ព្រះសីហនុៈ តបតាមការអញ្ជើញរបស់ប្រធានតំបន់រដ្ឋបាលពិសេសម៉ាកាវ ដោយមានការចូលរួមក្នុងវេទិកានានានៅប្រទេស ចិន អស់រយ់ៈពេល ៥ ថ្ងៃមក នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៩ នេះ ឯកឧត្តម យន្ត មីន អភិបាល នៃ គណៈអភិបាលខេត្ត ព្រះសីហនុ បានត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម យន្ត មីន បានឱ្យដឹងថា ” រដ្ឋបាលខេត្តព្រះសីហនុបានទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋបាលខេត្តរបស់ប្រទេសអាស៊ាន នៅឯម៉ាកាវ និង កោះ ហៃណាន់ ព្រមទាំងបានធ្វើការចូលរួមនៅតាមតំបន់អភិវឌ្ឍន៍មួយចំនួនទៀត ។
ឆ្លៀតឱកាសនោះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបង្ហាញអំពីសក្តានុពលដ៏ល្អរបស់កម្ពុជា ជាពិសេសខេត្ត ព្រះសីហនុ ព្រមទាំងបានអំពាវនាវដល់វិនិយោគិនចិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ។
អ្នកវិនិយោគចិន នៃកោះហៃណាន់ និងម៉ាកាវបានចាប់អារម្មណ៍អំពីសក្តានុពលវិនិយោគនៅកម្ពុជា និង បានសន្យាថានឹងរកពេលវេលាសមស្របមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាជាពិសេសលើ វិស័យទេសចរណ៍ និងឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ ” ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់បទពិសោធន៍នៃការអភិវឌ្ឍខេត្តពីគ្នាទៅវិញទៅមក ការពង្រឹងមិត្តភាព និងសាមគ្គីភាពរវាងគ្នានិងគ្នា។
រដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមក្នុងវេទិកាសន្ទនា ស្តីពីការលើកកម្ពស់ការតភ្ជាប់ អាស៊ាន-ចិន ដើម្បី សេដ្ឋកិច្ច និង កិច្ចសហប្រតិបត្តិការវប្បធម៌ប្រកបដោយនិតន្តរភាព ។
ដោយឡែក រដ្ឋបាល ខេត្តព្រះសីហនុ បន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈខេត្ត-ក្រុងបងប្អូន ចូលរួមវេទិកាអន្តរជាតិនានា ផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ដោយកន្លងមកខេត្ត ព្រះសីហនុ បានចងសម្ព័ន្ធភាព ខេត្ត-ក្រុង បងប្អូន ជាមួយប្រទេស ចិន បានចំនួន ១៦ ខេត្ត ក្រុង ហើយ ។
រដ្ឋបាលខេត្តព្រះសីហនុ គាំទ្រចំពោះការអនុវត្តគោលនយោបាយ ខ្សែក្រវាត់មួយ ផ្លូវមួយ និង ផ្លូវសូត្រសមុទ្យសតវត្សរ៍ទី ២១ របស់ប្រទេស ចិន ដែលបានធ្វើឱ្យទីផ្សារកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ក្លាយជាទីចំណាប់អារម្មណ៍របស់អ្នកវិនិយោគ ចិន ទាំងវិស័យទេសចរណ៍ ពាណិជ្ជកម្ម សំណង់ និង ដឹកជញ្ជូន ។
រដ្ឋបាលខេត្ត ព្រះសីហនុ នឹងបន្តខិតខំសហប្រតិបត្តិការជាមួយ ហៃណាន លើវិស័យទេសចរណ៍ ដោយបង្កើតការហោះហើរត្រង់ពីព្រលានយន្តហោះ ហៃខូ ឬ ពី សាន់យ៉ា មកកាន់ព្រលានយន្តហោះអន្តរជាតិខេត្ត ព្រះសីហនុ ៕