ទេសចរណ៍​កម្ពុជា​អាច​ទាញ​ចំណូល​បាន$៤០០លាន​ បើសិន​​គ្រប់គ្រង​លើ​ការ​នាំចូល​ផលិតផលបាន

0
905

ភ្នំពេញៈ​ ឧស្សាហកម្ម​ទេសចរណ៍​របស់​​កម្ពុជា​អាច​សន្សំ​ប្រាក់​​បន្ថែម​បាន​​ប្រហែល ​៤០០ ​​​លាន​ដុល្លារ​ ប្រសិន​បើ​មាន​​ការ​គ្រប់គ្រង​ល្អ​ប្រសើរ​លើ​ការ​​នាំចូល​ផលិតផល​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍។​ នេះ​បើ​​​តាម​រដ្ឋមន្ដ្រី​ក្រសួង​​ទេសចរណ៍​។​

ថ្លែង​​ក្នុង​សន្និបាត​ផ្ទៃ​ក្នុង​​របស់​​ក្រសួង​ ​ហើយ​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​​ Facebook កាល​ពី​ម្សិលមិញ​លោក​ ថោង ខុន ​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា ​ប្រសិន​បើ​​កម្ពុជា​​អាច​កាត់​បន្ថយ​​ការ​នាំចូល​​ផលិតផល​​ដែល​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍​បាន ​១០ ​ភាគរយ ​កម្ពុជា​អាច​សន្សំ​ប្រាក់​បាន​ប្រហែល ​៤០០ ​​លាន​ដុល្លារ​សម្រាប់​​ចំណូល​ជាតិ​។

លោក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​​ផលិតផល​ក្នុង​ស្រុក នៅ​ក្នុង​វិស័យ​ទេសចរណ៍ គឺ​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​​ស្ថិរភាព និង​កំណើន​សេដ្ឋកិច្ច​។​ ​លោក​ថ្លែង​ថា៖​ «​​​​បើ​​កម្ពុជា ​[អាច​កាត់​បន្ថយ​] ផលិតផល​នាំចូល​ ​១០ ​ភាគរយ​ យើង​នឹង​ទទួល​បាន​​ប្រហែល ​៤០០ ​លាន​ដុល្លារ​»​។​

លោក​ ថោង​ ខុន ​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​កម្ពុជា​បាន​​នាំចូល​​ផលិតផល​ដែល​បម្រើ​ឲ្យ​វិស័យ​​ទេសចរណ៍ ​២៥ ​ភាគរយ​ ​ដែល​​រួម​មាន​ ស្រា​តម្លៃ​ខ្ពស់ បន្លែ​ សាច់ ​និង​សូម្បី​តែ​គ្រឿង​សង្ហារិម​សម្រាប់​សណ្ឋាគារ​។

វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ រក​ប្រាក់​ចំណូល​បាន ​៤,​៣៥​ ​ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ​មុន​ ហើយ​រំពឹង​ថា ​នឹង​រក​ប្រាក់​ចំណូល​បាន ​៥ ​ពាន់​លាន​ដុល្លារ​​ត្រឹម​ឆ្នាំ ​២០២០​។​​

ប្រទេស ​កម្ពុជា​ រក​បាន​ប្រាក់​ជាង​ ៣៥,​៩៥​ លាន​ដុល្លារ​ពី​ការ​​លក់​​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​​នៅ​ត្រីមាស​ទី​១ ​ឆ្នាំ​នេះ​ ធ្លាក់​ចុះ ​៩,​៣៤ ​ភាគរយ​ធៀប​​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​

លោក​ស្រី ឆៃ ស៊ីវលីន ​ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​បញ្ជាក់​ថា​ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​​មើល​ឃើញ​​កង្វះ​ការ​ផលិត​ក្នុង​ស្រុក​ រហូត​​មក​ដល់​ពេល​នេះ ​ខណៈ​កំណើន​​នៃ​ការ​មក​ដល់​ភ្ញៀវ​ទេសចរ​បន្ត​កើន​ឡើង​។​

លោក​​ស្រី​​ឲ្យ​ដឹង​ថា ការ​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​មាន​​សារៈសំខាន់​​ក្នុង​ការ​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ។​

លោក​​ស្រី​បន្ត​ថា​៖ «​ដូច​ដែល​យើង​​បាន​ដឹង​រួច​ហើយ​ ចំនួន​ភ្ញៀវ​​ទេសចរ​បរទេស​បន្ត​​កើន​ឡើង​ ហើយ​តម្រូវ​ការ​មាន​ច្រើន​ជាង​​​ការ​ផ្គត់ផ្គង់ ​ដូច្នេះ​ប្រទេស​នេះ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ផលិតផល​ផ្សេង​ទៀត​ដើម្បី​ជំនួស​តម្រូវការ»។​ ​

លោក​ស្រី​បន្ត​ថា​៖ «​​ប្រសិន​បើ​យើង​អាច​កាត់​បន្ថយ​ផលិតផល​នាំចូល​ និង​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​​ដោយ​មាន​គុណភាព​ល្អ ខ្ញុំ​ពិត​ជា​ជឿជាក់​ថា ​វា​នឹង​ជួយ​ក្នុង​ការ​​បង្កើន​កេរ្តិ៍​ឈ្មោះ​ប្រទេស​ និង​​ទាក់ទាញ​បេះដូង​​ភ្ញៀវ​​ទេសចរ​ឲ្យ​ស្នាក់​នៅ​កាន់​តែ​​យូរ​»​។​​

ទិន្នន័យ​កាល​ពី ​២-៣ ឆ្នាំ​មុន​ បង្ហាញ​ថា ​កម្ពុជា​​ប្រើប្រាស់​បន្លែ ​៥០០ ​តោន​ក្នុង​ ១ ថ្ងៃ ជាមួយ​​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ចន្លោះ​ពី​ ២០០ ​០០០ ​ដុល្លារ​ទៅ ​៣០០​ ០០០ ​ដុល្លារ​ ខណៈ​ការ​​នាំចូល​​ផ្លែឈើ​ និង​បន្លែ​ប្រហែល ​៤០ ​ភាគរយ​ ដោយ​ចំណាយ​ប្រចាំ​ឆ្នាំ​ប្រហែល ២០០ ​លាន​ដុល្លារ ​ភាគ​ច្រើន​​មក​ពី​វៀតណាម​។​​

លោក​ លូ​ ម៉េង ​សហ​ប្រធាន​​ក្រុម​​ការងារ​វិស័យ​ទេសចរណ៍​ឯកជន​ រដ្ឋាភិបាល ​បាន​ឲ្យ​ដឹង​ថា ​វិស័យ​ទេសចរណ៍​​បាត់​បង់​ប្រាក់​ចំណេញ​ជា​ច្រើន​ ខណៈ​ភាគ​ច្រើន​នៃ​សណ្ឋាគារ​យីហោ​អន្តរជាតិ ​ប្រើប្រាស់​ផលិតផល​នាំចូល​។

លោក​បាន​ថ្លែង​​ថា​៖ «​នោះ​ជា​ការ​ពិត​ហើយ​ ដូច​ដែល​ខ្ញុំ​បាន​កត់​សម្គាល់​​ភាគ​ច្រើន​នៃ​សណ្ឋាគារ​យីហោ​អន្តរជាតិ ប្រើប្រាស់​ស្ទើរតែ​ផលិតផល​នាំចូល​ពី​បរទេស ​ដែល​ប្រទេស​របស់​យើង​​បាត់បង់​ឱកាស​​ក្នុង​ការ​រក​ប្រាក់​ចំណេញ​»។

លោក​បាន​បន្ត​ថា​៖ «​ដំបូង​​យើង​គួរ​តែ​​បង្ហាញ​ដល់​ក្រុម​​វិនិយោគិន ​ក្នុង​ការ​ប្រើប្រាស់​​ផលិតផល​ក្នុង​ស្រុក​ជា​មុន ​មុន​ពេល​​នាំចូល​ ហើយ​រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​​ការ​លើក​ទឹក​ចិត្ត​សម្រាប់​អ្នក​ដែល​ប្រើប្រាស់​​​ផលិតផល​ក្នុង​ស្រុក​ វា​ជា​​អ្នក​ដើរ​តួនាទី​ដ៏​សំខាន់​មួយ ​ដើម្បី​លើក​កម្ពស់​ផលិតផល​របស់​យើង​»៕​