ក្រុមហ៊ុនចិនមួយវិនិយោគដំណាំដំឡូងមីនៅក្រចេះ និងគ្រោងពង្រីកបន្ថែមឲ្យបាន១០ទីតាំងនៅកម្ពុជា

0
2696

ក្រចេះ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅថ្ងៃទី២៣ សីហា នេះ អង្គការ UNDP ប្រចាំកម្ពុជា និងក្រុមហ៊ុន Green Leader ដែលជាក្រុមហ៊ុន វិនិយោគរោងចក្រកែច្នៃដំឡូងមីនៅខេត្តក្រចេះ នឹងចុះកិច្ចព្រមព្រៀងមួយក្នុងការជំរុញលើកកម្ពស់វិស័យដំឡូងមីកម្ពុជា ប្រកបដោយ និរន្តរភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមីរបស់កម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងមូលនិធិរួមគ្នានេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃការបង្កើត និងអនុវត្តគម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមី ក្នុងគោលបំណងបង្កើនការនាំចេញផលិតផលដំឡូងមីស្រស់ ទៅកាន់ទីផ្សារសកល ខណៈដែលគុណភាព និងតម្លៃបន្ថែម ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត គម្រោងនេះក៏មានគោលដៅធានានិរន្តរភាពទីផ្សារដ៏មានស្ថិរភាពមួយសម្រាប់កសិករកម្ពុជាផងដែរ ។

បើតាមលោក ឡុង កែមវិចិត្រ អ្នកនាំពាក្យរងនៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រុមហ៊ុន Green Leader បានចូលមកបោះទុនវិនិយោគនៅកម្ពុជា ដោយបង្កើតរោងចក្រកែច្នៃដំឡូងមីក្នុងខេត្តក្រចេះ ហើយគោលដៅរបស់ពួកគេ នឹងពង្រីក រោងចក្រឲ្យបាន ១០កន្លែងផ្សេងទៀតនៅកម្ពុជា។
លោកបន្តថា៖« តាមយុទ្ធសាស្ត្រពួកយើងកំពុងប្រឹងប្រែងធ្វើយ៉ាងម៉េចឈានទៅរកការលើកកម្ពស់ខ្សែសង្វាក់ផលិតផលដំឡូងមី ព្រោះកន្លងមក អ្វីដែលយើងនាំចេញភាគច្រើនជាដំឡូងមីចំណិត ។ អីចឹង អ្វីដែលយើងរៀបចំជាយុទ្ធសាស្ត្រ គឺយើងកំពុងលើកកម្ពស់ខ្សែសង្វាក់តម្លៃពីផលិតផលមិនទាន់កែច្នៃទៅជាផលិតផលកែច្នៃរួចដូចជា ម្ស៉ៅដំឡូងមី និងសម្បកថ្នាំពេទ្យជាដើម ដែលនេះជាអ្វីដែលយើងកំពុងជំរុញឱ្យមានការលូតលាស់»។

លោកបណ្ឌិត រីឆាត ម៉ាស្ហល សេដ្ឋវិទូនៃអង្គការ UNDP ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ៖« គោលនយោបាយដំឡូងមី នឹងប្រែក្លាយដំឡូងមី ទៅជាដំណាំដែលផ្តល់ទិន្នផល និងប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាកសិករក្រីក្រ និងជាផលិតផលដែលបម្រើការអភិវឌ្ឍឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា ៖« ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ការអនុវត្តគោលនយោបាយ, រចនាសម្ព័ន្ធ និងអភិបាលកិច្ចល្អ ត្រូវតែបង្កើតឡើង ហើយខ្សែសង្វាក់តម្លៃដំឡូងមី ត្រូវបានបែងចែកជាផ្នែកៗ ដើម្បីតភ្ជាប់ជាមួយវិស័យអាទិភាពផ្សេងទៀត »។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា និន្នាការនិងការរំពឹងទុកបានបង្ហាញថា តម្រូវការដំឡូងមីសម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោក នឹងមានកំណើនកាន់តែខ្ពស់ ដែលនេះគឺជាកាលានុវត្តភាពថ្មីសម្រាប់កម្ពុជា ដើម្បីអភិវឌ្ឍន៍សង្វាក់តម្លៃដំឡូងមី តាមរយៈការពង្រឹង និងពង្រីកផលិតកម្ម ការកែច្នៃចំណិតដំឡូងមី និងសមត្ថភាពនាំចេញ សំដៅឆ្លើយតបនឹងតម្រូវការទីផ្សារនាពេលអនាគត ។

លោករដ្ឋមន្ត្រី បន្តថា ដើម្បីចាប់យកនូវកាលានុវត្តភាពនេះ កម្ពុជាចាំបាច់ត្រូវវិនិយោគបន្ថែម និងការឯកភាពជាធ្លុងមួយរវាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងហានិភ័យនានា ដូចជា ភាពទន់ខ្សោយខ្សែសង្វាក់តម្លៃ កង្វះព័ត៌មានទីផ្សារ ការផ្គត់ផ្គង់មិនទៀតទាត់ និងគុណភាពប្រែប្រួលនៃដំឡូងមី ដែលជាកត្តារាំងស្ទះដល់ការលូតលាស់នៃឧស្សាហកម្មដំឡូងមីនៅកម្ពុជា។

យោងតាមរបាយការណ៍អគ្គនាយដ្ឋានកសិកម្មបានបង្ហាញថា កាលពីឆ្នាំ២០១៧ កន្លងទៅ ការនាំចេញផលិតផលចំណិតដំឡូងមីស្ងួតទៅកាន់ទីផ្សារបរទេសមានប្រមាណជាង ២,៣លានតោន ខណៈដែលការនាំចេញដំឡូងមីស្រស់ មានចំនួនជាង៧៥ម៉ឺនតោន ក្នុងនោះប្រទេសថៃ និងវៀតណាម ត្រូវបានចាត់ទុកថា ជាទីផ្សារធំបំផុតក្នុងការនាំចេញ ខណៈទីផ្សារនាំចេញទៅប្រទេសចិនផ្ទាល់ ហាក់មានតិចតួចនៅឡើយ។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេសស្ថិតនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០ នៅលើពិភពលោក ។ ចាប់តាំងពីឆ្នាំ២០១១មក ផ្ទៃដីដាំដុះដំឡូងមីត្រូវបានពង្រីកពី៤០០ពាន់ហិកតា ដល់៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ដោយផ្តល់ទិន្នផលសរុបជាង១៣លានតោន៕