ព្រៃវែង : ទន្ទឹមនឹងជំនឿមិនសាបរលាប ភ្នំឈើកាច់ក៏ជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដែលមិន អាចបំភ្លេចបាន ខណៈដែលលោកអ្នកឈានជើងជាន់ទឹកដីខេត្តព្រៃវែងនោះ។ អ្វីដែលជាចំណុចចាប់អារម្មណ៍បំផុតនោះ គឺរមណីយដ្ឋានធម្មជាតិដែលបង្កប់ដោយប្រវត្តិសាស្ត្រកំណើតកម្ពុជា មួយនេះ មានសំឡេងបក្សាបក្សីយំខ្ញៀវខ្ញារ ច្រៀងបំពេលោកអ្នកយ៉ាងពីរោះរណ្តំ លាយឡំជាមួយនឹងសូរសំឡេងខ្យល់ថ្ងួចថ្ងូរល្វើយៗលើទីធ្លាធំទូលាយ និងមានថ្មជាច្រើនតម្រៀបគ្នារដិបរដុប ហាក់បីដូចគេវិចិត្រ។
ដោយជាកន្លែងដែលមានជាប់ពាក់ព័ន្ធទីកំណើតប្រទេសកម្ពុជាដំបូង និងចង់រក្សាឈ្មោះប្រវត្តិសាស្ត្រកុំឲ្យសាបសូន្យនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួម និងមន្ទីរវប្បធម៌ស្រុកខេត្ត ពេលសង្កេតឃើញថា បាភ្នំនេះមានភ្នំ និងមានដើមឈើត្រឈឹងត្រឈៃគួរជាទីចាប់អារម្មណ៍របស់ភ្ញៀវជាតិ និងអន្តរជាតិ ក៏សម្រេចបង្កើតតំបន់ភ្នំឈើកាច់ ជារមណីយដ្ឋានមួយ ដោយដាក់ឈ្មោះថា «នគរភ្នំ»។
រមណីយដ្ឋាននគរភ្នំ ស្ថិតនៅក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមាន ចម្ងាយប្រមាណជា៧៨គីឡូម៉ែត្រ ខាងកើតរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណ៤៥គីឡូម៉ែត្រខាង ត្បូង ខេត្តព្រៃវែង។ បាភ្នំគឺជាកន្លែងមួយជាទីរមនា ព្រោះមានទេសភាពស្រស់ត្រកាល ជាមួយនឹងខ្យល់ត្រជាក់បក់មកល្ហៀកៗ បរបោសអង្អែលអស់កាយភ្ញៀវទេសចរ ដែលបានទៅកម្សាន្តនៅទីនោះឱ្យលង់លក់ដោយមិនដឹងខ្លួន។
ដោយរមណីយដ្ឋាននគរភ្នំមានឈ្មោះ ដូចកំណើតប្រវត្តិសាស្រ្តនោះ លោកអាចារ្យ ប៊ុត ប៊ុនជា ដែលជាប្រធាន គណៈកម្មការប្រចាំនៅតំបន់រមណីយដ្ឋាន នគរភ្នំ បានឲ្យដឹងស្របគ្នានឹងឯកសារប្រវត្តិសាស្ត្រថា រមណីយដ្ឋានបាភ្នំ នេះ ជាប់ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្រ្តខ្មែរសម័យនគរភ្នំ។ លោកតា ប៊ុនជា បន្តថា នៅទឹកដីបាភ្នំឬភ្នំឈើកាច់នេះ គឺជាអតីតរាជធានីខ្មែរដំបូងគេបង្អស់ មានឈ្មោះថា«នគរភ្នំ ឬហ៊្វូណន »ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទ ហ៊ុន ទៀន នៅក្នុងសតវត្សរ៍ទី១។
យោងតាមឯកសារប្រវត្តិសាស្ត្របានឲ្យដឹងថា នៅសម័យហ៊្វូណនមានកំពង់ផែដ៏ធំមួយមានឈ្មោះថា អូរកែវ ដែលបច្ចុប្បន្នស្ថិតនៅវៀតណាមភាគខាងត្បូង។ ហេតុដូចនេះហើយបានជាមានមតិខ្លះចាត់ទុកថា អូរកែវ នេះជារាជធានីដើមបង្អស់របស់ហ៊្វូណន។ រីឯឯកសារខ្លះនិយាយថា រាជធានីរបស់ហ៊្វូណន គឺមានឈ្មោះថា វ័យធបុរៈ (មានន័យថា បុរីនៃអ្នកទាក់សត្វដំរី) នៅជិតភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។
ប្រធានគណៈកម្មការរូបនេះអះអាងថា រមណីយដ្ឋាននគរភ្នំនេះ ថ្វីបើភូមិសាស្រ្តនេះមិនស្ថិតនៅលើទឹកនៃខេត្តដែលគួរជាទី ទាក់ទាញភ្ញៀវទេសចរអន្តរជាតិក៏ដោយ ប៉ុន្តែប៉ុន្មានឆ្នាំចុង ក្រោយ នគេ សម្គាល់ឃើញថា នៅរៀងរាល់ខែមានភ្ញៀវបរទេសមកទស្សនាមិនដែលដាច់ទេ។
ភាពទាក់ទាញនេះត្រូវបាន លោកតា ប៊ុនជា ឲ្យដឹងថា ដោយទីនេះ ជារាជធានីទី១នៃការកកើតនគរខ្មែរ និងជាទឹកដីកំណើតនេនទុំតួអង្គកម្សតក្នុងរឿងទុំទាវ ដ៏ល្បីក្នុងអក្សរសិល្ប៍ខ្មែរនោះ ទើបភ្ញៀវអន្តរជាតិគេស្វែងមកទស្សនា។ ដោយឡែកភ្ញៀវដែលមកទស្សនាច្រើនជាភ្ញៀវជាតិ ពួកគេមកទីនេះដើម្បីបួងសួងសូមសេចក្តីសុខ ព្រោះគេមានជំនឿទៅលើបារមី លោកយាយមេសរ ដែលគេហៅ អ្នកតាមេសរនោះ។
នៅក្នុងបរិវេណរមណីយដ្ឋាននគរភ្នំនេះ មានភ្នំចំនួន៤នៅជាប់គ្នាមាន ភ្នំល្អាង ភ្នំធំ ភ្នំបញ្ជរ និងភ្នំសំពៅ ហើយនៅភ្នំនីមួយៗសុទ្ធតែកន្លែងទស្សនីយភាពដ៏ទាក់ទាញ៕