បវរកញ្ញាពិភពលោកជាអ្នកផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាបន្តទៅកាន់ពិភពលោក

0
716

ភ្នំពេញៈ ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកសាកលវិទ្យាល័យពិភពលោក ឆ្នាំ២០១៧ ក្រោម​ពាក្យ​ស្លោក «ដើម្បីការស្រលាញ់សន្ដិភាព និងមនុស្សធម៌» ឯកឧត្តម ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បានលើកឡើងថា បវរកញ្ញាពិភពលោក គឺជាអ្នកផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា បន្ត​ទៅកាន់ពិភពលោកឲ្យបានស្គាល់ច្បាស់ និងទាក់ទាញកំណើន​ទេសចរបន្ថែម​មកទស្ស​នា​កម្ពុជា។

កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកសាកលវិទ្យាល័យពិភពលោក ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងនៅ​សាលមហោ​ស្រពកោះពេជ្រ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដែលមានបវរកញ្ញាមកពី ៨២ប្រទេស រួម​មាន៨៦នាក់ ក្នុងនោះកម្ពុជាមានចំនួន៣នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា កម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។ ទេសចរណ៍​វប្បធម៌ ពិតជាអាទិភាពចម្បង ផ្អែកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នៅតំបន់​សៀមរាប​-អង្គរ ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ខណៈ​ដែល​ទេសចរណ៍​ធម្មជាតិ​របស់​កម្ពុជា​ ក៏មានសក្តានុពលដ៏ធំធេង អាចប្រកួតប្រជែងក្នុងតំបន់បានយ៉ាងល្អប្រសើរផងដែរ។

ឆ្នាំ២០១៦ វិស័យទេសចរណ៍កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការ​មកដល់​នៃទេសចរ​អន្តរជាតិចំនួនជាង ៥លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣៤០០លាន​ដុល្លារ​អាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និង​ដោយ​ប្រយោល​រាប់​សិបម៉ឺន​នាក់​ទៀត។ ហើយក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរអន្តរ​ជាតិ​មាន​ចំនួនជាង ៤.៣លាននាក់ កើនឡើង ១០.៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។

តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ នៅឆ្នាំ​២០១៧​នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលសរុបប្រមាណ ៥០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារដោយផ្ទាល់បានប្រមាណ ១លាននាក់ ហើយចំនួន​ទេសចរអន្តរជាតិនេះ អាចកើនដល់ប្រមាណ ១០លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាន​នាក់ នៅឆ្នាំ២០៣០ ជាមួយចំណូលសរុបប្រមាណ ១០ ពាន់លានដុល្លារអាមេរិក បង្កើតឱកាសការងារដោយផ្ទាល់ប្រមាណ ២លាននាក់។

ព្រមជាមួយនេះ នៅឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរក្នុងស្រុករំពឹងថានឹងមានចំនួន ១១លាននាក់ និងកើនដល់ប្រមាណ ១៣លាននាក់ នៅឆ្នាំ២០២០ និង ២០លាននាក់ នៅឆ្នាំ២០៣០។

ដើម្បីបង្កើនការចូលរួមរបស់យុវជន ពង្រឹងនូវសិទ្ធិអំណាចរបស់យុវជន ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាកិច្ចការសង្គម លោករដ្ឋមន្ត្រី ថោង ខុន បានផ្តល់នូវអនុសាសាន៍មួយចំនួន ដូចខាងក្រោម៖

ទី១៖ ត្រូវបង្កើននូវឱកាសដល់យុវជនក្នុងការចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច៖ គ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែក​សាធារណៈ ផ្នែកឯកជន អង្គការជាតិ-អន្តរជាតិ ត្រូវបង្កើនកិច្ចសហការ និងខិតខំ​ធ្វើយ៉ាង​ណាឲ្យ​ប្រសើរ​ឡើងនូវបរិយាកាសទីផ្សារការងារ និងសហគ្រិនភាពសម្រាប់យុវជន ពង្រឹង​ភាព​ជាដៃគូ​ជាមួយយុវជនគ្រប់ស្រទាប់វណ្ណៈក្នុងការអប់រំ បណ្តុះបណ្តាល ដើម្បីងាយ​ស្រួល​ឈាន​ទៅ​រក​ទីផ្សារ​ការងារឲ្យកាន់តែទូលំទូលាយ និងពង្រឹងការចូលរួមរបស់យុវជន ដោយផ្តល់​បទពិសោធន៍​ដល់យុវជន។

ទី២៖ ត្រូវជំរុញការចូលរួមរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្ត៖ លើកទឹកចិត្តដល់យុវជន​ក្នុងការ​ចូលរួម​ការងារស្ម័គ្រចិត្តជាលក្ខណៈអន្ដរជាតិ នៅតាមបណ្ដាប្រទេសនានាក្នុងតំបន់ ដោយ​អាចចូល​រួម​បម្រើការងារក្នុងស្ថាប័នផ្សេងៗ ដើម្បីទទួលបានបទពិសោធន៍ ក៏ដូចជា​រួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ជាតិ​ តំបន់ និងសកលលោកទាំងមូល។

ទី៣៖ ត្រូវជំរុញការពង្រឹងសមត្ថភាព និងការអភិវឌ្ឍជំនាញដល់យុវជន៖ យុវជន​ខ្លួន​ឯង​ត្រូវ​បន្ដ​ពង្រឹង​សមត្ថភាព ជំនាញបច្ចេកទេស និងចំណេះធ្វើរបស់ខ្លួនឲ្យបានល្អ។

ជាមួយគ្នានេះ ត្រូវមានការរៀបចំកម្មវិធីតំរង់ទិសនានាឱ្យបានច្រើន ទាំងនៅកម្រិតតំបន់ និងថ្នាក់ជាតិ ដូចជា កម្មវិធីតម្រង់ទិសវិជ្ជាជីវៈសម្រាប់យុវជន កម្មវិធី​តម្រង់​ទិសការ​ងារ​សម្រាប់​យុវជន កម្មវិធីពង្រឹងតួនាទី និងការចូលរួមរបស់យុវជនក្នុងសេវាសាធារណៈ កម្មវិធីជំរុញ​ការចូល​រួម​របស់​យុវជន​ក្នុង​សកម្មភាពស្ម័គ្រចិត្ត និងកម្មវិធី​តម្រង់​ទិសសហគ្រិនភាពសម្រាប់យុវជនវ័យក្មេង៕