គោលដៅ​ទេសចរណ៍​ជាច្រើន​របស់​កម្ពុជា កាន់តែ​ត្រូវបាន​អន្តរជាតិ​ចាប់អារម្មណ៍​ខ្លាំងឡើងៗ 

0
686

ភ្នំពេញៈ ក្រោយពី​បាន​ចូលរួម​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ អំពី​គោលដៅ​ទេសចរណ៍​ជាច្រើន នៅក្នុង​ព្រឹត្តិការណ៍​ជាតិ-អន្តរជាតិ​តូចធំ​នានា កម្ពុជា​មានការ​ជឿជាក់​ថា គោលដៅ​ទេសចរណ៍​ជាច្រើន​របស់ខ្លួន កាន់តែ​ត្រូវបាន​អន្តរជាតិ​ចាប់អារម្មណ៍​ខ្លាំងឡើងៗបន្ថែមទៀត នាឱកាស​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (TRAVEX) ដែល​ទើប​ធ្វើឡើង​នៅ​ប្រទេស​វៀតណាម។

ការចូលរួម​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍ នៅក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដឹកនាំ​គណៈប្រតិភូ​ក្រសួងទេសចរណ៍ ក្រុម​សិល្បៈ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រុមហ៊ុន​ឯកជន ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ទេសចរណ៍​អាស៊ាន​លើក​ទី២២ ដែល​ធ្វើឡើង​ស្របពេល​ជាមួយគ្នា​នឹង​វេទិកា​ទេសចរណ៍​អាស៊ាន លើក​ទី៣៨ ចាប់ពី​ថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០១៩ នៅ​ទីក្រុង​ហា​ឡុង ខេត្ត​ក្វាង​នី​ង ប្រទេស​វៀតណាម។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា «ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ» គឺជា​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​អាស៊ាន ដែល​បាន​បង្កើតឡើង​ដើម្បី​ទិញ-លក់​កញ្ចប់​ទស្សនកិច្ច និង​សេវាកម្ម​ទេសចរណ៍ ផ្លាស់ប្ដូរ ចែករំលែក​បទពិសោធ​ន៍ និង​បង្កើត​ភាពជា​ដៃគូ​ក្នុង​ធុរកិច្ច​ទេសចរណ៍​ជាមួយគ្នា សំដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់​អាស៊ាន ឲ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត។

ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍ នា​ឆ្នាំ២០១៩ នេះ​ផងដែរ គេ​សង្កេតឃើញ​មាន​ស្ដង់​ជាង ៣០០ស្ដង់ មាន​អ្នកចូលរួម​ជិត ១,៥០០នាក់ មកពី ៥២ប្រទេស ក្នុងនោះ​មាន​អ្នកលក់​ចំនួន ៦៤០នាក់ អ្នកទិញ (Buyers) ៣៦២នាក់ អ្នកសារព័ត៌មាន (Media) ១៤៥នាក់ ប្រតិភូ​ចូលរួម​ប្រជុំ ៣៤០នាក់ និង​ប្រតិភូផ្សេងៗទៀត​ចំនួន ១៦២នាក់។

ក្រសួងទេសចរណ៍ បាន​ចូលរួម​តាំង​បង្ហាញ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​ដ៏​ទាក់ទាញ​មាន​វប្បធម៌ និង​ធម្មជាតិ ដោយមាន​ក្រុមហ៊ុន​ទេសចរណ៍​ចូលរួម​ចំនួន ១២ក្រុមហ៊ុន ក្នុងនោះ​មាន​សណ្ឋាគារ​ចំនួន៨ ទីភ្នាក់ងារ​ទេសចរណ៍​ចំនួន៣ និង​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ចំនួន១ រួមជាមួយ​សិល្បការិនី​បុរាណ ៣រូប មកពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា។

ក្នុង​រយៈពេល៣ថ្ងៃ នៃ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ប្រតិភូ​ក្រសួងទេសចរណ៍​បានន​ជួបពិភាក្សា​ការងារ ផ្លាស់ប្តូរ​បទពិសោធន៍ និង​ព័ត៌មាន​ជាមួយនឹង​ធុរជន វិនិយោគិន សារព័ត៌មាន និង​អ្នកជំនាញ​ទេសចរណ៍​ជាច្រើន សំដៅ​ជំរុញ​ទេសចរ និង​វិនិយោគិន​មក​ទស្សនា និង​បណ្ដាក់ទុន​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត ក្នុងនោះ​ពន្លា​ក្រសួងទេសចរណ៍​បានទទួល​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា​ជាង ១០០០នាក់។

លោក ប្រាក់ វុទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស ក៏បាន​ធ្វើ​បទ​បង្ហាញ​ទៅដល់​អ្នកសារព័ត៌មាន​អន្តរជាតិ នៅក្នុង​កម្មវិធី Media Briefing អំពី​វឌ្ឍនភាព​នៃ​គោលដៅ​ទេសចរណ៍ ផលិតផល​ទេសចរណ៍ថ្មីៗ ស្ថិតិ​ទេសចរ​ឆ្នាំ២០១៨ និង​ព្រឹត្តិការណ៍​ទេសចរណ៍​អន្តរជាតិថ្មីៗ ដែល​កម្ពុជា​គ្រោង​នឹង​រៀបចំ​នៅ​ឆ្នាំ២០១៩ ឆ្នាំ២០២០ និង​ឆ្នាំ២០២១ ក្នុងនោះ​កម្ពុជា​ក៏មាន​ការផ្សព្វផ្សាយ​អំពី​កម្ពុជា គឺជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ២០២១ និង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ផងដែរ កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ២០២១ ឲ្យ​កាន់តែ​ជោគជ័យ និង​ប្រសើ​ឡើង​បន្ថែមទៀត៕