សម្រស់ ​«ចំការ​ស្នេហ៍» លើកោះឧកញ៉ាតី​ទាក់ចិត្ដ​ទេសចរពិសេស​អ្នកមានគូ

0
5855

​មិន​ឆ្ងាយ​ពី​ភ្នំពេញ​ប៉ុន្មាន​ទេ ពោល​គឺ​​នៅ​​ក្នុង​ភូមិកោះតូច ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល រមណីយ​ដ្ឋាន «ចំការ​ស្នេហ៍» កំពុង​បង្ហាញ​ខ្លួន​ និង​បង្ហើរ​ក្លិនដ៏​ក្រអូបភាយ ដើម្បី​ទទួល​ស្វាគមន៍​ទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស​យុវវ័យ​អ្នក​មាន​គូ និង​គ្រួសារ។

ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៦ បត់​ស្ដាំ​តាម​ក្លោង​ទ្វារវិហារ​ចិន​ហុកតិច តាមផ្លូវលំប្រហែល ១០០ ម៉ែត្រ​បត់​ឆ្វេង​ត្រង់ អ្នក​នឹង​បាន​ឃើញ​កំពង់​ចម្លងព្រែកលៀប ​កោះដាច់ ហើយងាក​ស្ដាំ​អ្នក​នឹង​បាន​ឃើញ​ស្លាក​ កោះឧកញ៉ាតី ខាងស្ដាំ​ដៃមិន​ខាន​​។

ក្រោយ​ពី​ឆ្លង​កំពង់​នេះ​ហើយ អ្នក​ត្រូវ​ធ្វើ​ដំណើរ​​ឆ្លង​ស្ពាន​កោះដាច់ ឆ្ពោះ​ទៅ​មុខ​ត្រង់ រួច​បត់​ឆ្វេង​ត្រង់ នោះ​អ្នក​នឹង​ឃើញ​រមណីយដ្ឋាន «ចំការ​ស្នេហ៍» ដែល​​​បើក​ទ្វារ​ស្វាគមន៍​ទេសចរ​គ្រប់​វេលាកាល។

ហ៊ុម​​ព័ន្ធ​ដោយ​ចម្ការ​ពោតចំម្ការចេកខៀវស្រងាយ់ ​​​ផ្លូវ​ទៅ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ ក្រាល​ដោយ​បេតុង​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ដល់​ភ្ញៀវ​ទេសចរ។

ចំណែក​ក្នុង​បរិវេណ​វិញ មាន​កន្លែង​អង្គុយ​លេងស្ងប់ស្ងាត់​ដូចជា ក្យុស ផ្ទះ​ព្នង ដែល​មិន​គិត​ថ្លៃ​ឈ្នួល លើកលែង​តែ​ភេសជ្ជៈ និង​អាហារ​ហូបចុក ​ដោយទេសចរ​ត្រូវ​ទិញ​សំបុត្រ​ចូល​ទស្សនាប៉ុណ្ណោះ។  ​​​

រមណីយដ្ឋានចំការ​ស្នេហ៍សំបូរ​ដោយ ​​ម្លប់​ឈើ​ដ៏​ត្រជាក់​ ជា​ពិសេសឈើ​ហូប​ផ្លែ ស្វាយ ល្មុត ដួង ត្របែក ខ្វិត… រួម​ទាំង​មាន​​​បរិស្ថាន​ស្អាត និង​ខ្យល់​អាកាស​បរិសុទ្ធ ដែល​នាំ​ឱ្យ​អារម្មណ៍​តប់ប្រមល់​ទាំងប៉ុន្មាន​ រសាត់​បាត់​ទៅ​តាម​វាយោ។

កាន់​តែ​ពិសេស​អ្វី​ដែល​ភ្ញៀវចាប់ចិត្ត គឺ​កន្លែង ​ផ្ទះ​​បង្កើត​ដង្កូវ​នាង និងមាន​​សូត្រ​ធ្វើ​​ដោយ​ដៃ​ដ៏​ប្រណីត របស់​ពលរដ្ឋ​សហគមន៍​តម្បាញ។ ​​​​​នេះ​បើ​តាម​ការ​ឱ្យ​របស់​លោក ពេជ្រ វ៉ាង អ្នកគ្រប់គ្រង​ផ្នែក​សេវា និង​បុគ្គលិក​ប្រចាំ​រមណីយដ្ឋាន​ ចម្ការ​ស្នេហ៍។

លោក​បន្ត​ថា ៖ «បរទេស​ចង់​ឃើញ​ដង្កូវនាង និង​សូត្រ​របស់​ខ្មែរ​យើង ព្រោះ​អី​សូត្រ​យើង​ជា​សូត្រ​ល្អ គេ​ទទួល​ស្គាល់ ហើយ​ពួកគាត់​ចង់​ដឹង​ថា ​ប្រភព​សូត្រ​ល្អ​ពិត​នៅ​ឯណា»។ បើ​តាម​ការ​រៀបរាប់​របស់​លោក ពេជ្រ វ៉ាង ​តម្លៃ​សូត្រ​នៅ​ទី​នេះ​មាន​ចាប់​ពី ៥ ដុល្លារ ដល់ ២០០ដុល្លារ តាម​ទំហំ​ ​និង​ខ្នាត។

រម្មណីយដ្ឋាន «ចំការ​ស្នេហ៍» ក៏មាន​អាង​​ហែល​ទឹក​ធ្វើ​ក្នុង​ទន្លេ​ផ្ទាល់ (​ជម្រៅ​១ ម៉ែត្រ​កន្លះ មាន​បាត និង​ប្រើ​ទឹក​​ទន្លេ) ដោយ​មាន​ប្រព័ន្ធ​បញ្ចេញ​បញ្ចូល​ត្រឹមត្រូវ។ តម្លៃ​ហែល​ទឹក មនុស្ស​ធំ​ត្រូវ​បង់​ថ្លៃ ៤ពាន់​រៀល និង​​​​​​ក្មេង ២ពាន់​រៀល។

មិន​តែ​ប៉ុណ្ណោះ រមណីយដ្ឋាន​មួយ​នេះ មាន​ផ្ទះ​ខ្មែរ​សម្រាប់​ជួល​ជូន​ទេសចរ ដែល​ចង់​ស្នាក់​នៅ​នា​ពេល​​យប់ ដោយ​មាន​សន្តិសុខ​យាមកាមត្រឹមត្រូវ។ ​​​មួយ​យប់​មាន​តម្លៃ​​ប្រហែល ១០ ដុល្លារ​អាមេរិក។ ក្រៅ​ពី​នេះ​ភ្ញៀវ​អាច​​មើល​សត្វ​ស្រុក​ សត្វ​​ព្រៃ​ផ្សេងៗ​រួម​​​​មាន មាន់ កំប្រុក សារិកា​កែវ​ជា​ដើម​​ ដើម្បី​​កម្សាន្ត​អារម្មណ៍នាពេល​ល្ងាច​។

រមណីយដ្ឋានចម្ការស្នេហ៍ដែល​ស្ថិត​នៅ​​លើ​កោះឧកញ៉ាតីនេះ​ បើក​ដំណើរការពី​ម៉ោង ៧ ព្រឹក រហូត​ដល់​ម៉ោង ៥ ល្ងាច ហើយ​​តម្លៃ​​សំបុត្រ​ចូល​​ទស្សនា​សម្រាប់​ខ្មែរ​គឺ ២ពាន់​រៀល ​និង​​១ ដុល្លារ​ ​​​សម្រាប់​​ជន​​បរទេស។ ថ្ងៃ​​ដែល​មាន​ភ្ញៀវ​មក​ទស្សនា​ច្រើន គឺ​ថ្ងៃ​ចុងសប្ដាហ៍ និង​ថ្ងៃ​បុណ្យ​ផ្សេងៗ៕ ​

សូមរីករាយទស្សនាវីដេអូខាងក្រោម៖