កសិករស្ទឹងត្រែងរួមគ្នានឹងអ្នកជំនាញអភិរក្សត្រយ៉ងយក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច

0
1156

ស្ទឹងត្រែង៖ នៅថ្ងៃទី២៧ ខែធ្នូនេះ ប្រជាកសិករនៅភូមិខិះស្វាយ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នឹងរួមគ្នាជាមួយអ្នកជំនាញ ដើម្បីអភិរក្សសត្វត្រយ៉ងយក្ស​ដែល​ជាសត្វ​ស្លាប​តំណាង​ឱ្យប្រទេស​កម្ពុជាឋ ​ព្រមទាំង ការពារព្រៃឈើជាទីជម្រករបស់វានៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច បន្ទាប់​ពីប្រជាកសិករទទួលបានការទិញផលស្រូវក្នុងតម្លៃខ្ពស់ក្នុងគម្រោង Ibis Rice។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មានរបស់អង្គការ WCS នៅថ្ងៃទី២៧នេះ។

អង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវិធីប្រចំាកម្ពុជា តាមរយៈថវិកាគាំទ្រពី Darwin Initiative និង មូលនិធិ MacArthur Foundation កំពុងធ្វើការ រួមគ្នាជា​មួយ ​ក្រសួង​បរិ​សា្ថន​ និង​មន្ទីរបរិស្ថាន​ខេត្ត​ស្ទឹង​ត្រែង ដើម្បីការពារ ដែនជម្រកសត្វព្រៃក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ដែលមានទំហំ ផ្ទៃដី​១៥០.០០០​ហិកតា។

ដែនជម្រកសត្វព្រៃនេះ គាំទ្រដល់ការរស់នៅ របស់សត្វព្រៃប្រ​ភេទ​រងគ្រោះ​ជិតផុត​ពូជជា​ច្រើន​ប្រភេទ​ដែល​ក្នុងនោះ​រួម សត្វត្រយ៉ងយក្ស ដែលប្រមាណជា ២០ភាគរយ នៃចំនួនវាទាំងអស់ នៅ​លើ​សាកលលោក និងប្រមាណ៥០ភាគរយនៃសត្វត្រយ៉ងចង្កំកស ទាំងអស់នៅលើសាកលលោក។

បច្ចុប្បននេះត្រយ៉ងទាំងពីរប្រភេទ មានវត្តមាននៅតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ការ​ទន្ទ្រាន​យក​ដីព្រៃ​ ព្រមទាំងការបរបាញ់ និងការកាប់ព្រៃឈើខុសច្បាប់ កំពុងតែគំរាមកំហែង ដល់តំបន់ការពារ និង​សត្វព្រៃរស់នៅក្នុងតំបន់នេះផងដែរ។

ដោយមើលឃើញនូវសារៈសំខាន់នៃតួនាទីរបស់ប្រជាសហគមន៍នៅ ក្នុងការងារអភិរក្ស អង្គការជីវិត សត្វស្លាបអន្តរជាតិ បានអនុវត្តនូវ សកម្មភាព​បង្កើន​ជីវភាព​ជាច្រើន​សម្រាប់​ប្រជាសហគមន៍​រស់​នៅ​ជុំវិញ​ ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច។

អង្គការជីវិតសត្វស្លាបអន្តរជាតិ បានស្វែងរកសកម្មភាពដែល​អាចរួម​ចំណែក​ដល់​ការចិញ្ចឹម​ជីវិត​របស់ ប្រជាសហគមន៍ និងស្ថារសន្តិសុខស្បៀងដល់ប្រជាកសិកររស់នៅ ក្រៅតំបន់ការពារ ដែលអាច​ជាការលើកទឹកចិត្តដល់ពួកគាត់ឲ្យ ចូលរួមការពារ កុំឲ្យមានការទន្ទ្រានយកដីព្រៃ ព្រមទាំង​អាចកាត់បន្ថយផល ប៉ះពាល់ចេញពីសកម្មភាពមនុស្សដូចជាការបរបាញ់សត្វព្រៃជាដើម។

ជាដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ អង្គការជីវិតសត្វស្លាប អន្តរជាតិ​បាន​ធ្វើការ​ជាដៃ​គូ​ជាមួយ​គម្រោងIbis Rice និងអង្គការWCS ដើម្បី​អនុវត្ត​កម្មវិ​ធី​បង្កើន​ជីវិភាព​មួយ​ដែលបាន​ និងកំពុង​តែទ​ទួលបានជោគជ័យរួចទៅហើយក្នុងខេត្តព្រះវិហារ។

បង្កើតឡើងដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា គម្រោង Ibis Rice គឺជាគម្រោង​មួយដែល​មិន​ស្វែងរកប្រាក់ចំណូលហើយធ្វើការជាមួយកសិករកម្ពុជា​ ដើម្បីផលិតអង្ករសរីរាង្គ​ដែលមាន​គុណ​ភាព​​លំដាប់ថ្នាក់ពិភពលោក ព្រមទាំងចូលរួមទប់​ស្កាត់​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅក្នុងតំបន់​ការពារ​ធម្មជាតិ​ដែលជាទីជម្រករបស់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជ។

លោក Nicholas Spencer នាយកគម្រោង Ibis Rice បាននិយាយថា៖ “យើង​ចាប់​ផ្តើម​អនុវត្ត​គម្រោង​នៅក្នុងឆ្នាំ២០០៩។”

លោក Nicholas Spencer បានបន្តថា៖ “សូមអរគុណដល់អតិថិជននៅក្នុងប្រទេស កម្ពុជា និងអឺរ៉ុប យើងបាន និងកំពុងតែការពារដីព្រៃ និងតំបន់ដីសើមប្រមាណ ៥០០.០០០ហិកតា និងបានជួយការពារសត្វព្រៃប្រភេទរងគ្រោះ ជិតផុតពូជជាង៥០ប្រភេទ និង​បង្កើន​ប្រាក់​ចំណូល​ដល់ក​សិករ ជាង១០០០គ្រួសារ។

គម្រោងនេះ កំពុងតែទទួលបានជោគជ័យ ហើយយើង​កំពុងតែស្វែង​រកឱកាសពង្រីកទៅកាន់តំបន់ផ្សេងទៀតដែល ជួបប្រទៈបញ្ហា និងមាន​មហិច្ឆតា​ក្នុងការ​ដោះស្រាយ​ដូចគ្នា ហេតុនេះបានជា យើងធ្វើការជាមួយអង្គការ​ជីវិតសត្វស្លាប​អន្តរជាតិនៅដែនជម្រកសត្វព្រៃ​សៀមប៉ាង​ខាងលិចនេះ។”

លោក ទី ស៊្រុន ប្រធានផ្នែកគ្រប់គ្រងប្រចាំតំបន់សៀមប៉ាងរបស់អង្គការជិវិត សត្វស្លាបអន្តរជាតិ បាននិយាយថា៖ “នេះគឺជាឆ្នាំទី០១ដែលយើងអនុវត្ត គម្រោង​បង្កើន​ជីវភាពនេះ​នៅក្នុង​ស្រុកសៀម​ប៉ាង ហើយយើងបានសាក ល្បងអនុវត្តមុនគេនៅភូមិខិះស្វាយដោយមានកសិករចំនួន៤៣គ្រួសារ បាន​ចូលរួម។

យើងមានទំនុកចិត្តយ៉ាងខ្ពស់ថាក្រោយពេលដែលអ្នក ភូមិផ្សេង​ទៀត​បានមើលឃើញអំពី​អត្ថ​ប្រយោជន៍​នៃការចូលរួមជាមួយ គម្រោងIbis Rice នេះ ពួកគាត់​នឹងសម្រច​ចិត្ត​ចូលរួមជា​មួយគម្រោង​ កាន់តែច្រើនឡើង។”

ដើម្បីចូលរួមជាមួយគម្រោងនេះ កសិករត្រូវតែចុះបញ្ចីទំហំផ្ទៃដីស្រែ របស់​ខ្លួននៅ​លើផែនទី​ដែល​មានការ​យល់​ព្រមពីអាជ្ញាធរខេត្ត ហើយពួកគាត់ត្រូវតែគោរពតាមលក្ខខណ្ឌដែលបានកំណត់រួមមាន មិន​ត្រូ​វបរបាញ់សត្វព្រៃ មិនប្រើប្រាស់ជីគីមី និងប្រើថ្នាំសម្លាប់ល្អិត ជាលក្ខណះធម្មជាតិជាដើម។

លោក ជា សុភា មន្ត្រីផ្នែកត្រួតពិនិត្យ និងតាមដាននៃអង្គការជីវិត សត្វស្លាបអន្តរជាតិ បាននិយាយថា៖ “កសិករមិនត្រូវអនុញ្ញាតឲ្យពង្រីក ដីស្រែចូលទៅក្នុងដែនជម្រកសត្វព្រៃឡើយ ហើយត្រូវតែគោរពតាម គោលការណ៍មិនបរបាញ់សត្វព្រៃ និងមិនកាប់ព្រៃឈើនៅក្នុងដែន ជម្រក​សត្វ​ព្រៃ។”

លោកបន្តទៀតថា៖ “នៅក្នុងភូមិយើងមានក្រុម បណ្តាញទីផ្សារភូមិដែលតាមដា ននិង​ធ្វើការធានា​ថា​សមាជិក​​ដែល បានចួលរួមជាមួយគម្រោងបានអនុវត្តតាមលក្ខខណ្ឌដែលបានយល់ព្រម ហើយ​ខ្ញុំប្រើប្រាស់ផែនទីដែលទទួលបានពីផ្កាយរណបដើម្បីតាមដាន និងធានាថាទំហំ​ផ្ទៃដីស្រែ​របស់​ពួកគាត់​មិនត្រូវបានពង្រីកទៅក្នុងដែនជម្រកសត្វព្រៃទៀតឡើយ។”

លោក ទី ស៊្រុន បន្ថែមថា៖ “យើងបានណែនាំគម្រោងនេះទៅកាន់ភូមិ ផ្សេងទៀតក្បែរនោះ ហើយការកំណត់ និងវាស់វែងដីស្រែរបស់ប្រជា សហគមន៍នៅលើផែនទី កំពុងតែ​ដំណើរ​ការនៅ​ភូមិ​ចំនួន​០៣ផ្សេងទៀត​ ហើយភូមិទាំងនេះនឹង​ចូលរួម​ជាមួយ​គម្រោង​បង្កើនជីវ​ភាពនេះ​នៅក្នុង​ឆ្នាំ​២០១៨​នេះ។”

លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចំាកម្ពុជារបស់អង្គការជីវិតសត្វស្លាប អន្តរជាតិ បាននិយាយថា៖ “ជោគ​ជ័យទទួលបានកន្លងមកនេះ កើតចេញពីការរួមចំណែកដ៏សំខាន់របស់មន្ត្រីរដ្ឋាភិបាល និង​អង្គ​ការ មិនមែនរដ្ឋភិបាលជាច្រើនរូប។

អ្នកចួលរួមទាំងអស់នោះ រួមមានមន្ទីរដែនដី និង​នគររូបនី​យកម្ម​ដែល​បាន​ជួយ​ធ្វើការ​កំណត់​ទំហំផ្ទៃដី​ស្រែនៅលើផែនទី ជាមួយបុគ្គលិកអង្គការជីវិតសត្វស្លាបអន្តរជាតិ និងអ្នកភូមិ។

អង្គការ សន្សំម្លប់ព្រៃ និងអង្គការក្រុមអភិវឌ្ឍន៍ជនបទ បានផ្តល់ការណែនាំផ្នែក ទីផ្សារ និង​បច្ចេក​ទេសក​សិកម្ម។ សូមថ្លែងអំណរគុណដល់អភិបាលខេត្ត ស្ទឹង​ត្រែង​ដែល​បាន​គាំទ្រដល់​ការអនុវត្ត​គម្រោង​នេះ។”

លោក ធុន កុក ប្រជាជនរស់នៅភូមិខិះស្វាយ ខេត្តស្ទឹងត្រែង បាននិយាយ ថា៖ “ខ្ញុំពិត​ជារីក​រាយ​ខ្លាំង​ណាស់ដែលបានក្លាយជាសមាជិករបស់គម្រោង Ibis Rice។ គម្រោងបានលើកទឹកចិត្តឲ្យខ្ញុំ និងអ្នក​ភូមិការ​ពារសត្វ​ព្រៃ ប្រភេទរងគ្រោះជិតផុតពូជ និងបញ្ឈប់ការប្រើប្រាស់ជីគីមី។

សំខាន់ជាងនេះ គម្រោង Ibis Rice បានជួយលើកកម្ពស់ជីវភាពប្រជាជននៅក្នុងភូមិពីព្រោះ ពួក​យើង​អាចលក់ស្រូវទៅឲ្យគម្រោងក្នុងតម្លៃខ្ពស់ជាងទីផ្សារ៕”