តាកែវ៖ ភ្នំជីសូរ ស្ថិតនៅក្នុង ភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានចម្ងាយប្រហែល៦២គីទ្បូមែត្រពីទីក្រុងភ្នំពេញ។

គេអាចធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ ដោយចំណាយពេល១ម៉ោង បន្ទាប់មក បត់ចូលតាមផ្លូវលំចំងាយ៥គីទ្បូមែត្រពីផ្លូវជាតិ។
ប្រសិនបើគេធ្វើដំណើរពីទីរួម ខេត្តតាកែវវិញ គេចំណាយពេលត្រឹមតែ១៥នាទី ប៉ុណ្ណោះក្នុងចំងាយផ្លួវ១៧គីទ្បូមែត្រ។

ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។
ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហើយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។
ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅក្បែរ និងសរសរពេជ្រ៕