សូត្រខ្មែរត្រូវបានលើកកម្ពស់ឡើងវិញ តាមរយៈការបណ្ដុះបណ្ដាលដល់ស្រ្ដីតាមសហគមន៍ជនបទ

0
775

តាកែវៈ បន្ទាប់ពីបើកដំណើរការ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈតម្បាញសូត្រ ដោយគាំទ្រដោយធនាគារ Maybank របស់ម៉ាឡេស៊ីឃើញថា វិស័យសូត្រខ្មែរហាក់ស្ទះងើបឡើង វិញយ៉ាងឆាប់រហ័សនាមួយរយៈពេលចុងក្រោយនេះ មជ្ឈមណ្ឌលនេះក៏បានជួយសម្រួល ដល់ជីវភាពប្រជាពលរដ្ឋខ្មែរបានយ៉ាងច្រើន។​

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈតម្បាញសូត្រនេះ ត្រូវបានបើកដោយធនាគារ Maybank និងដំណើរការបានប្រមាណជា១ឆ្នាំកន្លងមកហើយ ដោយមជ្ឈមណ្ឌលនេះបើកទទួលស្រ្ដីខ្មែរជាច្រើនរូប ដោយបង្ហាត់បង្រៀន ឲ្យចេះជំនាញតម្បាញសូត្រ។

បន្ទាប់ពីទទួលបានការគាំទ្រច្រើន ពីសំណាក់ស្រ្ដីខ្មែរ ក្នុងការហាត់រៀននូវចំណេះជំនាញមួយនេះ ធនាគារ Maybank នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ បានបើកដំណើការសាងសងអាគារ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ តម្បាញសូត្រនេះបន្ថែមទៀត ដើម្បីទទួលស្រ្ដីខ្មែរឲ្យសិក្សាជំនាញនេះបន្ថែមទៀត។
ការសាងសង់ពង្រីកអាគារ នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ តម្បាញសូត្រ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ព្រមទាំងអ្នកចូលរួមតម្បាញជាច្រើនរូបទៀតផង។

ការពង្រីកអាគារបន្ថែម នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ តម្បាញសូត្រ របស់ធនាគារ Maybank នឹងបន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្ដល់ឱកាស ដល់បងប្អូនស្រ្តីក្នុងសហគមន៍ ដើម្បីទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ព្រមទាំងបង្កើតឱកាសការងារ ឱ្យពួកគាត់មានលទ្ធភាពស្វែងរកប្រាក់ចំណូលឱ្យក្លាយជាស្រ្តី ដែលអាចរកប្រាក់ចំណូល បានដោយឯករាជ្យ។

លោកស្រី ជា សិរី ក៏បានលើកទឹកចិត្តដល់ស្រ្តីតម្បាញទាំងអស់ ឱ្យខិតខំត្រងត្រាប់រៀនសូត្រ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ។
លោកស្រី សង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នទាំងអស់នឹងបន្តចូលរួមចំណែក យ៉ាងសកម្មក្នុងការវិនិយោគលើការផ្ដល់ចំណេះដឹង និងជំនាញដល់ស្រ្តី មិនថានៅតាមទីក្រុង និងតាមជនបទ៕