កម្ពុជា​ស្នើ​ថៃបើក​ច្រកព្រំដែនបន្ថែម ដើម្បី​សម្រួល​ដល់​ការធ្វើដំណើររបស់​ទេសចរ និង​អ្នក​វិនិ​យោគ​

0
675

ភ្នំពេញៈ នៅក្នុង​កិច្ច ប្រជុំ​ក្រុមការងារ​បច្ចេកទេស កម្ពុជា-ថៃ​លើក​ទី៤ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ នា​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ ភាគី​កម្ពុជា​បានលើកឡើង​នូវ​សំណូមពរ​ទៅកាន់ ភាគី​ថៃ​ស្នើឱ្យ​បើក ច្រកទ្វារ​អន្តរជាតិ​បន្ថែមទៀត នៅតាម​ខេត្ត​ជាប់​ព្រំដែន កម្ពុជា-ថៃ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ទៅមក​របស់​ភ្ញៀវទេសចរ ខណៈដែល​កំណើន​ភ្ញៀវ ទេសចរ​កំពុង​មានកា​រ​កើនឡើង។

ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស កម្ពុជា-ថៃ​លើក​ទី៤ ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ ឡឺ បូកគោ​ផា​លេស ដែលមាន​ទីតាំង​នៅលើ​កំពូល ភ្នំ​បូកគោ ខេត្តកំពត ដែល​ភាគី​កម្ពុជា​ដឹកនាំ ដោយ លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍​កម្ពុជា រីឯ​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក អា​រុណ ប៊ុនឆ័យ (Arrun Boonchai) អនុ​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង ទេសចរណ៍ និង​កីឡា​ថៃ។

ក្រោយ​បញ្ចប់​ប្រជុំ​ទ្វេភាគី​ខាងលើនេះ លោក ថោង រដ្ឋ​សក្តិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា «ខេត្ត​ជាប់​ព្រំដែន ដូចជា​ព្រះវិហារ ពោធិ៍សាត់ ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​មួយចំនួនទៀត ដែល​ជាប់​ព្រំដែន​ប្រទេស​ថៃ បានស្នើ​ឱ្យ​ខាង​ថៃ​សម្របសម្រួល បើក​ច្រកព្រំដែន​បន្ថែម​មួយ ចំនួន​ទៀត ដោយសារ​បច្ចុប្បន្ននេះ ខេត្ត​ជាប់​ព្រំដែន​ខាងលើ បានទទួល​ភ្ញៀវទេសច​រ​ជាតិ និង​អន្តរជាតិ​ជាច្រើន គួរកត់សម្គាល់»។

លោក​បន្តថា ខាង​ភាគី​ថៃ​ក៏បាន​ឆ្លើយតប មក​ថា នឹង​យក​សំណូមពរ​ទាំងនេះ ទៅ​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និង​កីឡា​ថៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​របស់​ថៃ ក្នុងការ​ពិចារណា សម្របសម្រួល​បែបបទ ដល់​ភាគី​កម្ពុជា និង​បើក​ច្រករបៀង ឬ​ច្រកទ្វារ​អន្តរជាតិ នៅតាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ ទៅ​ថ្ងៃ​អនាគត។

កម្ពុជា​ក៏បាន​ស្នើឱ្យ​ភាគី​ថៃ ចូលរួម​នៅក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នានា ដូចជា ព្រឹត្តិការណ៍​ជិះ​កង់​អន្តរជាតិ ព្រឹត្តិ​ការប្រកួត​កីឡា​ទូកក្តោង​អន្តរជាតិ កីឡា​ទ្រី​អា​ត្ល​ង់ (Triathlon) រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ និង​ព្រឹត្តិការណ៍​ទេសចរណ៍ធំៗ រួមមាន​ពិធីបុណ្យ​សមុទ្រ បុណ្យ​ទន្លេ និង​វេទិការ​វិនិយោគ​ទេសចរណ៍​លើក​ទី២ ដែល​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​នៅ​ឆ្នាំ២០១។ មួយវិញទៀត កម្ពុជា​ក៏បាន​ជំរុញ​ឱ្យ​ភាគី​ថៃ​បង្កើន​ការវិនិយោគ​លើ​វិស័យ ទេសចរណ៍ នៅតាម​គោលដៅ​សក្តានុពល​មួយចំនួន​នៅ​តំបន់​ភូមិភាគ​ឦសាន និង​ច្រករបៀង​ទេសចរណ៍ ឆ្នេរសមុទ្រ​ភាគខាងត្បូង ពិសេស លើ​ផ្នែក​សណ្ឋាគារ​ស្តង់ដា​អន្តរជាតិ លំដាប់​ផ្កាយ រមណីយដ្ឋាន និង​ភោជនីយដ្ឋានប្រណិតៗ ឆ្លើយតប​នឹង​កំណើន​ទេសចរ។

ភាគី​ទាំងពីរ​ក៏បាន​ព្រមព្រៀងគ្នា​ដែរ ក្នុង​ការតភ្ជាប់​ខ្សែ​ទស្សនកិច្ច​ផ្លូវ​សមុទ្រ​រវាង​កម្ពុជា ថៃ (កោះ​សាមុយ នៃ​ខេត្ត​ស៊ូ​រ៉ា​ត​ធានី ត​មក​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ នៃ​ខេត្តកំពត) ពោលគឺ​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​ផ្លូវ សមុទ្រ​នេះ នឹង​ផ្ដើមឡើង​ក្រោយពេល​កំពង់ផែ​ទេសចរណ៍ អន្តរជាតិ នៃ​ខេត្តកំពត​សាងសង់​រួចរាល់ (ប្រហែល​នៅ​ចុងឆ្នាំ២០១៩ ឬ​ដើមឆ្នាំ២០២០)។

លោក​អគ្គនាយក បាន​បញ្ជាក់ថា ពាក់ព័ន្ធ​វិស័យ​បណ្ដុះបណ្ដាល​វិញ ឆ្លើយតប​ទៅនឹង​សំណូមពរ របស់​ភាគី​កម្ពុជា ភាគី​ថៃ​បាន​ឯកភាព​ជួយ​ជំរុញ​ការងារ បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ ទេសចរណ៍​បន្ថែមទៀត​សម្រាប់​ក្រសួង ទេសចរណ៍ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ខេត្ត​នៅជាប់​ព្រំដែន ខណៈ​ថៃ​កំពុង​ជួយ​បណ្ដុះបណ្ដាល ដល់​មន្ត្រីរាជការ​ក្រសួងទេសចរណ៍ (តាមរយៈ​ការចុះ​អនុស្សរណៈ​ជាមួយ​ក្រសួងទេសចរណ៍ និង​សាកលវិទ្យាល័យ រា​ចា​ម៉ាន់​ហ្កា​ឡា ថា​ន់​យ៉ា​បុរី)។

សូមបញ្ជាក់ថា នា​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្អែក​នេះ នៅ​សណ្ឋាគារ ឡឺ បូកគោ ផា​លេស លើ​កំពូលភ្នំ​បូកគោ​ដដែល នឹងមាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា-ថៃ​លើក​ទី២ផងដែរ៕