​សហគមន៍​ជី​ផាត​អាច​ឲ្យ​ពលរដ្ឋ​ស្ទើរ១០០ភាគរយ​នៅតំបន់នោះ​លែង​ធ្វើ​ចំណាកស្រុក

0
1320

កោះកុង៖ បន្ទាប់ពី​បង្កើតជា​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ចាប់តាំងពី​ឆ្នាំ២០០៧មក បាន​ប្រែ​មុខមាត់​តំបន់​ដាច់ស្រយាល​នេះ​យ៉ាងខ្លាំង គឺ​បាន​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ស្ទើរតែ១០០ភាគរយ។ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង បាន​ងាក​មក​ប្រកប​របរ​ដាំ​ដំណាំ នាំ​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត និង​ប្រក​បរបរផ្សេងៗទៀត ដើម្បី​បំពេញតម្រូវការ​ភ្ញៀវទេសចរ។

លោក សូ លី​ហៀ​ង ប្រធានស្តីទី​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «សម្រាប់​បញ្ហា​ចំណាកស្រុក គឺ​កាត់បន្ថយ​បាន​សឹងតែ១០០ភាគរយ​តែម្តង»។

លោក សូ លី​ហៀ​ង បាន​បន្តថា អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៀត​នោះ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​បែងចែក​ប្រាក់​វិភាគទាន​សម្រាប់​កសាង​ប្រព័ន្ធ​លូ ជួសជុល​ផ្លូវ និង​បែងចែក​ដល់​សមាជិក​ស​ហ​គន៍ ដែល​បម្រើការ​សេវា​ជូន​ភ្ញៀវទេសចរ​នៅក្នុង​សហ​គន៍​ផងដែរ។

បើតាម​ប្រធានស្តីទី​រូបនេះ សព្វថ្ងៃ​ឃុំ​ជី​ផាត​មាន​ប្រជាពលរដ្ឋ​ជាង ៦០០គ្រួសារ ហើយ​មាន​ពលរដ្ឋ ៣៦២គ្រួសារ​ជា​សមាជិក​របស់​សហគម​ន៍ ដូច្នេះ​ពួកគាត់​អាច​ទាញ​ប្រយោជន៍​ពី​សហ​គន៍​ដូចជា៖ ធ្វើជា​ចុងភៅ​ភូមិ ចុងភៅ​ព្រៃ ម​គ្គុ​ទេ្ទ​ស​ក៏​នាំ​ភ្ញៀវ​ដើរ​ទស្សនា​កន្លែង​កម្សាន្ត​នានា​នៅក្នុង​តំបន់​អេកូ​ទេសចរណ៍​ជី​ផាត។

លោក សូ លី​ហៀ​ង បាន​បញ្ជាក់ថា នៅ​ឆ្នាំ១៩៩៨ នៅ​ជី​ផាត មាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ ការទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើស្រែ និង​បរបាញ់​សត្វព្រៃ យ៉ាង​អនាធិបតេយ្យ​ខ្លាំង​មែនទែន ប៉ុន្តែ​ដោយមាន​ការមើលឃើញ និង​ជួយ​ជ្រោមជ្រែង​ពី​អង្គការ វ៉ា​យ​ឡែ​ហ្វ ឡាយ​អ៊ិន បាន​កាត់បន្ថយ និង​លុបបំបាត់​សកម្មភាព​ទាំងនេះ​ជាបណ្ដើរៗ រហូតដល់​មានការ​ចងក្រង​ឯកសារ​មួយចំនួន​ជាមួយ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ចំនួន ៤ភូមិ នៅក្នុង​ឃុំ​ជី​ផាត​នេះ បង្កើត​ទៅជា​សហគមន៍​ឡើង។

សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០០៧ ក្នុង​គោលបំណង​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​ជាដើម៕

 

ប្រភព៖ក្រសួងទេសចរណ៍