្រាខ្ពស់បំផុតស្ទើរមិនដល់ ១០ ក្បាលផង។ ស្ថានភាពសត្វត្មាតស្ថិតក្នុងការព្រួយបារម្ភបំផុតពីព្រោះលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសឆ្នាំនេះបានកត់ត្រា សត្វត្មាតបានតែ ១២១ ក្បាលបុណ្ណោះដែលនេះជាតួលេខទាបបំផុតក្នុងកំណត់ត្រាចាប់តាំងពីឆ្នាំ ២០០៣ មក។ តាមការសិក្សាក្នុងពេលថ្មីៗនេះបានបង្ហាញថាការបំពុលគឺជាកត្តាគំរាមកំហែងចម្បងដល់ចំនួនសត្វត្មាតនៅកម្ពុជា។

សត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានចំនួន ៣ ប្រភេទគឺ៖ ត្មាតភ្លើង ត្មាតត្នោតនិងត្មាតផេះ។ ប្រភេទសត្វត្មាតទាំងនេះត្រូវបានដាក់នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើពិភពលោក អាស្រ័យដោយចំនួនរបស់ពួកវាដែលមានក្នុងពិភពលោកបានធ្លាក់ចុះយ៉ាងលឿនបំផុត។

លោក Simon Mahood ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានមានប្រសាសន៍ថា៖ «តំបន់ភាគខាងជើងប្រទេសកម្ពុជាគឺជាកន្លែងតែមួយគត់នៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានចំនួនសត្វត្មាតច្រើនបំផុតដែលភ្ញៀវទេសចរអាចទស្សនាគម្រោងអាហាដ្ឋានសម្រាប់សត្វត្មាតស្ថិតនៅក្នុងភូមិដងផ្លិតក្នុងដែនជម្រកសត្វព្រៃឆែប»។
ប៉ុន្តែក្នុងអំឡុងពេលប្រាំឆ្នាំកន្លងមក យ៉ាងហោចណាស់សត្វត្មាតចំនួន ៣០ ក្បាលត្រូវបានសម្លាប់ដោយសារតែមានការរីកសាយទូទាំងប្រទេសក្នុងការប្រើប្រាស់ថ្នាំពុលនិងថ្នាំសម្លាប់សត្វល្អិតដោយពុំមានការគ្រប់គ្រងច្បាស់លាស់។ កត្តានេះបានបង្កជាការគំរាមកំហែងដ៏ខ្លាំងបំផុតដល់ប្រជាសាសន៍របស់សត្វត្មាតនៅក្នុងកម្ពុជាក៏ដូចជាផលប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។

Image may contain: bird and text

ក្រៅពីការបំពុល សត្វត្មាតនៅកម្ពុជាក៏កំពុងរងគ្រោះដោយសារការបាត់បង់ទីជម្រកនិងការកង្វះខាតចំណីដែលបណ្តាលមកពីការធ្លាក់ចុះនៃចំនួនសត្វព្រៃក្រចកជើងពីរនិងពាហនៈចិញ្ចឹមក្នុងស្រុក។ ការកើនឡើងនៃការបាត់បង់ព្រៃឈើនិងការផ្លាស់ប្ដូរដីព្រៃតាមរយៈដីសម្បទានសេដ្ឋកិច្ចនិងការកាប់ឆ្ការដីព្រៃបានជះឥទ្ធិពលដល់ការបាត់បង់ទីជម្រកសម្រាប់ពងកូននិងការកើនយ៉ាងខ្លាំងនូវការដាក់អន្ទាក់ដើម្បីចាប់សត្វព្រៃសម្រាប់យកសាច់ដែលជាមូលហេតុធ្វើឱ្យចំនួនប្រភេទសត្វជាចំណីរបស់សត្វត្មាតមានការថយចុះយ៉ាងខ្លាំង។ នេះមិនត្រឹមតែធ្វើឱ្យចំនួនសត្វព្រៃក្រចកជើងពីរដែលជាប្រភពអាហារចម្បងសម្រាប់សត្វត្មាតធ្លាក់ចុះនោះទេ ប៉ុន្តែវាថែមទាំងគំរាមកំហែងដល់ប្រភេទសត្វដែលកំពុងទទួលរងការគំរាមកំហែងមួយចំនួនផ្សេងទៀតដូចជា៖ ទន្សោង ខ្ទីង រមាំង និងខ្លារខិនជាដើម។ លើសពីនេះទៀត ចំនួនសត្វពាហនៈចិញ្ចឹមជាលក្ខណៈគ្រួសារក៏មានការថយចុះដោយសារការធ្វើទំនើបកម្មវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច សង្គម និងការកើនឡើងហានិភ័យផ្សេងៗ (ដូចជាការលួចសត្វពាហនៈនិងការបំពុល)។ ការថយចុះសត្វពាហនៈស្រុកនេះក៏ជាចំណែកនាំឱ្យចំណីអាហារសម្រាប់សត្វត្មាតកាន់តែខ្សត់ទៅនៅតាម តំបន់នានាដែលមានវត្តមានរបស់ពួកវា។
លោក សេង ទៀក ប្រធានអង្គការ WWF កម្ពុជាបានថ្លែងថា៖«តួលេខទាបបំផុតដែលបានកត់ត្រា ក្នុងឆ្នាំនេះ និងការធ្លាក់ចុះនៃចំនួនសត្វត្មាតដល់ទៅ៥០ភាគរយគិតចាប់ពីឆ្នាំ២០០០មក គឺជានិន្នាការ គួរឱ្យព្រួយបារម្ភ ហើយយើងត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាស្នូល នៃការធ្លាក់ចុះនេះ។ បើមិនដូច្នោះទេ ប្រភេទសត្វស្លាបដ៏កម្រនេះនឹងត្រូវផុតពូជពីតំបន់អាស៊ីអាគ្នេយ៍ ដែលជាកន្លែងតែមួយគត់ដែលយើងអាចមើលឃើញពួកវា»។
ព័ត៌មានគួរឱ្យព្រួយបារម្ភថែមទៀតសម្រាប់ការអភិរក្សសត្វត្មាតនៅកម្ពុជានៅឆ្នាំនេះគឺថាថ្នាំ Diclofenac ដែលជាប្រភេទថ្នាំព្យាបាលគោ ក្របី ឥឡូវនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ។ នៅប្រទេសឥណ្ឌាការប្រើប្រាស់ថ្នាំប្រភេទនេះបានធ្វើឱ្យចំនួនសត្វត្មាតធ្លាក់ចុះជាង៩០ភាគរយ។ លោកស្រីវេជ្ជបណ្ឌិត Julia Stenkat បសុពេទ្យនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បាននិយាយថា៖«ប្រសិនបើគោឬក្របីត្រូវបានព្យាបាលដោយប្រើប្រាស់ថ្នាំ diclofenac ភ្លាមៗមុនពេលវាស្លាប់ ហើយសត្វត្មាតស៊ីសាកសពគោក្របីទាំងនោះ នោះនឹងបណ្តាលឱ្យពួកវា ពុលស្លាប់ ពីព្រោះថ្នាំប្រភេទនេះផ្ទុកនូវជាតិពុលដែលបង្កឱ្យមានប្រតិកម្មសម្លាប់សត្វត្មាត ទោះជា សត្វស្រុកនោះត្រូវបានប្រើប្រាស់ថ្នាំប្រភេទនេះក្នុងកម្រិតតិចតួចក៏ដោយ»។ ដោយសារតែសត្វត្មាតនៅកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងការវិនាសផុតពូជ ក្រុមការងារអភិរក្ស សត្វត្មាតកម្ពុជាសូមសំណូមពរទៅដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីធ្វើការហាម ឃាត់ការនាំចូលថ្នាំព្យាបាលសត្វដែលមានផ្ទុកសារធាតុ diclofenac ដើម្បីការពារកុំឱ្យចំនួនសត្វត្មាត ធ្លាក់ចុះបន្តទៀត ដូចដែលបទពិសោធន៍កើតមានរួចហើយនៅប្រទេសឥណ្ឌា។
វាពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការអភិរក្សសត្វត្មាតឱ្យកាន់តែទូលំទូលាយនិងបង្ហាញពីសកម្មភាពអភិរក្សសំខាន់ៗដែលក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាបានធ្វើ ហើយទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិគឺជាឱកាសដ៏ល្អមួយដើម្បីផ្សព្វផ្សាយពីសារសំខាន់ៗស្តីពីសត្វត្មាត។ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាដែលមានសមាជិកស្នូលដូចជា៖ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ អង្គការ BirdLife WCS WWF និងACCB បាននិងកំពុងធ្វើការងារដើម្បីអភិរក្សសត្វត្មាតនៅកម្ពុជា តាមរយៈការបង្កើនការយល់ដឹង ការផ្តល់ចំណីជាសត្វពាហនៈស្រុកបន្ថែមតាមរយៈការបង្កើត “អាហារដ្ឋានត្មាត” និងផ្តល់កិច្ចការពារសំបុក និងទីជម្រកធម្មជាតិ។
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជារបស់អង្គការជីវិតសត្វស្លាបអន្តរជាតិបាននិយាយថា៖ «លទ្ធផលនៃការធ្វើជំរឿនសត្វត្មាតក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះបានបង្ហាញនូវសំណៅគួរឱ្យ ព្រួយបារម្ភ ដោយសារជំរឿនត្មាតពីរឆ្នាំជាប់គ្នា (ឆ្នាំ២០១៧ និង២០១៨) យើងកត់ត្រាសត្វត្មាតបានតិចជាង ១៣០ ក្បាល»។
លោកបន្តថា៖«ដើម្បីសង្គ្រោះត្មាតនាំសំណាងរបស់យើងឱ្យផុតពីការវិនាសផុតពូជ យើងត្រូវការ ការគាំទ្រគ្រប់រូបភាពដល់ការអភិរក្សពួកវាពិសេសការចូលរួមពីសហគមន៍មូលដ្ឋាននៅតំបន់នៅមានវត្តមានសត្វត្មាត អ្នកធ្វើសេចក្តីសម្រេចចិត្ត ព្រមទាំងប្រជាជនកម្ពុជាគ្រប់រូប»។
ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ទី០១ ខែកញ្ញា។ គោលបំណង នៃទិវានេះគឺដើម្បីផ្តល់ឱកាសឱ្យអង្គការដែលបានចូលរួមក្នុងការអភិរក្សសត្វនេះធ្វើសកម្មភាពនានា ផ្សព្វផ្សាយពីការងារអភិរក្ស និងបង្កើនការយល់ដឹងពីសត្វត្មាត។ នៅថ្នាក់ជាតិ ព្រឹត្តិការណ៍រួមមួយ នឹងត្រូវប្រារព្ធឡើងនៅរាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៨ នៅផ្សារទំនើបអ៊ីអនម៉ល ទី១។ ដោយឡែកនៅតំបន់គោលដៅដែលមានសត្វត្មាត សកម្មភាពលើកកម្ពស់ការយល់ដឹងជាច្រើន ដូចជាកិច្ចប្រជុំតាមភូមិ និងសាលារៀន ការបញ្ចាំងភាពយន្តអប់រំ… នឹងត្រូវរៀបចំឡើងសម្រាប់ សហគមន៍ និងអាជ្ញាធរមូលដ្ឋាន។
សកម្មភាពលើកកម្ពស់ការយល់ដឹងអំពីសត្វត្មាតអន្តរជាតិត្រូវបានចូលរួមរៀបចំដោយក្រុមការងារ អភិរក្សសត្វត្មាតនៅកម្ពុជាដែលរួមមាន ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ អង្គការ BirdLife អន្តរជាតិ WWF WCS ACCB និងអង្គការជិវិតធម្មជាតិនៅកម្ពុជា។ គម្រោងអភិរក្សសត្វត្មាតនៅកម្ពុជាត្រូវបានផ្តល់មូលនិធិដោយ Mohamed Bin Zayed Species Conservation Fund, MacArthur Foundation, Royal Society for the Protection of Bird, Wildlife Reserves Singapore, Allwetterzoo Münster, Humanscale មជ្ឈមណ្ឌលសំ វាសនា និង Margaret A Cargil Philanthropies៕