ចិនគ្រោងវិនិយោគ ដាំដុះពូជស្រូវ គ្រាប់កន្តុល នៅកម្ពុជាលើផ្ទៃដី ២០ម៉ឺនហិកតា

0
1541

ភ្នំពេញ៖ បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវពូជស្រូវប្រភេទគ្រាប់កន្តុល (Japonica)​ នៅខេត្តកំពង់ស្ពឺរួចមក មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ ហ៊ូ ណាន​ បាននឹងកំពុង មានផែនការសហការជាមួយកសិករដើម្បីដំណាំពូជស្រូវនេះ នៅលើផ្ទៃដី២០ម៉ឺនហិកតា​។នេះ​បើតាម ​ការផ្សព្វផ្សាយ របស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ ហ៊ូ ណាន បានសិក្សាស្រាវជ្រាវរកពូជស្រូវប្រភេទគ្រាប់កន្តុល (Japonica) នៅប្រទេសកម្ពុជាក្នុងគោលបំណងផលិតស្រូវ ប្រមូលកែច្នៃស្រូវ និងនាំអង្ករប្រភេទនេះចេញទៅប្រទេសចិន។

គម្រោងវិនិយោគលើដំណាំស្រូវនេះ មានផែនការសហការជាមួយកសិករដើម្បីដាំដុះលើផ្ទៃដី២០ម៉ឺនហិកតាដោយប្រើប្រាស់ពូជស្រូវកន្តុលតំបន់ត្រូពិច (Tropical Japonica) ដែលបានធ្វើការពិសោធកន្លងមកនៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ទិន្នផលស្រូវនៅកម្ពុជាឱ្យកើនឡើងរហូតដល់៣០% ពោលគឺជួយលើកកម្ពស់អត្រាទិន្នផលស្រូវឱ្យកើនឡើងពី៥ ទៅ៦តោន/ហិកតា។

ជាមួយគ្នានេះ មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ ហ៊ូ ណាន មានគម្រោងសាងសង់រោងចក្រកែច្នៃអង្ករទំនើប ឃ្លាំងស្តុក និងជំរុញការកែច្នៃអង្កររបស់កម្ពុជាឱ្យមានគុណភាពខ្ពស់ស្របទៅតាមស្តង់ដារអន្តរជាតិ ជាពិសេស ជំរុញឱ្យប្រទេសកម្ពុជា ក្លាយជាអ្នកនាំចេញអង្ករដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី។

បន្ថែមពីលើនេះ ដើម្បីជាការឆ្លើយតប ទៅនឹងចក្ខុវិស័យខាងលើ អង្គសិក្ខា-សាលា មានគោលបំណងសំខាន់ៗចំនួន៣ ចំណុចគឺ៖ ១. ផ្សព្វផ្សាយពីពូជស្រូវ ប្រភេទថ្មីនៃអង្ករកន្តុល Japonica ដែលបានធ្វើការពិសោធកន្លងមកនៅក្នុងខេត្តកំពង់ស្ពឺ ២. ណែនាំពីបច្ចេកទេសប្រើប្រាស់ជី របស់មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ ហ៊ូណាន និង៣. ការពិភាក្សាលើការរៀបចំកិច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម៕