រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ព្យាករថា នឹងទទួលបានកំណើនភ្ញៀវទេសចរចិន ១,៧ លាននាក់នៅឆ្នាំនេះ និង ២,៥ លាននាក់នៅត្រឹមឆ្នាំ ២០២០។
ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងចិនបានបង្ហាញពីភាពល្អូកល្អិនក្នុងរយៈពេលចុងក្រោយនេះ ហើយកំណើនវិនិយោគចិន និងទេសចរចិនមកកម្ពុជាត្រូវបានគេមើលឃើញថា មានកំណើនយ៉ាងខ្លាំង។
កាលពីឆ្នាំ ២០១៧ កម្ពុជាទទួលភ្ញៀវទេសចរចិនសរុប ១,២ លាននាក់ដែលជាចំនួននាំមុខគេក្នុងចំណោមទេសចរបរទេសមកកម្ពុជាក្នុងចំណោមទេសចរបរទេសសរុប ៥,៦ លាននាក់។
ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃម្សិលមិញលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ថ្លែងថា៖ «ដោយសារតែកម្រិតជីវភាពរស់នៅជាមធ្យមនៅក្នុងប្រទេសចិនបានកើនឡើង ដូច្នេះកំណើនការមកដល់ភ្ញៀវទេសចរចិននឹងកើនឡើង»។
លោកថ្លែងថា៖ «យើងត្រូវតែលើកកម្ពស់ឆ្នេរដ៏ស្រស់ស្អាត និងប្រាសាទអង្គររបស់យើងនៅក្នុងបដិសណ្ឋារកិច្ចដ៏ល្អដើម្បីទាក់ទាញការចូលមករបស់ភ្ញៀវទេសចរបន្ថែមទៀត»។
លោកបន្ថែមថា គ្រាន់តែឆ្នេរសមុទ្រនៅក្រុងព្រះសីហនុតែមួយ អត្រាកំណើននៃការមកដល់របស់ជនជាតិចិនមានចំនួន ១៧០ ភាគរយ។
លោកថ្លែងថា៖ «យើងចាំបាច់ត្រូវធានាទីក្រុងស្អាត និងបៃតង និងគុណភាពសេវាព្រមទាំងសន្ដិភាព និងសន្ដិសុខជាអ្នកដើរតួនាទីដ៏សំខាន់នៃឆ្នាំ ២០១៨»។
លោកបន្តថា៖ «ខ្ញុំមិនបារម្ភអំពីលំហូរនៃការចូលមករបស់ជនជាតិចិន យើងកំពុងស្ថិតក្នុងទីផ្សារសេរី បើពួកគេគោរពតាមច្បាប់ និងការបង់ពន្ធត្រឹមត្រូវ នោះគឺល្អសម្រាប់ពួកយើង ពេលនេះយើងចាំបាច់ត្រូវលើកកម្ពស់គុណភាពធនធានមនុស្សសម្រាប់ផ្ដល់សេវាល្អ និងទទួលបានការងារជាច្រើន»៕