រម្មណីយដ្ឋាន​ថ្មី​៤កន្លែង​ទើប​បង្កើតទេសភាព​ហួសថ្លែងជិត​ភ្នំពេញទៀត

0
2668

​រមណីយដ្ឋាន​ទើប​បង្កើត​ថ្មី នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ឡើយ ថែមទាំង​មាន​សម្រស់​ស្រស់ស្អាត ខ្យល់អាកាស​បរិសុទ្ធ គួរ​ឲ្យ​ចង់​ទស្សនា​កម្សាន្ត។

១. រមណីយដ្ឋាន​ថ្មី អង្គរបុរី

តាម​ការចុះផ្សាយ​របស់​វេ​ប​សាយ Kanha តំបន់​ទេសចរណ៍​មួយកន្លែង​ទើបតែ​បង្កើត​ថ្មី មាន​ឈ្មោះថា​អង្គរ​បូរី ហូ​ម​ស្ទេ​យ៍​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ផ្ទោល ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ។ នេះ​គឺជា​គម្រោង​អេកូ​ទេសចរណ៍​បែប​ដំណាំ​ធម្មជាតិ​ទី១ ក្នុងចំណោម​គម្រោង​ទាំង៥៦ទៀត ដែល​បង្កើតឡើង​ដោយ Unique Trip Cambodia ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍។

សម្រាប់​តម្លៃ​បន្ទប់ ម្ហូបអាហារ និង​សេវាកម្មផ្សេងៗ មាន​គោលការណ៍​ច្បាស់លាស់ មិន​កាត់ថ្លៃ​ផ្តេសផ្តាស ដូចជា​បន្ទប់​គ្រែ​មួយ​គេង​បាន​ពីរ​នាក់ មានតម្លៃ​កំណត់​មិន​ឲ្យ​លើសពី១៥ដុល្លារ​ក្នុង​មួយ​យប់ និង​មាន​កញ្ចុះ​នៅជាប់​ជើងភ្នំ​សម្រាប់​អង្គុយលេង មើល​ទេសភាព​ធម្មជាតិ និង​ផ្កាឈូករ័ត្ន​ដ៏​ស្រស់បំព្រង​ថែម​ទៀតផង។

មាន​ភ្ញៀវទេសចរ​ជាច្រើន​បាន​ទៅលេង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ថតរូប​លេង និង​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ និង​ទទួលទាន​អាហារ​យ៉ាង​ឈ្ងុយឆ្ងាញ់។ ជាពិសេស​អង្គរ​បូរី ហូ​ម​ស្ទេ​យ៍ មាន​សេវាកម្ម​ថតរូប​បែប​អាជីព ជូន​ដោយ​ឥតគិតថ្លៃ ដោយ​ប្រើ​កាមេរ៉ា​ដែលមាន​គុណភាព​ខ្ពស់​សម្រាប់អ្នកទេសចរ បាន​ទៅលេង​នៅ​ទីនោះ។

២. រមណីយដ្ឋាន ផ្ទះ​បៃតង (Green House)

រមណីយដ្ឋាន ផ្ទះ​បៃតង (Green House) ជា​កន្លែង​លំហែកាយ​ថ្ងៃ​ឈប់សម្រាក​ដែល​ទើប​បង្កើត​ថ្មី​មួយ​នៅ​ខេត្តកំពត។ ផ្ទះ​បៃតង មាន​បឹង​កា​ឡូ​សម្រាប់​ស្នាក់នៅ មាន​ផាសុកភាព និង​ទេសភាព​បែប​ធម្មជាតិ។ នៅ​បន្ទប់នីមួយៗ មាន​គ្រែ០២ មុង និង​បន្ទប់ទឹក​មួយ អាច​ស្នាក់​ជា​គ្រួសារ និង​មិត្តភក្តិ។

ភ្ញៀវទេសចរ​អាច​ទៅ​សម្រាកកាយ​បន្ធូរ​អារម្មណ៍ ដើរ​ទស្សនា​ការដាំដុះ​ចំការ​ម្រេច​តាមបែប​ប្រពៃណី។ ជាងនេះទៀត ភ្ញៀវ​អាច​ទទួលទាន​អាហារបន្លែស្រស់ៗធម្មជាតិ​បេះ​ពី​ចំការ​ផ្ទាល់ និង​កម្សាន្ត​ជាមួយ​សកម្មភាព​ជាច្រើន​ទៀត ដូចជា ជិះទូក​កា​យ៉ាក ជិះ​កង់ និង​ធ្វើដំណើរ​កម្សាន្ត​តាម​ទូក​ជាដើម។ រមណីយដ្ឋាន​នេះ​ស្ថិតនៅ​ផ្លូវ​ទឹកឈូ ឃុំ​ឧ​ត្តុ​ង្គ​ខ្មែរ ស្រុក​ទឹកឈូ ខេត្តកំពត។

៣. រមណីយដ្ឋាន Kampot River Residence

រមណីយដ្ឋាន​Kampot River Residence ជា​កន្លែង​កម្សាន្ត​ធម្មជាតិ​ដ៏​ស្រស់ស្អាត​មួយ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កំពង់​ក្រែង ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ ខេត្តកំពត។ ទីកន្លែង​នេះ ព័ទ្ធជុំវិញ​ទៅដោយ​ជួរ​ភ្នំ វាលស្រែ​ពណ៌​បៃតងខ្ចី ដងព្រែក​ដែលមាន​ទឹកថ្លា​យង់​គួរ​ឲ្យ​ចង់​គយគន់​មិន​ជិនណាយ។

ក្រៅពី​មាន​ទេសភាព​ស្អាត​ហើយ​រមណីយដ្ឋាន​មួយ​នេះ​ក៏មាន​កន្លែង​ស្នាក់នៅ​ដ៏​មាន​ផាសុកភាព​ផងដែរ គឺមាន​ផ្ទះ​សង់​ពី​ឈើ នៅដាច់ៗពីគ្នា។ ការតុបតែង​នៅ​ខាងក្នុង​មាន​របៀបរៀបរយ តាម​លក្ខណៈ​បុរាណ និង​សម័យ ដែល​អាច​ស្នាក់នៅ​ជា​លក្ខណៈ ក្រុមគ្រួសារ មិត្តភក្តិ ឬ​គូស្នេហ៍ ។

៤. បឹង​កា​ឡូ​បែប​ធម្មជាតិ Yellow Sun Hostel

បឹង​កា​ឡូ​ធម្មជាតិ​មួយ​មាន​ចំងាយ ប្រមាណ ២គីឡូ​មែត្រ ពី​សារមន្ទី​ខេត្តកំពត លោកអ្នក​អាច​លំហែកាយ​ជួបជុំ​ជាមួយ​គ្រួសារ មិត្តភក្តិ ក្នុង​ថ្ងៃ​ឈប់សម្រាក​យ៉ាង​រីករាយ​បំផុត។

Yellow Sun Hostel ដែលជា​កន្លែង​ស្នាក់នៅ​ជា​លក្ខណៈ​បឹង​កា​ឡូ​បែប​ធម្មជាតិ​នៅ​ខេត្តកំពត មាន​សួនច្បារ និង បារ​សម្រាប់​លេង កម្សាន្ត មិនតែប៉ុណ្ណោះ យើង​អាច​ជិះទូក​លេង​កម្សាន្ត​តាម​មាត់បឹង​ទៀតផង។

ដោយឡែក បន្ទប់​ស្នាក់នៅ​វិញ សម្រាប់​ថ្ងៃ​ធម្មតា រឺ​ថ្ងៃបុណ្យ បន្ទប់​បឹង​កា​ឡូ​មាត់ទឹក រឺ​ជិត​មាត់ទឹក តម្លៃ​ត្រឹមតែ ១២ដុល្លារ​ក្នុង​មួយ​យប់។ បោះតង់​មួយ​យប់ ៥ ដុល្លារ មាន​តង់ ពូក ខ្នោ​យ ភួយ និង​កន្សែង​អាច​គេង​បាន​ពី​នាក់។ ជាងនេះទៀត ក៏មាន​បន្ទប់​ប្រ​ភ​ទ​ធំ​បែប Dorm គេង​បាន ១០នាក់ មួយ​នាក់ ៤ដុល្លារ​ក្នុង មួយ​យប់៕