ភ្នំពេញ៖ គ្រប់ប្រទេសកាន់ព្រះពុទ្ធសាសនា គឺតែងប្រារព្វកម្មវិធីបុណ្យវិសាខបូជាដូចជាប្រទេសខ្មែរជាដើម។ បុណ្យវិសាខបូជា ញជាបុណ្យដ៏សំខាន់បំផុតក្នុងព្រះពុទ្ធសាសនា។ ហើយមកទល់ពេលនេះ ឱវាទរបស់ព្រះអង្គគឺកំពុងតែត្រូវបានចាប់អារម្មណ៍ក្នុងបណ្តាប្រទេសអ៊ឺរ៉ុបផ្នែកខាងសមាធិយ៉ាងខ្លាំង។
ដើមឡើយបណ្តាប្រទេសមួយចំនួនមិនបានទទួសលស្គាល់ព្រះពុទ្ធសាសនាទេដោយគិតថា ព្រះពុទ្ធសាសនាសម្តែងអំពីជំនឿដូនតា។ តែនៅចុងទសវត្សនេះ មានឃើញបរទេសជាច្រើនចូលមកសិក្សាព្រះធម៌ ធ្វើសមាធិច្រើនជាងខ្មែរគួរឱ្យកត់សម្គាល់។ អ្វីដែលធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល និងទទួលស្គាល់គឺនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់បុណ្យវិសាខបូជាជាទិវាបុណ្យអន្តរជាតិ ដោយមានការស្នើសុំពីប្រទេសនានានៅលើសកលលោក ដែលគោរពព្រះពុទ្ធសាសនា ក្នុងនោះរួមទាំងកម្ពុជាផងដែរ។
លោកធម្មបណ្ឌិត ហេង មណីចិន្ដា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍នៅស្រុកសង្កែ ខេត្តបាត់ដំបង បានមានប្រសាសន៍អំពីគោលសំខាន់ៗដែលអង្គការសហប្រជាជាតិបានសម្រេចដាក់បញ្ចូលជាទិវាបុណ្យអន្តរជាតិនេះដូច្នេះថា៖«ព្រោះគេឃើញនូវគុណប្រយោជន៍របស់ព្រះពុទ្ធសាសនាសំខាន់ៗដូចជា៖
ទី១ ជាសាសនាដែលមានចំណាស់យូរ ២៥៦០ឆ្នាំទៅហើយ
ទី២ ជាសាសនាមានគោលការណ៍សន្តិភាព មិនកាប់សម្លាប់គ្នា គោរពសិទ្ធិគ្នាក្នុងការរស់នៅទៅវិញទៅមក
ទី៣ ពុំដែលមានសង្គ្រាមដែលកើតឡើងក្នុងនាមព្រះពុទ្ធសាសនានោះទេ ហើយមានប្រជាជនដល់ទៅជាង ៥រយលាននាក់នាបច្ចុប្បន្ននេះនៅលើពិភពលោកទាំងមូល បានកាន់ព្រះពុទ្ធសាសនា…។កត្តាទាំងអស់នេះហើយដែលអង្គការសហប្រជាជាតិបានលើកតម្លៃព្រះពុទ្ធសាសនា ថា បានចូលរួមចំណែកដ៏ក្រាស់ក្រែលធំធេងណាស់ក្នុងសន្តិភាពពិភពលោកនិងការរួមរស់ជាមួយគ្នាដ៏សុខស្ងប់…»។
ចាប់តាំងពីអង្គការសហប្រជាជាតិបានទទួលស្គាល់វិសាខបូជា ជាទិវាបុណ្យអន្តរជាតិមក ប្រទេសដែលគោរពព្រះពុទ្ធសាសនាជាច្រើននៅលើសកលលោក បាននាំគ្នាប្រារព្ធធ្វើពិធីបុណ្យវិសាខបូជាជាសកល ដោយដាក់ឈ្មោះថា UN-វិសាខ ឬវិសាខបូជានៃអង្គការសហប្រជាជាតិ។
មានហេតុ៣យ៉ាងសំខាន់ៗក្នុងថ្ងៃបុណ្យវិសាខបូជាដែលធ្វើឡើងដើម្បីរំលឹកដល់៖
១-ព្រះអង្គទ្រង់ប្រសូត្រ
ព្រះអង្គទ្រង់ប្រសូតិនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ មុន ពុទ្ធសករាជ ៨០ឆ្នាំ ។ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និង ទេវទហៈ។ ឧទ្យានលុម្ពិនី សព្វថ្ងៃនេះស្ថិតនៅក្នុងប្រទេសនេប៉ាល់ មានចម្ងាយ២៧គ.ម. ពីព្រំដែន នៃប្រទេសឥណ្ឌា ។
២-ព្រះអង្គទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
ព្រះអង្គទ្រង់ត្រាស់ដឹង នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកាវេលា ជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ។ ទីស្ថានដែលព្រះអង្គបាន ត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថាពុទ្ធគយាស្ថិតនៅក្នុង រដ្ឋពីហា ( Bihar ) ប្រទេសឥណ្ឌា។
៣-ព្រះអង្គទ្រង់ចូលព្រះនិព្វាន
ព្រះអង្គទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែកបច្ចូសម័យ មុនពុទ្ធសករាជ ១ថ្ងៃក្នុង ព្រះជន្ម ៨០ឆ្នាំ គត់ ចន្លោះសាលព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា ។ សព្វថ្ងៃនេះ ទីក្រុង កុសិនារា ត្រូវបានគេហៅថា ក្រុងកុសិនាហ្គារ៍ (កុសិនគរ) ឬហៅថាក្រុងកាស្យា ស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេសរបស់ឥណ្ឌា។
ដើម្បីបានបុណ្យកុសល និងបានរួចចាកផុតទុក្ខគ្រប់ជាតិនោះៗ ពុទ្ធសាសនិកគប្បី៖
១.មិនត្រូវធ្វើអំពើបាបទំាងពួង ចំពោះមនុស្ស សត្វ
២.ត្រូវព្យាយាមសន្សំសេចក្តីល្អឱ្យរឿយៗ មានការផ្តល់ក្តីស្រឡាញ់ កាមេត្តា ករុណា
៣.ត្រូវសម្អាតចិត្តឱ្យស្អាត មានចិត្តគំនុំ ខឹងសម្បា ជាដើម៕