ខ្មែរជាច្រើនសោកស្តាយ លោក Beat Richner និងស្នើរាជរដ្ឋាភិបាលសង់រូបសំណាក់លោកនៅកម្ពុជា

0
718

ភ្នំពេញៈ ទាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាលទាំងបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ជា និងទាំងប្រជាពលរដ្ឋបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ លោក Beat Richner ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ជាដោយសារតែបុរសជនជាតិស្វ៊ីសរូបនេះបានបូជាទាំងកម្លាំងកាយចិត្ត ដើម្បីជួយព្យាបាលកុមារកម្ពុជារាប់លាននាក់ ដោយមិនយកប្រាក់កម្រៃអស់រយៈពេលប្រមាណជា ២៥ ឆ្នាំកន្លងមកហើយ។

ជាមួយគ្នានេះក៏មានការអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាសាងសង់រូបសំណាកលោក Beat Richner ដើម្បីឲ្យកូនខ្មែរបានចងចាំពីវីរភាពរបស់លោកផងដែរ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោក Beat Richner កាលពីរសៀលម្សិលមិញថា លោកសោកស្តាយជាទីបំផុតចំពោះមរណភាព និងការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះដែលនេះមិនត្រឹមតែជាការបាត់បង់នូវឥស្សរជនជួយសុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេងសម្រាប់វិស័យសុខាភិបាលកម្ពុជា និងជាការបាត់បង់លោកគ្រូពេទ្យដ៏ឆ្នើមកម្ររកបានផងដែរ។

លោកថ្លែងថា៖ «យើងនឹងខិតខំបន្តនូវបេសកកម្មមនុស្សធម៌របស់ឯកឧត្តមសាស្ត្រាចារ្យ Beat Richner ជាបន្តទៀតដើម្បីសុខភាពកុមារកម្ពុជា មិនឲ្យសាបសូន្យឡើយ»។

ប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ លោក Beat Richner នៅទីស្ដីការក្រសួងសុខាភិបាលកាលពីរសៀលថ្ងៃម្សិលមិញលោក ឆឹង ហ៊ៃលី បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ជាបានថ្លែងថា លោកពិតជាមានការក្ដុកក្ដួលណាស់ ចំពោះការបាត់បង់រូបលោក Beat Richner។

លោកបន្ដថា៖ «ខ្ញុំសោកស្ដាយយ៉ាងខ្លាំងពេលបាត់បង់លោក Beat Richner ដែលជាស្ថាបនិក។ លោក Beat Richner បានលះបង់យ៉ាងខ្លាំងចំពោះគន្ធបុប្ផាជួយកុមារកម្ពុជាអស់ពីចិត្ដពីកាយរហូតដល់លោកធ្លាក់ខ្លួនឈឺ ហើយលោកមិនដែលគិតពីខ្លួនឯងទេ គឺលោកលះបង់ទាំងអស់»។

លោកនិយាយទាំងអួលដើមកថា៖ «ខ្ញុំសូមសំណូមពរថា បើសិនជាអាចសូមរាជរដ្ឋាភិបាលកសាងរូបសំណាកលោក Beat Richner ដើម្បីឲ្យកូនខ្មែរ យើងស្គាល់ថាអ្នកណាជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាព្រោះគាត់បានជួយកូនខ្មែររាប់លាននាក់កន្លងមកនេះដើម្បីឲ្យកូនខ្មែរបានស្គាល់»។

លោក លោក រុន សុផល ជាបុគ្គលិកផ្នែកថែទាំជំងឺទូទៅនៃមន្ទីរពេទ្យគន្ធបុប្ផាសាខាទី ៥ (សាខាវត្ដភ្នំ) ថ្លែងថាលោកពិតជាសោកស្ដាយយ៉ាងខ្លាំង ចំពោះវីរភាពរបស់លោក Beat Richner ដែលលោកខិតខំលះបង់ទាំងកម្លាំងកាយ និងចិត្ដសូម្បីតែអាយុជីវិតក៏មិនដែលគិតដើម្បីឲ្យកុមារកម្ពុជាបានរស់រានមានជីវិតតាមរយៈការទទួលបានការព្យាបាលស្មើៗគ្នាដោយមិនគិតថ្លៃ។

លោកបន្ដថា៖ «ចំពោះការព្យាបាលកូនខ្មែរលោក Beat Richner គាត់មិនដែលគិតថា កុមារណាជាកូនអ្នកមាន ឬអ្នកក្រទេ គាត់តែងតែផ្ដល់ការព្យាបាលដល់អ្នកជំងឺស្មើៗគ្នាតាមរយៈបច្ចេកវិទ្យាទំនើបដែលមាននៅក្នុងពិភពលោក»។

លោកបានស្នើថា៖ «ខ្ញុំបាទ សុំសំណូមពរដល់រាជរដ្ឋាភិបាលសុំសាងសង់រូបសំណាកលោក ដើម្បីតំណាងនូវវីរភាពរបស់លោកដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ដចំពោះកុមារកម្ពុជា និងទុកជាដំណាងឲ្យកូនខ្មែរបានស្គាល់ ព្រោះកន្លងមកគាត់បានសង្គ្រោះកុមាររាប់លាននាក់»។

លោក កាំង ម៉េង បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាមួយរូបទៀតផ្នែកជំនាញ គិលានុបដ្ឋាកដែលបានចូលធ្វើការងារតាំងពីឆ្នាំ ១៩៩៦ (២២ ឆ្នាំ) មកហើយថ្លែងថា៖ «មិនត្រឹមតែរូបខ្ញុំប៉ុណ្ណោះទេ ដែលសោកស្ដាយចំពោះការបាត់បង់ រូបលោក Beat Richner សូម្បីតែក្រុមគ្រួសារ និងសាច់ញាតិខ្ញុំទាំងមូលក៏មានការសោកស្ដាយយ៉ាងខ្លាំងដែរ»។

លោក ឆេង គឹមសេង ប្រជាពលរដ្ឋមួយរូបរស់នៅខេត្ដសៀមរាបដែលបានសូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់រូបលោក Beat Richner ក៏បានស្នើថា៖ «សូមរាជរដ្ឋាភិបាល សាងសង់រូបសំណាកលោក Beat Richner នៅគ្រប់មន្ទីរពេទ្យគន្ធបុប្ផាក្នុងប្រទេសកម្ពុជា»។

ជាមួយគ្នានេះលោក ស្រៀន សុវណ្ណារ័ត្ន ប្រជាពលរដ្ឋរស់នៅភ្នំពេញក៏បានសំណូមពរដែរថា៖ «ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលសាងសង់រូបសំណាករបស់លោក Beat Richner ដើម្បីឲ្យកូនខ្មែរគ្រប់រូបចងចាំ និងដឹងពីវីរភាពរបស់លោក»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងកាលពីម្សិលមិញថា បើសិនជាចង់ឲ្យមានការសាងសង់រូបសំណាកលោក Beat Richner ជាទូទៅគឺត្រូវធ្វើសំណើទៅរាជរដ្ឋាភិបាលជាមុនសិន។

លោកបន្ដថា៖ «ជាធម្មតាគេត្រូវតែធ្វើសំបុត្រស្នើសុំទៅនាយករដ្ឋមន្ដ្រី ដើម្បីឲ្យលោកធ្វើការសម្រេច»។

បើតាមលោក ស៊ីផាន រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណលោក Beat Richner តាមរយៈការផ្តល់មេដាយកិត្ដិយស និងបានផ្ញើសំបុត្រទៅថ្នាក់ដឹកនាំកំពូលប្រទេសស្វ៊ីសដែលលោក Beat Richner រស់នៅរួចហើយ រួមជាមួយនឹងការចូលរួមមរណទុក្ខជាមួយក្រុមគ្រួសាររបស់លោកផងដែរ។

គួរបញ្ជាក់ថាលោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដែលបានទទួលសញ្ជាតិខ្មែរ បានទទួលមរណភាពកាលពីព្រឹកថ្ងៃអាទិត្យទី ៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីសក្នុងជន្មាយុ ៧១ ឆ្នាំដោយរោគាពាធ៕