ក្រុមហ៊ុនចិន Shanghai Hongyuan Investment Co.,Ltd មានបំណងដាក់ទុនរកស៊ី និងកែប្រែខេត្តកំពត ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសមិនធ្លាប់មាននៅកម្ពុជា ព្រមទាំងធ្វើឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ពោលគឺចង់ឱ្យខេត្តនេះទទួលបាននូវភាពជឿនលឿនដូចខេត្តស៊ិនចូវ របស់ប្រទេសចិន ឬដូចប្រទេសសិង្ហបុរីទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក ហុង ងៀន ស្ថាបនិកក្រុមហ៊ុន Shanghai Hongyuan ក្រោយជំនួបពិភាក្សាជាមួយលោក ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១។
លោកបានកត់សម្គាល់ឃើញថា កម្ពុជាមិនទាន់មានគម្រោងទាំងនេះនៅឡើយទេ។ ជាបំណងដ៏ធំរបស់ក្រុមហ៊ុន គឺបានផ្តោតលើការវិនិយោគវិស័យគមនាគមន៍ ដូចជាការធ្វើកំពង់ផែ ព្រលានយន្តហោះ ផ្លូវរថភ្លើងល្បឿនលឿនកំពត-ភ្នំពេញ កំពត-ព្រះសីហនុ និងគម្រោងមួយចំនួនទៀត។
លោកប្រធានក្រុមហ៊ុនបន្តថា លោកក៏បានសំណូមពរឱ្យអាជ្ញាធរខេត្តគាំទ្រ និងស្នើសុំជំនាញពាក់ព័ន្ធរួមសហការ ព្រមទាំងធានាទាំងសន្តិសុខ ក៏ដូចជាផ្លូវច្បាប់ផងដែរ។ តាមការរំពឹងរបស់លោកផ្ទាល់ គម្រោងវិនិយោគដ៏ធំនៅខេត្តកំពតនេះ គឺនឹងអាចដំណើការបានរហូតដល់ទៅ៨០ភាគរយ។
ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ លោក ជាវ តាយ បានមានប្រសាសន៍ថា បំណងក្រុមហ៊ុនមកពីប្រទេសចិនមួយនេះ គឺចង់ធ្វើឱ្យខេត្តកំពតជឿនលឿនដូចបណ្តាក្រុងខេត្តមួយចំនួនរបស់ប្រទេសគេ ស្របពេលកម្ពុជាបច្ចុប្បន្នកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាការធានានូវផ្លូវច្បាប់គ្រប់គ្រាន់សម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកដែលមកបណ្តាក់ទុន។ លើសពីនេះ ក្រុមហ៊ុននេះ បានអះអាងថា នឹងព្យាយាមធ្វើឱ្យល្អជាងបណ្តាក្រុមហ៊ុនទាំងឡាយដែលមាននៅកម្ពុជា។
លោកអភិបាលខេត្តបានបញ្ជាក់ថា ទោះបីនោះជាការអួតអាង ឬយ៉ាងណា ក៏មិនទាន់ដឹងនៅឡើយ ព្រោះពួកគេកំពុងសិក្សា ហើយស្ថិតក្រោមដំណើរទស្សនកិច្ចប៉ុណ្ណោះ។ លោកថា ក្នុងនាមរដ្ឋបាលខេត្ត លោកត្រូវតែស្វាគមន៍ និងជំរុញក្រុមហ៊ុនឱ្យលើកឡើងពីគម្រោងសកម្មភាពជាក់លាក់ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួចបន្តស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលក្នងការសម្រេច៕