នៅថ្ងៃទី៦ ឧសភា ឆ្នាំ២០១៨នេះ កម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការរោងចក្រថ្មីមួយទៀតនូវរោងចក្រផលិតម្សៅមី ស្ថិតនៅឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនាគីរី។ រោងចក្រថ្មីនេះនឹងចូលរួមចំណែកយ៉ាងខ្លាំងដល់កសិករខ្មែរ ឱ្យបង្កើនការដាំដុះដំឡូងមីបន្ថែមទៀត សម្រាប់នាំចូលរោងចក្រមុនចេញទៅលក់លើទីផ្សារ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពិនិត្យសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន និងបានជំរុញឲ្យក្រុមហ៊ុនធ្វើការផលិតដោយយកគុណភាពជាចម្បង និងការវេចខ្ចប់ត្រូវបង្ហាញថា ផលិតផលនេះចេញពីខេត្តរតនគិរី ដើម្បីឲ្យមជ្ឈដ្ឋានបានស្គាល់ និងដឹងពីគុណភាពផលិតផរបស់ខេត្ត។
រោងចក្រផលិតម្សៅមីChea Touch Trading Co., Ltd បានយកចិត្តទុកដាក់បង្ករលក្ខណៈងាយស្រួលក្នុងការប្រមូលទិញដំឡូងពីប្រជាកសិករ ផ្តល់ឱកាសការងារដល់អ្នកមូលដ្ឋាន និងរៀបចំស្តង់ដាផលិតកម្មឲ្យបានត្រឹមត្រូវ ជៀសវាងប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
បន្ថែមពីលើនេះរោងចក្រផលិតម្សៅមី នេះបានចូលរួមចំណែកដល់ការដាំដុះដំឡូងមី ឈប់រំពឹងទីផ្សារមិនច្បាស់លាស់មួយចំនួន និងផ្តល់ឱកាសការងារ និងប្រាក់ចំណូលថែមមួយកម្រិតទៀតដល់កសិករខ្មែរយើងនៅខេត្តរតនាគីរី។
កន្លងមកកម្ពុជាយើងបានជួបបញ្ហាទីផ្សារកសិកម្ម ព្រោះតែនៅទីផ្សារបរទេសទទួលបញ្ជាទិញ មិនទៀតទាត់ និងចំនួនច្បាស់លាស់ ហើយកម្ពុជាយើងមិនសូវមានរោងចក្រកែច្នៃវត្ថុធាតុដើម ទើបជួបប្រទះបញ្ហាខាងលើ។ នៅពេលរោងចក្រនេះសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវានឹងបានចូលរួមចំណែកយ៉ាងច្រើនដល់វិស័យកសិកម្មនៅកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ នៅលើពិភពលោក និងលំដាប់ទី៤ នៅក្នុងតំបន់។ ការនាំចេញផលិតផលដំឡូងមីរបស់កម្ពុជា (ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម និងម្សៅដំឡូងមី) បានកើនឡើងពី ០,២២លានតោន ក្នុងឆ្នាំ២០១២ ដល់ជាង ៣,៦លានតោន ក្នុងឆ្នាំ២០១៦។ គិតត្រឹមរយៈពេល ៩ខែដើមឆ្នាំ២០១៧ ការនាំចេញផលិតផលដំឡូងមីកម្ពុជា សម្រេចបានជាង ១,៨លានតោន៕