អស្ចារ្យកម្ពុជាទម្លាក់ដុំថ្ម បង្កើតជម្រកសិប្បនិម្មិត ក្នុងបាតសមុទ្រក្នុងតំបន់កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះតូច ជាលើកទីបី

0
1165

ខេត្តព្រះសីហនុ ៖ ដុំថ្ម បង្កើតជម្រកសិប្បនិម្មិត ក្នុងបាតសមុទ្រចំនួន១១ដុំ ដែលមានទម្ងន់ ប្រមាណ៣៣តោន ត្រូវទម្លាក់ ចូលបាតសមុទ្រកម្ពុជា ក្នុងតំបន់កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះតូច ជាលើកទីបី ដើម្បីបង្កើតជម្រកសិប្បនិម្មិតសម្រាប់មច្ឆាជាតិ និងជីវៈចម្រុះ ក្នុងដែនសមុទ្រកម្ពុជា។

ពិធីទម្លាប់ដុំថ្ម បង្កើតជម្រកសិប្បនិម្មិត សម្រាប់ហ្វូងមច្ឆាជាតិនេះធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតី នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។

បើតាមការបញ្ជាក់របស់ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក មេបញ្ជាការ ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងជាក្រុមការងារអ្នកស្រាវជ្រាវ និងដាំផ្កាថ្មបាតសមុទ្រកម្ពុជា បានមានប្រសាសន៍ថា “ក្រុមអ្នកស្រាវជ្រាវ និងដាំផ្កាថ្មបាតសមុទ្រកម្ពុជា ពេញមួយយថ្ងៃនេះ បានទម្លាក់ដុំថ្មចំនួន១១ដុំ ដែលមានទម្ងន់៣៣តោន ដើម្បីបង្កើតជម្រកសិប្បនិម្មិត ក្នុងតំបន់កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះតូច ក្នុងខេត្តព្រះសីហនុនេះ”។

លោក ឧត្តមនាវីឯក ទៀ សុខា បានមានប្រសាសន៍ បន្តថា “ថ្ងៃនេះយើងបានទម្លាក់ដុំថ្ម ចំនួន១១ដុំបន្ថែមទៀត ហើយនេះជាលើកទី៣ហើយ ដែលយើងបានចូលរួមអភិរក្ស ជីវៈចម្រុះតំបន់កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះតូច។ ហើយតំបន់កោះតូចនេះ គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មែនទែន ព្រោះផ្កាថ្មតំបន់នេះ ដុះនៅក្នុងទឹកមិនសូវជ្រៅប្រហែល៦ ទៅ៧ម៉ែត្រ ដែលងាយឲ្យអ្នកទេសចរណ៍អាចមុជទឹកមើលបាន”។

លោកឧត្តមនាវីឯក បានបញ្ជាក់បន្ថែមថា “ដុំថ្មដែលទម្លាក់ជាង២០ដុំកន្លងមក បានបង្ហាញលទ្ធផលជាវិជ្ជមានសម្រាប់ក្រុមការងារ ព្រោះមានហ្វូងមច្ឆាតូចធំជាច្រើនបានចូលជ្រក និងបានបង្កើតជីវៈចម្រុះ ជាច្រើនទៀតផងដែរ។ ហើយលទ្ធផល ដ៏ល្អប្រសើរមួយទៀតនោះ ក្រុមអ្នកស្ម័គ្រស្រាវជ្រាវបាតសមុទ្រ បានដាំផ្កាថ្ម៤៨គុម្ព ក្នុងរយៈពេល១ខែដុះដោយជោគជ័យ១០០%។

ជាមួយគ្នានោះដែរ លោកឧត្តមនាវីឯក ទៀ សុខា ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័ន និងក្រុមអ្នកស្ម័គ្រចិត្ត ដែលបានធ្វើសកម្មភាព ដាំផ្កាថ្មក្នុងបាតសមុទ្រ សូមជួយតាមដានផងថាតើ ផ្កាថ្មដែលបានដាំនោះដុះ ឬមិនដុះ។

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ កោតសរសើរ ដល់ក្រុមអ្នកស្រាវជ្រាវ និងដាំផ្កាថ្មបាតសមុទ្រកម្ពុជា និងកងកម្លាំងនៃទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រចំពោះកិច្ចការងារអភិរក្ស ជីវៈចម្រុះ ក្នុងដែនសមុទ្រកម្ពុជា។

នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា “កងទ័ពរបស់យើងបានចូលរួម ពង្រីកតំបន់ទេសចរណ៍ ដើម្បីឲ្យអ្នកទេសចរណ៍ចាប់អារម្មណ៍ថា សមុទ្ររបស់យើងមានផ្កាថ្ម មានត្រីច្រើនប្រភេទ ច្រើនពណ៌ហើយអ្នកទេសចរណ៍ចង់មុជនៅតំបន់នេះ”៕