សហគ្រិនខ្មែរមានឱកាសចូលរួមព្រឹត្តិការណ៍ «ពិព័រណ័ចិន-អាស៊ីខាងត្បូងលើកទី៥»

0
729

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយរដ្ឋបាលខេត្តយូណាន់ នឹងរៀបចំ «ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុន​មិញ លើកទី២៥» ។

ព្រឹត្តិការណ៍នេះ​ ធ្វើឡើងចាប់ពីថ្ងៃទី១៤-២០ ខែមិថុនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិ Dianchi ទីក្រុងគុនមិញ ខេត្តយូណាន់ ប្រទេសចិន។

ភាគីចិន បានអញ្ជើញកម្ពុជាចូលរួមព្រឹត្តិការណ៍នេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌ ដោយផ្តល់កម្ពុជានូវការរៀបចំពន្លាជាតិ និងជួលស្តង់ឲ្យក្នុងតម្លៃ ៥០០០យ័ន ក្នុងមួយស្តង់។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម ក៏សូមអញ្ជើញពាណិជ្ជករ អាជីវករ ជាម្ចាស់ក្រុមហ៊ុន និង​សហ​គ្រាសទាំងអស់ ដែលមានបំណងចូលរួម “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និង​ពិព័រណ៍ផលិតផល​នាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥” ឬមានគម្រោងស្វែង​រក​ដៃគូ​វិនិយោគ សូមមេត្តាទំនាក់ទំនងមក នាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្ម ដើម្បីបំពេញបែបបទចុះឈ្មោះ ឲ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ជាកំហិត៕