ភ្នំពេញ៖ លោក គង់ សុភារៈ ប្រធាននាយកដ្ឋានផែនការស្ថិតិ នៃក្រសួងទេសចរណ៍បានប្រាប់រស្មីកម្ពុជាឱ្យដឹងនៅថ្ងៃទី៣ខែវិច្ឆិកាថា រយៈពេលប្រាំបួនខែឆ្នាំ២០១៧នេះ ទេសចរអន្តរជាតិបានចូលមកកម្សាន្តនៅកម្ពុជាបានចំនួនជាង ៣,៩ លាននាក់ គឺកើនបាន ១១,៥ភាគរយ បើធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០១៦ ។
ក្នុងនោះមានតែទេសចរចិនទេដែលបានដណ្តើមឯតទគ្គកម្មមកលើទីផ្សារទេសចរណ៍កម្ពុជា ច្រើនជាងគេក្នុងចំណោមទីផ្សារទេសចរណ៍ ១០ ធំៗមកកម្ពុជា។
មន្ត្រីរូបនេះបានប្រាប់ថា ទេសចរចិនមកកម្ពុជាប្រាំបួនខែនេះមានចំនួនជាង ៨៤ម៉ឺននាក់ គឺកើនជាង ៤០ភាគរត បើធៀបទៅនឹងឆ្នាំ ២០១៦ រយៈពេលដូចគ្នា។ ទេសចរវៀតណាមនៅតែបន្តធ្លាក់ចុះតែក៏នៅជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីទេសចរចិន ។
អ្វីដែលមន្ត្រីរូបនេះបានកត់សំគាល់ឃើញថា ចាប់តាំងពីខែមករា មកដល់ខែកក្កដាទេសចរអន្តរជាតិទាំអស់មកកម្ពុជាមានកំណើនពីរខ្ទង់ ដែលជាកំណើនមួយដែលមិនធ្លាប់មានពិមុនមក ។ក៏ប៉ុន្តែក្នុងខែសីហានិងខែកញ្ញា ឃើញមានសញ្ញាទេសចរអន្តរជាតិមានការធ្លាក់ចុះបន្តិចវិញ គឺស្ថិតក្នុងកំណើន ៥ភាគរយប៉ុណ្ណោះ ។
ចំណែកទេសចរមកពីអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី គឺស្ថិតនៅកំណើនថេរ មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ៕