រដូវចូលឆ្នាំចិន ទេសចរចិនមកលេងសៀមរាបច្រើនធ្វើឱ្យសណ្ឋាគារផ្កាយ ៣-៤-៥ ពេញ

0
1398

(ភ្នំពេញ)៖កាលពីពេលថ្មីៗនេះលោក សុង ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ៧ ខែកុម្ភៈនេះថាភ្ញៀវទេសចិនបានរអ៊ូរឿងកក់បន្ទប់ស្នាក់នៅ នៅក្រុងសៀមរាបមិនបានទេក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ដោយសារទេសចរចិនមកច្រើនពេលគេឈប់សំរាកក្នុងឱកាសបុណ្យចូលឆ្នាំ នាពាក់កណ្តាលខែកុម្ភៈខាងមុខនេះ ។

ភាគច្រើនទេសចរចិនកក់ទុកជាមុនតាមអ៊ីនធឺណិត ហើយគេថាក្រុងសៀមរាបអត់មានបន្ទប់សណ្ឋា គារស្នាក់នៅទេ ។ ក៏ប៉ុន្តែលោក ធឹម សេរីវុឌ្ឍ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាបបានប្រាប់ឱ្យរស្មីកម្ពុជាកាលពីថ្ងៃទី៩ខែកុម្ភៈថាតាមតួលេខបន្ទប់ស្នាក់នៅនៅក្រុងសៀមរាបទាំងអស់មានជាងពីរម៉ឺនបន្ទប់ទាំងតូចទាំងធំ ។

ជាធម្មតាភ្ញៀវទេសចរចិនមកជាក្រុមធំៗ មាន ៣០នាក់ក្នុងមួយក្រុម ឬក៏មាន ៦០នាក់ក្នុងមួយក្រុម ។ ទេសចរប្រភេទនេះចូលចិត្តស្នាក់នៅក្នុងសណ្ឋាគារផ្កាយ ៣, ផ្កាយ ៤ និង ផ្កាយ៥ ។

ជាធម្មតាចំរដូវរងារនៅអឺរ៉ុបផង ធ្វើឱ្យបន្ទប់សណ្ឋាគរទាំងអស់ត្រូវភ្ញៀវកក់ពេញអស់ហើយ ។ ប្រការនេះធ្វើឱ្យទេសចរចិនមកជាក្រុមច្រើនៗយ៉ាងនេះរកកន្លែងស្នាក់នៅមិនបានទេ ។

ទេសចរចិនមិនចូលចិត្តស្នាក់នៅសណ្ឋាគារផ្កាយតូចៗបានទេ។ បើផ្ទះសំណាក់វិញគឺទេសចរចិនមិនសូវស្នាក់នៅទេ។ ម្យ៉ាងទៀតទេសចរចិនមិនចូលចិត្តស្នាក់នៅបែកជាក្រុមតូចបានទេ។បើស្នាក់នៅសណ្ឋាគារណា គឺស្នាក់នៅសណ្ឋាគារនោះទាំងអស់គ្នាតែម្តង។ ដូច្នោះហើយបានជាកើតមានបញ្ហាខ្វះសណ្ឋាគារស្នាក់នៅ បំរើឱ្យទេសចរបរទេស ។

ប្រធានការិយាល័យរូបនេះបានបញ្ជាក់ថា ការខ្វះបន្ទប់សណ្ឋាគារស្នាក់នៅ ប្រភេទផ្កាយធំៗបែបនេះ មិនជាអចិន្ត្រៃយ៍នោះទេ គឺកើតមានតែក្នុងរដូវកាលម្តងៗរយៈពេល៧ ទៅ ១០ថ្ងៃប៉ុណ្ណោះ។ពីព្រោះនេះជាឱកាសបុណ្យចូលឆ្នាំចិនផង និងឱកាសដែលភ្ញៀវអឺរ៉ុប មកអាស៊ីច្រើនផងពេលរដូវធ្លាក់ទឹកកកនៅស្រុកគេ។

ចំណែកសណ្ឋាគារតូចៗ ផ្ទះសំណាក់ល្មមៗនៅតែខ្វះភ្ញៀវដដែល ។ ដូច្នេះមិនចោទជាបញ្ហាដែលថាក្រុងសៀមរាបខ្វះសណ្ឋាគារស្នាក់នៅ ពីសំណាក់ភ្ញៀវទេសចរនោះទេ ។

គួរបញ្ជាក់ថាឆ្នាំ ២០១៧ ទេសចរ ចិនមកលេងខេត្តសៀមរាបបានប្រមាណជាង ១លាននាក់ ជាតួលេខលំដាប់លេខ ១ ដែលភ្ញៀវទេសចរចិនមកច្រើនជាងទេសរជាតិសាសន៍ដទៃៗទៀត៕

ប្រភព៖ rasmeinews