បុណ្យ​អុំទូក៣ថ្ងៃទេសចរ​ដើរលេង​កំសាន្ត​តាមខេត្ត​នានា​ទូទាំងប្រទេសប្រមាណ ៩២.៥ ម៉ឺន​នាក់ ខណៈ​រាជធានី​ភ្នំពេញ ៤.៥ លាន​នាក់

0
882

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ​ថា សម្រាប់​ថ្ងៃ​ឈប់សម្រាក ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក លយប្រទីប សំពះ​ព្រះ​ខែ រយៈពេល៣ថ្ងៃ (២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨)នេះ ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កំសាន្ត​នៅតាម រមណីយដ្ឋាន​ទេសចរណ៍​នានា តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​មាន​ចំនួន​សរុប​ប្រមាណ៩២.៥ម៉ឺន​នាក់ ក្នុង​អត្រាកំណើន​ប្រមាណ១៥.៦% ខណៈ​រាជធានី​ភ្នំពេញ​មាន​ចំនួន៤.៥លាន​នាក់ កើនឡើង​ជិត៥០%។

១៖ ភ្ញៀវទេសចរ​ដើរលេង​កំសាន្ត​តាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​ក្នុងនោះ​រួមមាន៖ (មិន​បូក​បញ្ចូល​រាជធានី​ភ្នំពេញ​ទេ)
* ភ្ញៀវ​ជាតិប្រមាណ ៨៤.២ ម៉ឺន​នាក់ ក្នុង​អត្រាកំណើន ១៥.៣%
* ភ្ញៀវ​អន្តរ​ជាតិប្រមាណ ៨.៣ ម៉ឺន​នាក់ ក្នុង​អត្រាកំណើន ១៨.៥%
* សរុប​តាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស៖ ៩២.៥ម៉ឺន​នាក់

២៖ សម្រាប់​រាជធានី​ភ្នំពេញ តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ៤.៥លាន​នាក់ បាន​ចូលមក​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ ហើយ​យ​ក្នុងនោះ ក៏មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ១.២ម៉ឺន​នាក់ បាន​ចូល​ទស្សនា​វេទិការ​បុណ្យអុំទូក ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​ផងដែរ។

ជារួម​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កំសាន្ត​នាឱកាស​បុណ្យអុំទូក​រយៈ​ពេល៣ថ្ងៃ (បូក​ទាំង​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ) មាន​ចំនួន​ប្រមាណ៥.៤៣លាន​នាក់ ក្នុងនោះ​ទេសចរ​អន្តរ​ជាតិប្រមាណ៩.៥ ម៉ឺន​នាក់៕