កម្ពុជាជាប់ឈ្មោះជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី និងជាប្រទេសអំណោយផលផ្នែកសិកម្មនោះ បានចំណាយថវិកាជាង២០០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ដើម្បីនាំចូល បន្លែពីបរទេសមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈផលិតផលក្នុងស្រុកនៅមានបរិមាណទាបនិងតម្លៃខ្ពស់។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ AKP នាពេលថ្មីៗ។
បើតាមរបារណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុង១ថ្ងៃៗកម្ពុជាត្រូវការនាំចូលបន្លែប្រមាណជា៤០០តោន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ស្របពេល ដែលទិន្នផលបន្លែក្នុងស្រុក នៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់ ទៅនឹងតម្រូវការ ទីផ្សារនៅឡើយ ដោយសារតែការដាំដុះរបស់ប្រជាកសិករខ្មែរនៅជួបបញ្ហា និងខ្វះបច្ចេក ទេសក្នុងការផលិតឱ្យទទួលបានបរិមាណច្រើននៅឡើយ។
លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា តាមការសិក្សា របស់លោកគ្រាន់តែផ្សារ១កន្លែងនៅរាជធានីភ្នំពេញ បានដាក់លក់បន្លែប្រមាណជា ៧០តោន ក្នុងនោះមាន៧០ភាគរយ ជាបន្លែនាំមកពីក្រៅប្រទេស ដូចជាប្រទេសថៃ និងវៀតណាមជាដើម ចំណែកបន្លែរបស់ប្រជាកសិករកម្ពុជា មានប្រមាណតែ៣០ភាគ រយប៉ុណ្ណោះ។
លោកបាន បន្តថា ការនាំចូលបន្លែពីក្រៅប្រទេសច្រើនបែបនេះ មូលហេតុដោយសារតែបន្លែទាំងនោះ មានតម្លៃថោក និងស្របពេលដែលកសិករខ្មែរ មិនទាន់អាចដាំដុះបន្លែគ្រប់គ្រាន់សម្រាប់ផ្គត់ ផ្គង់តម្រូវការទីផ្សារ។
លោកបានពន្យល់ថា បញ្ហាអាកាសធាតុ និងខ្វះចំណេះដឹង បច្ចេកទេស របស់កសិករខ្មែរក្នុងការផលិត ក៏ជាមូលហេតុបន្ថែមទៀតផងដែរ។
បើតាមការឱ្យដឹងពីតំណាងកសិដ្ឋានដាំដុះបន្លែបែបសរីរាង្គវិញ លោក គង់ ស៊ីណា បានបញ្ជាក់ថា នៅក្នុង១ថ្ងៃៗបន្លែសរីរាង្គ ដែលត្រូវបានដាំដុះក្នុងកសិដ្ឋានទាំងពីរទីតាំងនៅ ពិជនិល និងស្រែអំបិលរបស់លោក អាចមានសមត្ថភាពផលិតបន្លែបានចំនួន១តោន ក្នុង មួយថ្ងៃ តែអាចបញ្ចេញលក់ទៅលើទីផ្សារ បានតែចំនួន៥០០គីឡូក្រាម ក្នុង១ថ្ងៃប៉ុណ្ណោះ ។
លោកបានបន្ថែមថា ការដាក់លក់បន្លែរបស់កសិដ្ឋានលោកបច្ចុប្បន្ន គឺធ្វើឡើងតាមការចែក ចាយ និងផ្គត់ផ្គង់តាមបណ្ដាសណ្ឋាគារ ភោជនីយដ្ឋានធំៗ និងផ្សារទំនើប ហើយមានបិទ ស្លាកសញ្ញាបន្លែសរីរាង្គផងដែរ ហើយក៏មិនមានដាក់លក់នៅក្នុងទីផ្សារធម្មតានោះទេ ព្រោះថា តម្លៃបន្លែទាំងនេះ អាចខ្ពស់ជាងបន្លែលើទីផ្សារធម្មតា។
បណ្ឌិតយ៉ង សំាងកុមារ ធ្លាប់មានប្រសាសន៍ថា បញ្ហាធំៗរបស់កសិករខ្មែរយើងតែងជួបប្រទះ មាន៣ចំណុច៖កសិករខ្មែរយើងមិនទាន់វិវត្តន៍ខ្លួនទៅជាអ្នកជំនួញ-កសិកម្ម, កសិករខ្មែរនៅមិនទាន់មានទម្លាប់ចេះសហការគ្នាធ្វើកសិកម្មនៅឡើយ និងមិនទាន់មានអ្នកជួយគាំទ្រច្បាស់លាស់លើការងារកសិកម្ម។ កត្តាសំខាន់ទំាងនេះហើយ បានធ្វើឲ្យកសិករខ្មែរ នៅតែក្រីក្រដោយសារការប្រកបរបរកសិកម្មរបស់ខ្លួន។
បណ្ឌិតកសិកម្មរូបនេះបានផ្តល់ដោះស្រាយថា កសិករត្រូវខ្លួនឯងត្រូវចាប់ផ្តើមគិតពីទីផ្សារ មុននឹងផលិតកសិផលណាមួយត្រូវស្វែងយល់ពីទីផ្សារសិន ត្រូវសិក្សាទីផ្សារ ព្រោះយើងលែងផលិតសម្រាប់ផ្គត់ផ្គង់តែខ្លួនឯង គឺផលិតសម្រាប់ផ្គត់ផ្គង់លើទីផ្សារ ប្រែពីកសិករ ទៅជាកសិ-ពាណិជ្ជករ។
ត្រូវសិក្សាទីផ្សារមូលដ្ឋានឲ្យបានច្បាស់លាស់ និងសិក្សានរណាខ្លះជាផ្គត់ផ្គង់មកទីផ្សារនិងដែរ ដើម្បីងាយស្រួលសហការគ្នា ចៀសវាងមានការប្រកួតប្រជែងគ្នាឯង។ ជាពិសេសត្រូវចេះផ្តោតសំខាន់លើអ្វី ដែលខ្លួនត្រូវផលិតច្បាស់លាស់ និងពិតប្រាកដ សម្រាប់បំពេញតម្រូវបរិមាណណាមួយនោះលើទីផ្សារឲ្យទៀងទាត់៕