នំបញ្ចុកខ្មែរល្បីដល់ទីស្នាក់ការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

0
756
នំបញ្ចុកខ្មែរល្បីដល់ទីស្នាក់ការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

(ហ្សឺណែវ, ស្វីស)៖ នៅឯទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាយប់ថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០១៩ កម្ពុជាត្រូវបានផ្តល់កិត្តិយសធ្វើជាម្ចាស់កម្មវិធីសង្គម និងវប្បធម៌។ នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះមួយផងដែរ ពាក់ព័ន្ធនឹងបញ្ហាសង្គម ក៏ដូចជាវប្បធម៌។

ព្រឹត្តិការណ៍សង្គម និងវប្បធម៌ត្រូវបានប្រព្រឹត្តឡើងយ៉ាងអធិកអធមដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃអង្គការ WTO ក៏ដូចជាមកពីបណ្តារដ្ឋជាសមាជិក និងអង្គការដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។

នំបញ្ចុកខ្មែរល្បីដល់ទីស្នាក់ការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ក្នុងនាមជាម្ចាស់រៀបចំកម្មព្រឹត្តិការណ៍នេះ កម្ពុជាត្រូវបានអនុញ្ញាតឱ្យរៀបចំម្ហូបអាហារ នំចំណីផ្សេងៗសម្រាប់ទទួលភ្ញៀវដែលចូលរួម។ ការធ្វើជាម្ចាស់ផ្ទះជាឱកាសដ៏វិសេសវិសាលសម្រាប់កម្ពុជា ក្នុងការបង្ហាញនូវម្ហូបអាហារ និងនំចំណីផ្សេងៗជូនដល់ភ្ញៀវបរទេស។

ក្នុងចំណោមម្ហូបអាហារ និងនំចំណីដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរនោះ នំបញ្ចុកត្រូវបានរៀបចំជាអាហារពិសេសដាក់នៅដើមតុតែម្តង។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញស្រស់ស្រូបនំបញ្ចុក ហើយក៏បានណែនាំភ្ញៀវបរទេសជាច្រើនរូបផ្សេងទៀតឱ្យស្រស់ស្រូបនំបញ្ចុកផងដែរ មុននឹងណែនាំទៅស្រស់ម្ហូបអាហារដទៃទៀត។

ជាការកត់សម្គាល់ទាំងនំបញ្ចុក និងម្ហូបអាហារខ្មែរដទៃទៀត សុទ្ធតែបានទទួលបានការជាប់ចិត្តពីសំណាក់ភ្ញៀវបរទេសក្រោយពេលពួកគេបរិភោគ៕

ប្រភព៖ Fresh News