បញ្ហាអាកាសធាតុនាំឲ្យទិន្នផលម្រេចកំពតឆ្នាំនេះធ្លាក់ចុះ!

0
686

ខេត្តកំពត ៖ បញ្ហា​អាកាសធាតុ​បាន​និង​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ទិន្នផល​ម្រេច​នៅ​ខេត្ត​កំពត​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ ប៉ុន្តែ​ការធ្លាក់​ចុះ​ដែល​គេ​រំពឹង​ថា​នឹង​មាន​តិចតួច​នេះ​នឹង​មិន​ប៉ះពាល់​ខ្លាំង​ដល់​ទីផ្សារ​នេះ​ទេ​។ នេះ​បើ​យោង​តាម​ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត (KPPA)​។

លោក ងួន ឡាយ ប្រធាន KPPA បាន​ថ្លែង​ថា​លោក​រំពឹង​ថា​សមាជិក​របស់​លោក​នឹង​ប្រមូលផល​ម្រេច​ ៧៥ ​តោន​ប៉ុណ្ណោះ​ត្រឹម​ចុង​រដូវ​ដាំដុះ​ខែ​មិថុនា ដែល​នឹង​ធ្លាក់​ចុះ​ ២៦ ​ភាគរយ​ធៀប​នឹង​ការផលិត​កាលពី​ឆ្នាំ​ ២០១៧​។

លោក​ថ្លែង​ថា​៖ «​ទិន្នផល​តិច​ជាង​កាលពី​ឆ្នាំ​ ២០១៧ ដោយសារ​តែ​កាលពី​ដើមរដូវ ផ្កា​ម្រេច​ជ្រុះ​ច្រើន ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ​»​។ លោក​បន្ថែម​ថា វា​នឹង​មិនមែន​ជា​បញ្ហា​ភា្លមៗ​សម្រាប់​កសិករ​នោះ​ទេ ដោយសារ​តែ​មាន​ការ​បម្រុង​ទុក​គ្រប់គ្រាន់​។

KPPA គឺជា​ស្ថាប័ន​គ្រប់គ្រង​កសិករ​ទាំងអស់​ដែល​ចង់​បាន​ស្លាក​ម្រេច​របស់​ពួកគេ​ជា​ម្រេច​កំពត​ដែល​ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​( GI) ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ឆ្នាំ​ ២០១០​។

សមាជិកភាព​របស់​សមាគម​នេះ​បាន​កើនឡើង​ពី ៣៨៧ គ្រួសារ ដល់ ៤៤០ គ្រួសារ និង​អ្នក​ចែកចាយ​បាន​កើន​ពី​ចំនួន​ ២១ ​ក្រុមហ៊ុន​កាលពី​ឆ្នាំ​ ២០១៧ ដល់ ២៩ ​ក្រុមហ៊ុន​នៅ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​លោក ងួន ឡាយ​។

លោក​បញ្ជាក់​ថា​កាលពី​ឆ្នាំ​​ ២០១៧ សមាជិក​របស់​ក្រុម​នេះ​ផលិត​ម្រេច​បាន​ ១០២ តោន ប៉ុន្តែ​បាន​លក់​ប្រហែល​ ៦៧ ​តោន​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​មាន​ការ​បម្រុង​ទុក​ក្នុង​ស្តុក​ប្រហែល​ ៦០ ​តោន​។

បច្ចុប្បន្ន​តំបន់ GI របស់​ម្រេច​កំពត​មាន​ផ្ទៃដី​ចំនួន​ ២៥០ ហិកតា ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប​ក្នុង​ចំនួន​នោះ ១១០ ហិកតា​មាន​ដើម​ម្រេច​ទុំ និង​អាច​ប្រហែល​ផល​បាន​។

ទោះបី​ជា​អ្នក​ទិញ​មិន​ទាន់​ដាក់​ការបញ្ជា​ទិញ​ម្រេច​ក៏ដោយ ក៏​លោក ងួន ឡាយ បាន​ថ្លែង​ថា លោក​មិន​បារម្ភ​នោះ​ទេ​។ លោក​ថ្លែង​ថា​៖ «​អ្នក​ទិញ​បាន​ប្រាប់​ពួកយើង​រួច​ហើយ​ថា ពួកគេ​នឹង​មក​ដើម្បី​ដាក់​ការបញ្ជាទិញ​»​។ លោក​បន្ត​ថា​៖ «​យើង​មិន​បារម្ភ​អំពី​​ទីផ្សារ​ខ្លាំង​នោះ​ទេ ដោយសារ​តែ​យើង​មាន​ក្រុមហ៊ុន​ចែកចាយ​ច្រើន​រួច​ហើយ​»៕